នៅដើមឆ្នាំនេះ សកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេស គឺវិស័យទេសចរណ៍ និងការនាំចេញគឺសុទ្ធតែមានកំណើន ហើយអ្នកវិភាគបានបន្តថា វិស័យស្នូលនៃកំណើនសេដ្ឋកិច្ចទាំងពីរ អាចនឹងបន្តមានកំណើនបន្តទៀត រហូតដល់ដើមត្រីមាសទី៣នៃឆ្នាំ២០២៥ ។

របាយការណ៍ពាណិជ្ជកម្មផ្លូវការ ដែលចេញថ្មីៗនេះបានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញផលិតផលដែលមានតម្លៃសរុបដល់ទៅ៩,១៣ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៥កើនឡើងដល់ទៅ១៤ភាគរយ ។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ទំនិញនាំចេញសំខាន់ៗរួមមានសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ សំបកកង់រថយន្ត និងកសិផលដែលមានសក្តានុពលដូចជា ស្រូវ កៅស៊ូ ដំឡូងមី ចេក ស្វាយ ជាដើម។
ប្រភពដដែលបានបន្តថា គោលដៅនាំចេញកំពូលទាំង៥របស់កម្ពុជាគឺ សហរដ្ឋអាមេរិក វៀត ណាម ជប៉ុន ចិន និងកាណាដា ។ ក្រោពីការនាំចេញ កម្ពុជា បានកត់ត្រាការនាំចូលសរុប១០,៣៦ ពាន់លានដុល្លារក្នុងអំឡុងពេលខែមករាដល់ខែមេសាឆ្នាំនេះ កើនឡើង១៩,៧ភាគរយ ។
ដោយឡែក ក្រសួងទេសចរណ៍វិញបានអះអាងថា នៅត្រីមាសទី១ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន១,៨៣លាននាក់ កើនឡើងប្រមាណជា១៦ភាគរយ ពី១,៥៨លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បាននិយាយថា ប្រទេសថៃនៅតែឈរកំពូលតារាងក្នុងចំណោមអ្នកទេសចរបរទេសដែលមកលេងនៅកម្ពុជា បន្ទាប់មកគឺវៀតណាម និងចិន។ ទេសចរថៃគឺមានប្រមាណជាជាង ៥០ ម៉ឺន កើនឡើង១៩,៥ភាគរយ, វៀតណាមចំនួនជាង៣០ម៉ឺននាក់ កើន ១,៨ភាគរយ ហើយចិនមានជាង ២៨ម៉ឺននាក់ កើនឡើង៥០,៦ ភាគរយ ។
ពាក់ព័ន្ធនឹងស្ថានភាពកំណើននៃការនាំចេញនិងទេសចរណ៍ អ្នកវិភាគមួយរូបបានលើកឡើងថា កំណើននេះនឹងបន្តរហូតដល់ដើមត្រីមាសទី៣ ។
លោកបានបញ្ជាក់ថា «នៅត្រីមាសទី៣ សម្រាប់វិស័យទេសចរណ៍កំណើនអាចបន្តកើនមិនជាបញ្ហាទេ ដោយសារតែសភាពការណ៍ពិភពលោក ដូចជាមិនមានអ្វីចោទឡើងឡើយ ប៉ុន្តែវិស័យពាណិជ្ជកម្មអាចស្រុតចុះមកវិញ»។
លោកបានបញ្ជាក់បន្តថា «ការនាំចេញកម្ពុជាអាចឡើងនិងស្រុតចុះ វាអាស្រ័យទៅលើលទ្ធផលនៃការចរចារពាណិជ្ជកម្មរវាងក្រុមមន្ត្រីកម្ពុជានិងក្រុមមន្ត្រីអាមេរិក ដែលកំពុងតែធ្វើនៅរសៀលថ្ងៃទី១៣ ទី១៤ និង ពេញមួយថ្ងៃទី ១៥ ខែ ឧសភា នេះឯង »។
លោកបានបន្តទៀតថា ជាការពិត ចាប់ពីពេលនេះតទៅ វិស័យទេសចរណ៍នៅកម្ពុជាក៏ឈានដល់រដូវធ្លាក់ចុះហើយ ដោយសារតែវាជារដូវភ្លៀង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ដោយសារកិតិ្តនាមកម្ពុជាត្រូវបានគេធ្វើការផ្សព្វផ្សាយរាងវិជ្ជមានច្រើន ជាពិសេស គឺប្រាសាទអង្គរវត្តនោះ ភ្ញៀវទេសចរបរទេសអាចបន្ត មកលេងបន្ថែមទៀត ។
ដោយឡែក សម្រាប់ការនាំចេញវិញ វាអាចនឹងស្រុតចុះដោយសារតែបញ្ហាពន្ធបដិការដែលកំណត់ដោយសហរដ្ឋអាមេរិក ។ លោកបានបន្តថា នៅពេលនេះ រាល់ការបញ្ជាទិញពីអាមេរិក
អាចនឹងបង្កើនយ៉ាងគំហុករហូតដល់រយៈពេលនៃការពន្យាពេលអនុវត្តពន្ធបដិការ៩០ថ្ងៃដែលនឹងបញ្ចប់នៅក្នុងរង្វង់សប្តាហ៍ទី១នៃខែកក្កដា ប៉ុន្តែក្រោយពេលនោះ គឺមិនច្បាស់នៅឡើយ ។
លោកបានបន្តថា នៅពេលនេះយើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងយល់ពីស្ថានភាពពិតរបស់កម្ពុជា ហើយបន្តអនុគ្រោះចំពោះកម្ពុជានៅក្នុងនាមជាប្រទេសដែលមានការអភិវឌ្ឈន៍តិចហើយកំពុងតែប្រឹងប្រែងដើម្បីរំដោះខ្លួនចេញពីលក្ខខណ្ឌនេះ ។
ចែករំលែកព័តមាននេះ