ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភាគីកម្ពុជា-អាមេរិក​​ឯកភាព​ជួប​ចរចា​លើក​ទី​២​នៅ​ស​ប្តា​ហ៍​ទី​១ ខែមិថុនា ជា​ថ្មីទៀត

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ចរចា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក មិន​ទាន់​ទទួល​បានជា​ផ្លែផ្កា​នោះ​ទេ ខណៈ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​នឹង​ជួប​ចរចា​លើក​ទី​២​នៅ​ស​ប្តា​ហ៍​ទី​១ ខែមិថុនា ឆ្នាំ​២០២៥ ខាង​មុខ ។…

រាជធានី​ភ្នំពេញ ៖ ការ​ចរចា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក មិន​ទាន់​ទទួល​បានជា​ផ្លែផ្កា​នោះ​ទេ ខណៈ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​នឹង​ជួប​ចរចា​លើក​ទី​២​នៅ​ស​ប្តា​ហ៍​ទី​១ ខែមិថុនា ឆ្នាំ​២០២៥ ខាង​មុខ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​ក្រុមការងារ​ចំពោះ​កិច្ច​សម្របសម្រួល​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋអាមេរិក ចូលរួម​កិច្ចប្រជុំ​ចរចា​ជុំ​ទី​១ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ជាមួយ​ភាគី​សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​លោក​ជំទាវ Sarah Ellerman អនុប្រធាន​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក ។

ប្រភព​បាន​លើក​ឡើង​ថា ក្នុង​កិច្ចប្រជុំ​ចរចា​ជុំ​ទី​១​នេះ ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​យោបល់​ដោយ​ត្រង់​ទៅ​ត្រង់​មក​ក្នុង​បរិយាកាស យោគយល់​គ្នា លើ​ការ​ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី និង​បាន​ពិភាក្សា​ស៊ីជម្រៅ​លើ​អត្ថបទ​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ ។

ប្រភព​បាន​បញ្ជាក់​ថា «​ភាគី​ទាំង​ពីរ បាន​ឯកភាព​គ្នា​រៀបចំ​កិច្ចប្រជុំ​ចរចា​ជុំ​ទី​២ នៅ​ស​ប្តា​ហ៍​ទី​១ ខែមិថុនា ឆ្នាំ​២០២៥ នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​»​។សូម​ជម្រាប​ថា កាលពី​នៅ​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៥ លោក ដូ​ណា​ល់ ត្រាំ បាន​សម្រេច​កំណត់​ពន្ធគយ​លើ​ប្រទេស​នានា​ជា​សាកល ដោយ​បាន​ដាក់​លើ​ទំនិញ​នាំ​ចូល​ពីកម្ពុជា​ប្រមាណ​៤៩% ដែល​ជា​កម្រិត​ខ្ពស់​មួយ ដើម្បី​ជា​ការ​សងសឹក ខណៈ​កម្ពុជា​យកពន្ធ​នាំ​ចូល​ទំនិញ​ពី​សហរដ្ឋអាមេរិក​វិញ ក្នុង​កម្រិត​៩៧% ។បើ​តាម​លោក​ត្រាំ ការ​ដំឡើង​ពន្ធ​នេះ បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៥ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​៩០​ថ្ងៃ ដោយ​អនុវត្ត​ពន្ធ​១០%​ដដែល ។

អ្នកជំនាញ​មើលឃើញ​ថា ការ​ដំឡើង​ពន្ធ​នេះ គឺ​ដោយសារ​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដោយ​កម្ពុជា បាន​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​ក្នុង​តម្លៃ​ជាង​៩​ពាន់​លាន​ដុល្លារ នៅ​ពេល​ដែល​យក​មក​ចែក​នឹង​១០.៥​ពាន់​លាន​ដុល្លារ ស្មើនឹង​៩៧% ហើយ​យក​៩៧%​ចែក​នឹង​២ គឺ​ស្មើនឹង​៤៩% ។ ថ្មី​ៗ​នេះ អា​មេ​រិ​ក​ក៏​បាន​ដំឡើង​ពន្ធ​ផលិតផល​បន្ទះ​សូ​ឡា​នាំ​ចូល​ពី​កម្ពុជា​៣៥២១% ។

យ៉ាងណា​ក្តី សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា នឹង​ប្រឹងប្រែង​ចរចា​ជាមួយ​សហរដ្ឋអាមេរិក ពាក់ព័ន្ធ​ការ​ប្រកាស​ដំឡើង​ពន្ធ ៤៩​ភាគរយ​លើ​ទំនិញ​កម្ពុជា នាំ​ទៅ​សហរដ្ឋអាមេរិក​។

ពាក់ព័ន្ធ​បញ្ហា​ពន្ធ​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​កត់​សម្គាល់ថា សហរដ្ឋ​អាម៉េរិក​បាន​និង​កំពុង​ខាតបង់​ច្រើន​លើ​ការ​ចំណាយ​នាំ​ចូល​ទំនិញ​ពី​បណ្តា​ប្រទេស​លើពិភពលោក​ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម (Trade Deficits) ដូច្នេះ​ហើយ បានជា​រដ្ឋបាល​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ដាក់​ចេញ​នូវ​អត្រាពន្ធ​នាំ​ចូល​ឆ្លើយ​តប (Recip​rocal Tarifts)​លើ​បណ្តា​ប្រទេស​ដែល​សហរដ្ឋអាមេរិក មាន​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម ។

ជាក់ស្ដែង កម្ពុជា ឡាវ និង​វៀតណាម ត្រូវ​ទទួល​រង​នូវ​អត្រាពន្ធ​នាំ​ចូល​ក្នុង​កម្រិត ៤៩%, ៤៨%, និង​៤៦% រៀង​គ្នា ដោយសារ​សហរដ្ឋអាមេរិក មាន​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​ក្នុង​កម្រិត​៩៧% ជាមួយ​កម្ពុជា ៩៥% ជាមួយ​ឡាវ និង ៩០% ជាមួយ វៀតណាម​។ ដូច្នេះ ការ​ដាក់​អត្រាពន្ធ​នាំ​ចូល​ឆ្លើយ​តប​នេះ មិនមែន​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អត្រាពន្ធ​នាំ​ចូល​ដែល ប្រទេស​ទាំងនោះ​បាន​ដាក់​លើ​ទំនិញ​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​នោះ​ទេ ហើយ​ការ​ដាក់​អត្រាពន្ធ​នាំ​ចូល​ឆ្លើយ​តប​នេះ​ទៀត​សោត​មាន​តែ​៥០% នៃ​អត្រា​ដែល​សហរដ្ឋអាមេរិក​មាន​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ទាំងនោះ តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ