ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩​ថ្មី «ជេ​អ៊ិ​ន​១» គំ.រា.ម.កំ.ហែ.ង​៖ ស.ម្លា.ប់​មនុស្ស​១.៦០២​នាក់មិន​ដល់​១​ខែ

1 ម៉ោង មុន
  • ភ្នំពេញ

មេរោគ​កូ​វី​ដ​១៩​ដែល ​យើង​លែង​ខ្លាច​លែង​បារម្ភ​ជា​ទូទៅ​ប្រមាណ​ជា២​ទៅ​៣​ឆ្នាំ​មក​ហើយនោះ គឺ​បាន​វិវត្តន៍​ថ្មី​មួយ​បែប​ទៀត ដែល​ក្រសួងសុខាភិបាល​បាន​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ ២០២៥ ខណៈ​ដែល​អង្គការ​សុខភាព​ពិភពលោក ​បាន​អះអាង​ថា​ ២៨​ថ្ងៃ​ចុង​ក្រោយ​មេរោគ​កូ​វី​ដ​១៩…

មេរោគ​កូ​វី​ដ​១៩​ដែល ​យើង​លែង​ខ្លាច​លែង​បារម្ភ​ជា​ទូទៅ​ប្រមាណ​ជា២​ទៅ​៣​ឆ្នាំ​មក​ហើយនោះ គឺ​បាន​វិវត្តន៍​ថ្មី​មួយ​បែប​ទៀត ដែល​ក្រសួងសុខាភិបាល​បាន​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ ២០២៥ ខណៈ​ដែល​អង្គការ​សុខភាព​ពិភពលោក ​បាន​អះអាង​ថា​ ២៨​ថ្ងៃ​ចុង​ក្រោយ​មេរោគ​កូ​វី​ដ​១៩ វា​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា១.៦០២ នាក់ នៅ​លើ​ពិភពលោក ។

មេរោគ​កូ​វី​ដ​១៩ចុង​ក្រោយ​នេះ គឺជា​ពពួក​មេរោគ អូ​មី​ក្រុង​ដែល​បាន​បំប្លែង​ខ្លួន​ជា​ថ្មី គេ​ហៅ​វា​ថា ប្រភេទ​ជេ​អ៊ិ​ន​១ (JN.1)​ ដែល​វា​រក​ឃើញ​ដំបូង​នៅ​ក្នុង​ខែសីហា ឆ្នាំ​២០២៣ ហើយ​នៅ​ពេល​នេះ វា​បាន រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ក្នុង​តំបន់​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក ។

ក្រសួងសុខាភិបាល​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ ​អង្គការ​សុខភាព​ពិភពលោក​បាន​ចាត់​ថ្នាក់​វា​ថា គឺជា​ប្រភេទ​មេរោគ​ក្នុង វ៉ា​រី​រ្យ​ង់​ដ៏​មាន​ចំណាប់អារម្មណ៍ ដោយសារ​តែ​វា​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស ដោយសារ​តែ លក្ខណៈ​ជីវសាស្ត្រ​វិវត្តន៍​ថ្មី​របស់​វា ។

ប្រភព​ដដែល​បាន​អះអាង​ថា ត្រឹម​ពាក់​កណ្តាលខែ​មីនា ឆ្នាំ​២០២៥ ជេ​អ៊ិ​ន ១ ត្រូវ​បាន​រក​ឃើញ​មាន​ជាង១៥​ភាគរយ​នៃ​ករណី​កូ​វី​ដ ១៩ ដែល​បាន​រក​ឃើញ​នៅ​ទូ​ទាំង​ពិភពលោក ។ អង្គការ​សុខភាព​ពិភពលោក​បាន​អះអាង​ថា មក​ដល់​ពេល​នេះ​កូ​វី​ដ ១៩ បាន​កើត​មានឡើង​សរុប​ប្រមាណ​ជាជាង ៧៧៧លាន​ករណី ហើយ​វា​បាន​សម្លាប់​ជីវិត​មនុស្ស​សរុបជាង៧លាន​នាក់ នេះ​ដោយ​រួម​បញ្ចូល​ទាំង​ករណី​ស្លាប់​ថ្មី​នៅ​២៨​ថ្ងៃ​ចុង​ក្រោយ​ប្រមាណ​ជា១.៦០២នាក់ផង​ដែរ ។

ស្ថានភាព​នៃ​គ្រោះថ្នាក់​ដោយសារ​តែ​មេរោគ​កូ​វី​ដ ១៩ គឺ​នៅ​តែ​មាន ដូច្នេះ ​កុំ​ជិះសេះ​លែងដៃ ហើយ​ស្មារតី​នៃ​ការ​ការពារ​ និង​បង្ការ​គួរតែ​លើកកម្ពស់ បើ​ទោះបីជា​នៅ​ពេល​នេះ ​វា​មិន​ត្រូវ​បាន​ចាត់​ថ្នាក់​ថា ជា​ជំងឺ​គ្រោះថ្នាក់​ខ្លាំង​ដូច​កាលពី​អំឡុង​ឆ្នាំ​២០១៩ ដល់ ឆ្នាំ​២០២២ កន្លង​មក​ក៏​ដោយ​ចុះ ។ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា រោគ​សញ្ញា​នៃ​មេរោគ​កូ​វី​ដ ១៩ ដែល​កំពុង​តែ​គំរាមកំហែង​នៅ​ពេល​នេះ ពោល​គឺ​ប្រភេទ ជេ​អ៊ិ​ន ១ នេះ គឺ​មាន​រោគ​សញ្ញា មិន​ខុស​ពី​កូ​វី​ដ ១៩ ជំនាន់​មុន​ៗ​នោះ​ទេ ។

រោគ​សញ្ញា​គឺ​មាន ដូច​ជា គ្រុនក្តៅ ក្អក​ស្ងួត ឈឺបំពង់ក ហៀរ​សំបោរ ចង្អោរ ស្រ​ដៀង​គ្នា​នឹងផ្តាស​សាយ ហើយ​វា​គឺជា​ប្រភេទ​មេរោគ​ដែល​ឆ្លង​លឿន និង​អាច​បញ្ជ្រាប​ចូល​ប្រព័ន្ធ​ភាពស៊ាំ របស់​មនុស្ស​កាន់តែ ខ្លាំង​ដោយសារ​តែ​ការ​ផ្លាស់​ប្តូ​ប្រូតេអ៊ីន​បង្គោល​របស់​វា ។

ក្រសួង​បាន​អះអាង​ថា ជេ​អ៊ិ​ន ១ មាន​ហានិភ័យ​សុខភាព​ជា​សកល​កម្រិត​ទាប​ទេ ប៉ុន្តែ​ការ បន្ត​ការ​ប្រុង​ប្រយ័ត្ន​គឺ​ចាំបាច់ ជា​ពិសេស ​ចំពោះ​បុគ្គល​ដែល​មាន​ហានិភ័យ​នៃ​ការ​ចម្លងជំងឺ​រួម​មាន​អ្នកមាន ប្រព័ន្ធ ការពារ​រាង​កាយ​ខ្សោយ ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ ទឹកនោមផ្អែម លើសឈាម ជន​ចាស់ជរា ស្ត្រី​មាន​ផ្ទៃពោះ ជាដើម ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​កម្ពុជា​ប៉ុន្មាន​ថ្ងៃនេះ មានការ​ចម្លងជំងឺ​កូ​វី​ដ ១៩ នេះ ដែល​តម្រូវ​ឲ្យ​បន្ត​ការ​យកចិត្តទុកដាក់ ការពារ​ខ្លួន​ឲ្យ​បាន​ហ្មត់ចត់ ជា​ពិសេស​គឺ​រដូវវស្សា​ផង ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា វិធានការ​ការពារ​ជំងឺ​នេះ​មិនជា​ប្លែក​ពី​មុន​នោះ​ទេ​។ ប្រជាជន​ត្រូវ​អនុវត្ត​ការ​ធ្វើ​អនាម័យ ដោយ​លាងដៃ​នឹង​សាប៊ូ​ ឬ​អាកុល ត្រូវ​ពាក់​ម៉ាស់​ក្នុង​ករណី​ចាំបាច់ កុំ​ខាកស្តោះ​ពាស​វាល​ពាស កាល ត្រូវ​ខ្ទប់មាត់​និង​ច្រមុះ​ពេល​ក្អក ដោយ​ប្រើ​ម៉ាស កែងដៃ ក្រ​ម៉ា កន្សែង ឫ ក្រដាសអនាម័យ រួច​ខ្ចប់​បោះចោល​ក្នុង​ធុងសំរាម​ដែល​គ្រប់​បិទ​ជិត ។

ប្រភព​ដដែល​បាន​រំលឹក​ផង​ដែរ​ថា សូមកុំ​ចូល​ទៅ​ទីប្រជុំជន ឬធ្វើ​ដំណើរ ប្រសិនបើ​អ្នកមាន​អាកា​រៈ​ក្តៅខ្លួន ក្អក ឫ​ពិបាក​ដកដង្ហើម ឫ​មាន​បញ្ហា​សុខភាព ។ នៅ​ក្នុង​ករណី​មានការ​សង្ស័យ​សូម ស្វែង​រក​ការ​ប្រឹក្សា​យោបល់​ជាមួយនឹង ក្រុម​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព ឫ​មន្ទីរពេទ្យ​រដ្ឋ​នានា ។
ក្រសួងសុខាភិបាល​បាន​អះអាង​ថា កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ​គឺ​មាន​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ថ្មី​៣​ករណី ដែល​នាំ​ឲ្យ​នៅ​កម្ពុជា​មាន ករណី​ឆ្លង​សរុប​១៣៩.៣៤២​នាក់​នៅ​ក្នុង​នោះ​ស្លាប់ សរុប គឺ​នៅ​តែ ៣.០៥៦នាក់​ដដែលទេ ។

តាម​សេចក្តីរាយការណ៍​ដោយសារ​ព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹង​ថា នៅ​ថៃ​មាន​ករណី​ឆ្លង​ថ្មី​ច្រើន ដោយនៅ​ក្នុង​រយៈពេល​ប្រមាណ​ជា ពី​ថ្ងៃ​ទី០១ ខែមករា ដល់ថ្ងៃ​ទី ១០ ខែឧសភា ថៃ​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩ ថ្មី​សរុប ៥៣.៦៧៦ នាក់ នៅ​ក្នុង​នោះ​ស្លាប់មាន១៦នាក់​ដែរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ថៃ​មិន​បាន​ប្រកាស​អាសន្ន​ឫ​ដាក់​វិធានការ​សុខភាព​ឡើយ ។

សរុបសេចក្តី​ទៅ​មេរោគ​កូ​វី​ដ​១៩​ថ្មី ជេ​អ៊ិ​ន ១ ឆ្លង​ខ្លាំង​មែន ប៉ុន្តែ​ភាព​គ្រោះថ្នាក់​របស់​វា​ក៏​មិន​ទាន់​មាន​កំណត់ សម្គាល់​ល់​អ្វី​ឲ្យ​ព្រួយបារម្ភ​ឡើយ​សម្រាប់​អ្នក​ដែល​មាន​សុខភាព​ល្អ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ សម្រាប់ អ្នក​ដែល​មាន​សុខភាព​ខ្សោយ​ដូចដែល​រៀបរាប់​ខាងលើ​សូម​ប្រុង​ប្រយ័ត្ន ហើយ​យកចិត្តទុកដាក់​ការពារ​ខ្លួន ពីព្រោះ​ថា នៅ​កម្ពុជា​មិន​អី ប៉ុន្តែ​នៅ​លើ​ពិភពលោក កំណត់​ត្រា​នៃ​មនុស្ស​ដែល​ស្លាប់ ដោយសារតែ​មេរោគ​កូ​វី​ដ ១៩ គឺ​នៅ​តែ​បន្ត​កត់ត្រា ដដែល ពោល​គឺ​២៨​ថ្ងៃ​ចុង​ក្រោយ​នេះ​វា​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ១.៦០២ នាក់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ