ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​៤​នាក់​ហើយ ក្រុម​យុវជន​ប្រដាប់​ដោយ​កា​បិត ពូថៅ បើក​ឆាកប្រយុទ្ធ​គ្នា​ដូច​ក្នុង​រឿង

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​យុវជន​ដែល​បើក​ឆាកប្រយុទ្ធ​ដេញ​កាប់​គ្នា​ដូច​រឿង​ចិន​ហុងកុង កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ក្រោយ​វត្ត​នាគ​វ័ន ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក សហការ​ស្រាវជ្រាវ​បង្ក្រាប​បានជា​បន្តបន្ទាប់​ចំនួន​៤​នាក់​ហើយ…

រាជធានី​ភ្នំពេញ ៖ ក្រុម​យុវជន​ដែល​បើក​ឆាកប្រយុទ្ធ​ដេញ​កាប់​គ្នា​ដូច​រឿង​ចិន​ហុងកុង កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ក្រោយ​វត្ត​នាគ​វ័ន ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក សហការ​ស្រាវជ្រាវ​បង្ក្រាប​បានជា​បន្តបន្ទាប់​ចំនួន​៤​នាក់​ហើយ គឺ​ទាំង​ពីរ​ក្រុម​តែ​ម្តង ។ សូមរំលឹកដែរថា៖ បង្ក្រា.ប​​ក្មេ.ង​ទំនើ.ង​២​ក្រុម​ ឃាត់ខ្លួន​​១០​នាក់​ និង​ដកហូត​ដាវ ​កាំបិ.ត​ជា​ច្រើន ក្រោយធ្វើសកម្មភាព២ករណី

តាម​នគរបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​អំពើ​ហិង្សា​រវាង​ក្មេង​ទំនើង​ពី​ក្រុម​ដេញ​កាប់​គ្នា​ទៅ​វិញ​ទៅ​មក កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់ គឺ​២​ក្រុម​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល ១៩ និង​១៥​នាទី បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​ទាំង​ពីរ​ក្រុម​បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស(​ក្មេង​ទំនើង​២​ក្រុម​ប្រើ​ដាវ​,​ពូថៅ​,​ដុំ​ថ្ម និង​ដាវ​កែ​ច្នៃ កាប់​និង​គប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្ដាល​ឱ្យ​របួស​ទាំង​សងខាង​) ។

តាម​នគរបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ទី​១-​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០៣​នាក់ ទី​១-​ឈ្មោះ ជ័យ ម៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ និង​២-​ឈ្មោះ ជ័យ ដា​រ៉ា​រ៉ា​ន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ ឃាត់ខ្លួន​នៅ​ចំណុច​បន្ទប់​ពិគ្រោះ​ជំងឺ​ទូទៅ​មួយ​កន្លែង លើ​ផ្លូវជាតិ​លេខ​០៥ ក្រុម​ទី​៧ ភូមិក សង្កាត់​ច្រាំង​ចំ​រះ​២ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​វេលា​ម៉ោង​ប្រហែល​១៩:០០​នាទី នា​ថ្ងៃ​ដដែល ទី​៣-​ឈ្មោះ ជ័យ ប៊ុ​ន​សាក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​លេខ​A11 ផ្លូវ​បេតុង ក្រុម​ទី​៨ ភូមិ​ខ សង្កាត់​ច្រាំង​ចំ​រះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ចាត់ការ​តាម​នីតិវិធី ។

ដោយឡែក ក្រុម​ទី​២ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ ចាន់ វាសនា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែ ឃាត់ខ្លួន​នៅ​ចំណុច​លើ​ដងផ្លូវ​រថភ្លើង ក្រុម​ទី​១០៤ ភូមិ​២២ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​កាល ពី​វេលា​ម៉ោង​ប្រហែល​២២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែឧសភា​ឆ្នាំ ២០២៥ នេះ​។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ពីរ​ក្រុម​នេះ បន្ទាប់​ពី​ជនសង្ស័យ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ហិង្សា​ដោយ​ចេតនា នៅ​ចំណុច​លើ​ដងផ្លូវ​រថភ្លើង ក្រុម​ទី​១០៤ ភូមិ​២២ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​១៦ និង​២​នាទី​រសៀល​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ខ្លះ​បាន​រង​របួស​ផង​ដែរ ដូច​ជា
ជនសង្ស័យ​ឈ្មោះ ជ័យ ម៉ា​រ៉ា​ឌី របួស​ជាំ​ដើមទ្រូង​, ជនសង្ស័យ​ឈ្មោះ ជ័យ ដា​រ៉ា​រ៉ា​ន់ របួស​ភ្លៅ​ស្ដាំ​ដេរ​០៨​ថ្នេរ​។ ចំណែក​ភាគី​ទី​២ ជន​រង​គ្រោះ​ឈ្មោះ អ៊ិ​ន ចាន់​ធី ហៅ​ធី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សន្តិសុខ​ស្នាក់​នៅផ្ទះ​លេខ​១៥១ ផ្លូវ​រថភ្លើង ក្រុម​ទី​១០៥ ភូមិ​២២ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​រង​របួស​របួស​ស្នាម​ក្បាល និង​ខ្នង​ដោយសារ​ក្រុម​ជនសង្ស័យ​០៣​នាក់ ឈ្មោះ ជ័យ ម៉ា​រ៉ា​ឌី , ឈ្មោះ​ជ័យ ដា​រ៉ា​រ៉ា​ន់ និង​ឈ្មោះ ជ័យ ប៊ុ​ន​សាក់ កាប់​នៅ​ពេល​កើតហេតុ ។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​បង្ក​ហិង្សា​នេះ សមត្ថកិច្ច​ដក​រហូត​វត្ថុ​តាង​ចាប់​យក​មាន​៖

ពូថៅ​ដៃ ដង​ឈើ ចំនួន​០១ (​ចាប់​យក​ពី​ឈ្មោះ ជ័យ ដា​រ៉ា​រ៉ា​ន់​) និង​ម៉ូតូ​០១​គ្រឿង​ម៉ាក winnerx ស៊េរី​2023 ពណ៌​ក្រហម ភ្នំពេញ 1KV-0112 មួយ​គ្រឿង​។
នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​ដក​រហូត​ចាប់​យក​វត្ថុ​តាង​រួម​មាន​៖
១-​ឈើ​ជ្រុង​ចំនួន​០១ មាន​ប្រវែង​ប្រហែល​៥​តឹក ។
២-​ញញួរ​សម្រាប់​ដក​ដែកគោល​ចំនួន​០១ (​ចាប់​យក​នៅ​កន្លែង​កើតហេតុ​) ជា​របស់​បក្ខពួក​ជនសង្ស័យ​ឈ្មោះ ចាន់ វាសនា ប្រើ​វាយ​និង​កាប់​នៅ​ពេល​កើតហេតុ​រួច​បោះចោល​នៅ​កន្លែង​កើតហេតុ​ហើយ​រត់គេច​ខ្លួន​បាត់ ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០២៥ មាន​ក្រុម​យុវជន​២​ក្រុម ប្រដាប់​ទៅ​ដោយ​កាំបិត ពូថៅ ញញួរ បាន​ដេញ​កាប់​និង​គប់​គ្នា​ប្រសាច​នៅ​តាម​ដងផ្លូវ​រថភ្លើង​ខាងក្រោយ​វត្ត​នាគវ័ន ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​ការ​ប្រើ​អំពើ​ហិង្សា​នេះ គឺ​ដូច​រឿង​ចិន​ហុងកុង ។

បន្ទាប់​ពី​មាន​អំពើ​ហិង្សា​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក ក៏​បាន​ចុះ​ទៅ​ស្រាវជ្រាវ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់ គឺ​ក្រុម​ទី​១​ចំនួន​៣​និង​ក្រុម​ទី​២​ម្នាក់ ។ បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្​ឌទួលគោក ដើម្បី​សាកសួរ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ