ទីក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងរក្សាភាពស្ងប់ស្ងាត់នៅចំពោះមុខនៃការផ្អើលឈូឆចង់ជួបមុខលោកពូទីននៅទីក្រុងអ៊ីស្តាន់ប៊ូល ប្រទេសតួកគីដើម្បីចរចាគ្នាដោះស្រាយបញ្ហាអ៊ុយក្រែន។ បន្ទាប់ពីលោកហ្សេឡិនស្គីអំពាវនាវឱ្យលោកពូទីនទៅតួកគីដើម្បីជួបគ្នា លោកត្រាំក៏ប្រកាសដូចគ្នា។ ទោះបីកំពុងជាប់រវល់ទៅបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា ត្រាំថាលោកនឹងឆ្លៀតទៅជួបលោកពូទីនដោយផ្ទាល់។
បន្ទាប់ពីទីក្រុងកៀវដាក់ឱសានវាទថារុស្ស៊ីត្រូវតែប្រកាសទទួលយកបទឈប់បាញ់ដ៏ពេញលេញ ដោយឥតលក្ខខណ្ឌ និងជាបន្ទាន់រយៈពេល៣០ថ្ងៃ វិមានក្រឹមឡាំងមិនបានឆ្លើយតប ឬធ្វើអត្ថាធិប្បាយអ្វីទេ។ ប៉ុន្តែសហភាពអឺរ៉ុបកំពុងសម្រួចមាត់ដាក់ទណ្ឌកម្មបន្ថែមទៀតនៅក្នុងពេលឆាប់ៗនេះបើសិនរុស្ស៊ីមិនទទួលយកបទឈប់បាញ់។ នៅចុងសប្ដាហ៍នេះ អឺរ៉ុបនឹងប្រកាសផែនការដាក់ទណ្ឌកម្មនោះហើយ។
នៅពេលនេះមានសំណួរដ៏ធំ១ថាតើលោកពូទីននឹងអញ្ជើញទៅតួកគីនៅថ្ងៃទី១៥ ខែឧសភាខាងមុខនេះដែរឬទេ? គ្មាននរណាអាចដឹង ឬទស្សន៍ទាយបានឡើយ ហើយក៏គ្មាននរណាមើលធ្លុះចិត្តរបស់លោកពូទីនជាជាងរូបលោកផ្ទាល់នោះដែរ។ ថ្ងៃនេះ វិមានក្រឹមឡាំងអះអាងថារុស្ស៊ីនឹងប្រកាសសមាសភាពគណៈប្រតិភូដែលនឹងអញ្ជើញចូលរួមនៅក្នុងគម្រោងជួបគ្នាដោយផ្ទាល់នោះ។ ប៉ុន្តែក្រឹមឡាំងសូមមិនទាន់និយាយថាតើលោកពូទីននឹងមានវត្តមាននៅក្នុងឱកាសនោះដែរឬទេ។
សូមរំលឹកថាកាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោកពូទីនចេញសេចក្ដីអំពាវនាវដ៏គួរឱ្យភ្ញាក់ផ្អើល១ថាលោកស្នើសុំឱ្យមានកិច្ចជំនួបផ្ទាល់នៅតួកគី។ ដំណឹងនេះធ្វើឱ្យលោកត្រាំមានចិត្តត្រេកអរយ៉ាងខ្លាំង។ ពីដំបូងដៃ ត្រាំអំពាវនាវឱ្យពូទីនទទួលយកបទឈប់បាញ់៣០ថ្ងៃ។ ប៉ុន្តែឥឡូវនេះ លោកទុកបញ្ហាឈប់បាញ់១ឡែកសិន ហើយអំពាវនាវឱ្យលោកហ្សេឡិនស្គីទទួលយកសំណើជួបគ្នានៅតួកគីតែម្ដងទៅ។
ឥឡូវនេះ អ្វីដែលគេដឹងច្បាស់គឺថាលោកហ្សេឡិនស្គីដឹងតែធ្វើដំណើរទៅតួកគី១០០%ព្រោះលោកបានប្រកាសរួចហើយ។ ចំណែកលោកត្រាំក៏អាចនឹងទៅតួកគីផងដែរ។ ដូច្នេះ នៅសល់លោកពូទីនម្នាក់ទៀតដែលមិនទាន់ផ្ដល់ចម្លើយដ៏ប្រាកដប្រជាមួយ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស (Peskov) ថ្លែងថាភាគីរុស្ស៊ីកំពុងរៀបចំគម្រោងជួបគ្នានោះ។ លោកថ្លែងដូច្នេះតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលថាតើរុស្ស៊ីគិតដូចម្ដេចបើលោកហ្សេឡិនស្គីអំពាវនាវឱ្យលោកពូទីនទៅជួបគ្នានៅតួកគី។
លោកប៉េស្កូសគ្រាន់តែនិយាយដោយខ្លីថាលោកសូមមិនធ្វើអត្ថាធិប្បាយឱ្យបានលម្អិតជាងនេះទេ។ នៅពេលអ្នកសារព័ត៌មានស្នើសុំឱ្យលោកប៉េស្កូសបញ្ជាក់ឱ្យបានច្បាស់ថាតើនរណាខ្លះនឹងចូលរួមកិច្ចជំនួបនោះ លោកថ្លែងថាត្រូវរង់ចាំលោកពូទីនពិនិត្យមើលសមាសភាពសិនដើម្បីកំណត់ថាតើគណៈប្រតិភូរូបណាខ្លះមានគុណវុឌ្ឍិគ្រប់គ្រាន់ដើម្បីចូលរួម។ បន្ទាប់មករុស្ស៊ីនឹងប្រកាសឱ្យដឹងជាសាធារណៈ។ ខាងលើនេះជាការដកស្រង់ប្រភពពីរ៉យទ័រ (Reuters) និងទស្សនាវដ្ដីញូស្វីក (Newsweek)៕
ចែករំលែកព័តមាននេះ