ខេត្តស្វាយរៀង ៖ ឈ្មួញវៀតណាម នាំទុរេនពីប្រទេសវៀតណាម ឆ្លងដែនយ៉ាងគំហុក យកមកលក់ឲ្យឈ្មួញខ្មែរ នៅចំណុចសូន្យ នៃមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ក្នុង១ថ្ងៃៗរាប់សិបរថយន្ត ដូចគេហែ កឋិន ដោយតម្លៃទុរេនវៀតណាម ធ្លាក់តម្លៃយ៉ាងខ្លាំង គឺ១គីឡូ ៥,០០០រៀលប៉ុណ្ណោះ ។

ហើយការនាំទុរេនពីប្រទេសវៀតណាមដ៏ចម្រូងចម្រាស ដោយសមត្ថកិច្ចនគបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ សុំឲ្យមន្ត្រីគយ ច្រកទ្វារព្រៃវល្លិ៍ ផ្អាកការអនុញ្ញាតឲ្យឈ្មួញនាំទុរេនពីប្រទេសវៀតណាម មកប្រទេសកម្ពុជា រយៈពេល១០ថ្ងៃមកហើយ ដើម្បីសុំគោលការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឬ ក.ប.ប.ខេត្ត ចុះពិនិត្យគុណភាព និងភូតគាមអនាម័យ លើផ្លែទុរេន ដែលជាផលិតផលទុរេនរបស់ប្រទេសវៀតណាម ដែលក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសមិនអនុញ្ញាតឲ្យនាំទុរេនពីប្រទេសជិតខាង ចូលមកព្រះរាជាណាចក្រកម្ពុជា ជាពិសេស ចូលមកតាមច្រកទ្វារព្រំដែននានា ក្នុងរដ្ឋបាលខេត្តស្វាយរៀង ក៏ប៉ុន្តែលោកមន្ត្រីគយ និងរដ្ឋាករប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ បានអនុញ្ញាតឲ្យវៀតណាម នាំទុរេនចូល ដោយខ្លាចបាត់ចំណូលពន្ធ ។

ការមិនចុះសម្រុងគ្នានេះ បានកើតឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ។

ទាក់ទិនករណីនេះដែរ លោកឧត្តមសេនីយ៍ ប៉ាង ឡេង នាយប៉ុស្តិ៍នគបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ បានប្រាប់ថា លោកបានស្នើសុំទៅខាងមន្ត្រីគយ និងរដ្ឋាករ ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ សុំឲ្យផ្អាកការអនុញ្ញាតឲ្យឈ្មួញនាំផលិតផលទុរេនពីប្រទេសជិតខាង ឆ្លងដែនចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ បន្តទៀត គឺបានសុំឲ្យផ្អាកនេះ រយៈពេល១០ថ្ងៃមកហើយ ដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចេញសេចក្តីប្រកាសមិនអនុញ្ញាតឲ្យនាំទុរេនពីប្រទេសជិតខាង ចូលមកកម្ពុជា និងដើម្បីទុកពេលឲ្យមន្ត្រីជំនាញរបស់ក្រសួងកសិកម្ម និងក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ចុះពិនិត្យគុណភាព និងភូតគាមអនាម័យ និងសារធាតុគីមី ដែលនាំឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។ ក៏ប៉ុន្តែ ខាងមន្ត្រីគយ និងរដ្ឋាករ ប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ជាអ្នកអនុញ្ញាតឲ្យវៀតណាមនាំទុរេនចូល ដោយមន្ត្រីគយ និយាយថា ការបិទមិនឲ្យវៀតណាមនាំទុរេនចូល ធ្វើឲ្យបាត់ចំណូលពន្ធ ម្យ៉ាងទៀត ខ្លាចភាគីវៀតណាម បិទមិនអនុញ្ញាតឲ្យខ្មែរយើងនាំផ្លែស្វាយ នាំស្រូវ នាំដំឡូង ទៅប្រទេសវៀតណាមវិញ ។

ទាក់ទិនករណីនេះដែរ លោក ប៉ែន ចន្ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀង បានប្រាប់ថា មន្ទីរកសិកម្ម គ្មានសិទ្ធិក្នុងការដាក់មន្ត្រី ចុះទៅធ្វើការនៅតាមច្រកទ្វារព្រំដែន ពិនិត្យគុណភាព ឬភូតគាមអនាម័យ នៅតាមព្រំដែនទេ គឺមានតែផ្នែកចត្តាឡីស័ក បាញ់ថ្នាំអនាម័យកង់រថយន្តទេ ។

ចំណែកឯ លោក ហ៊ាន តារា ប្រធាន ក.ប.ប.ខេត្តស្វាយរៀង បានប្រាប់អ្នកសារព័ត៌មានយើងថា ក.ប.ប. ពុំមានភារកិច្ចចុះទៅពិនិត្យគុណភាពទំនិញតាមច្រកទ្វារព្រំដែនទេ ដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលអាណត្តិមុន បានបញ្ចប់ភារកិច្ច ក.ប.ប. មានភារកិច្ចចុះពិនិត្យគុណភាពទំនិញដាក់លក់នៅក្នុងទៅផ្សារប៉ុណ្ណោះ ។

ទោះបីមានការចម្រូងចម្រាសក៏ដោយ ការបើកឲ្យវៀតណាម នាំទុរេនឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍នេះ គឺចាប់ពីម៉ោង៧និង០០នាទីព្រឹកដល់វេលាម៉ោង២និង០០នាទីរសៀល ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានដាក់បទបញ្ជា ឲ្យបិទការនាំទុរេនពីប្រទេសវៀតណាម មួយរយៈរង់ចាំការដោះស្រាយ ។ ក៏ប៉ុន្តែមហាជនបានលើកឡើងថា ទំរាំតែបិទឈ្មួញខ្មែរបានសម្រុកចូលទៅទិញទុរេនពីប្រទេសវៀតណាម មួយព្រឹក ជិត៣០រថយន្តឯណោះ ។

ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង បានទេ រហូតដល់វេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី១២ ឧសភា ២០២៥នេះ ។ ចំពោះទុរេននាំចូលពីប្រទេសវៀតណាមនេះ ឈ្មួញបានដឹកតាមរថយន្តភីកអាប់ និងរថយន្តធូរីស យកមកដាក់លក់នៅក្នុងខេត្តស្វាយរៀង ដឹកទៅខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ