ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ ពន្យល់ករណី​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​១ ពិសេស​រថយន្តក្រុង ដឹក​ទំនិញ និង​គ្រួសារ ​បើក​វ៉ា​ជែង​លឿន​ៗ

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​នៅ​ពេល សាធារណជន និង​អ្នក​សារព័ត៌មាន​ចាប់ផ្ដើម សំណូមពរ រិះគន់ បញ្ចេញមតិ​ជា​ថ្មី​ទៀត​ លើ​ករណី​ចរាចរណ៍​ផ្លូវជាតិ​លេខ​១ ដែល​សម្បូរ​អ្នកបើកបរ​លឿន…

រាជធានី​ភ្នំពេញ ​៖ ​នៅ​ពេល សាធារណជន និង​អ្នក​សារព័ត៌មាន​ចាប់ផ្ដើម សំណូមពរ រិះគន់ បញ្ចេញមតិ​ជា​ថ្មី​ទៀត​ លើ​ករណី​ចរាចរណ៍​ផ្លូវជាតិ​លេខ​១ ដែល​សម្បូរ​អ្នកបើកបរ​លឿន វ៉ា​ជែង​ក្នុង​តំបន់​គ្រោះថ្នាក់ ជា​ពិសេស​ក្នុង​ចំណោម​ក្រុម​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ភ្នំពេញ​-​វៀតណាម មាន​ទាំង​ក្រុម​រថយន្ត​ដឹក​ទំនិញ រហូត​ដល់​អ្នកបើកបរ​ជា​លក្ខណៈ​គ្រួសារ លោក​ ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ចេញ​ការ​ពន្យល់​ដោយ​បញ្ជាក់​ចំ​ៗ ចំពោះ​ការ​អនុវត្ត​ច្បាប់ ឥរិយាបថ ​នៃ​ការ​បើកបរ និង​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គិតគូ​ឡើង​វិញ ​លើ​ចំណុច​អវិជ្ជមាន​មួយ​ចំនួន ​។

លោក​បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ​ឆ្នាំ​២០២៥​ថា ចំពោះ​រថយន្ត​ក្រុងភ្នំពេញ​-​វៀតណាម​ ដែល​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក សមត្ថកិច្ច​ចរាចរណ៍​ ដែល​ប្រចាំការ​តាម​គោលដៅ​ផ្លូវជាតិ​លេខ​១ តែង​បាន​ចាត់វិធានការ​ឃាត់​យាន​ល្មើស​ទាំងនោះ និង​បាន​អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា​អ្នកបើកបរ​ជា​បន្តបន្ទាប់​ ។

លោក​បន្ត​ថា «​ក្នុង​ករណី​ ​ដែល​សម​សមត្ថកិច្ច​បាន​រក​ឃើញជាក់ស្ដែង ចំពោះ​អ្នក​ដែល​ធ្លាប់​ទទួល​រង​ការ​ណែនាំ និង​មាន​កិច្ចសន្យា​ម្ដង​រួម​មក​ហើយ​នោះ គឺ​យើង​ត្រូវ​អនុវត្ត​តាម​ផ្លូវច្បាប់ ​ជា​ដាច់ខាត​។ តែ​បើសិនជា​អ្នកបើកបរ​នោះ​ថ្មី មិន​ធ្លាប់​ទទួល​រង​ការ​ណែនាំ ឬ​ក៏​មិន​ធ្លាប់​មាន​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​មិន​ប្រក្រតី​នោះ​ទេ គឺ​សមត្ថកិច្ច​យើង​ច្រើន​តែ​ផ្តល់​ឱកាស​ណែនាំ​ផ្ដល់​កិច្ចសន្យា​ឱ្យ​គាត់​»​ ។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ បាន​លើក​ឡើង​ថា បើ​ទោះបីជា​ក្រសួង​បាន​ចាត់វិធានការ និង​មាន​សមត្ថកិច្ច​ជំនាញ​ស្របច្បាប់ ដាក់​គោលដៅ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​យ៉ាងណា​ក៏​ដោយ លោក​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ទូទៅ ទាំង​អ្នក​រត់​តាក់ស៊ី ទាំង​អ្នក​ធ្វើ​ដំណើរ ទាំង​អ្នក​ប្រកបការងារ និង​ធ្វើ​ដំណើរ​កម្សាន្ត​នានា ​ហាក់បីដូចជា​មិន​អើពើ មិន​ចូលរួម​សហការ​នោះ​ទេ​ ។

លោក​បញ្ជាក់​ថា «​នៅ​ពេល​មាន​មន្ត្រី​ចរាចរណ៍ ដាក់​គោលដៅ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍ អ្នកបើកបរ​ ដែល​ពុំ​ពាក់​ខ្សែ​ក្រ​វ៉ា​ត ពុំ​មាន​មួក​សុវត្ថិភាព ពុំ​មាន​កញ្ចក់ អ្នកបើកបរ​និយាយ​ទូរ​សព្ទ​ក្នុង​ពេល​បើកបរ និង​ល្មើសច្បាប់​ដទៃ​ទៀត ពួក​គេ​មាន​ចាប់ផ្ដើម​មាន​អាកប្បកិរិយា​មិន​សមរម្យ មិន​សហការ និង​រិះគន់ វាយប្រហារ​មក​កាន់​សមត្ថកិច្ច​។ ទន្ទឹម​គ្នា​នោះ នៅ​ពេល​ ដែល​មាន​សមត្ថកិច្ច​មិន​ដាក់​កម្លាំង​ត្រួតពិនិត្យ​បទល្មើស ពួក​គេ​ក៏​បាន​រំលោភ​បំពាន​ផ្លូវ ដែល​នាំ​ឱ្យ​គ្មាន​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ និង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​កើត​មាន​ឡើង ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​ទាំង​រិះគន់ សម្ដែង​មតិ​ទាំង​អ្នកបើកបរ​ប្រព្រឹត្ត​បទល្មើស​ផង និង​វាយប្រហារ​មក​កាន់​សមត្ថកិច្ច​ផង​ថា ពុំ​ដាក់​កម្លាំង​ត្រួតពិនិត្យ​» ​។

អ្នកនាំពាក្យ​អះអាង​ទៀត​ថា ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​ឡើង លុះត្រាតែ​មានការ​ផ្ដើម​ចេញ​ប្រជាពលរដ្ឋ​ម្នាក់​ៗ ​ដែល​ត្រូវ​នាំ​គ្នា​ស្វែង​យល់ អាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក បើកបរ​ប្រកបដោយ​សីលធម៌ ចេះ​យោគយល់​អធ្យាស្រ័យ កុំ​ចង់​ចាញ់ កុំ​ចង់​ឈ្នះ ខ្លាច​គ្រោះថ្នាក់​កើតឡើង​លើ​ខ្លួនឯង លើ​គ្រួសារ និង​លើ​អ្នក​ដទៃ ហើយ​ចុង​ក្រោយ​យើង​ខុស យើង​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​។ យ៉ាងណា​ក៏​ដោយ​លោក​អះអាង​ថា សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ក្ដី អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្ដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្ដី ក៏​នៅ​តែ​បន្ត ផ្សព្វផ្សាយ អប់រំ​ណែនាំ ក្រើនរម្លឹក​ជា​បន្តបន្ទាប់ ជាក់ស្ដែង​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​តែងតែ​ចេញ​សារ​ណែនាំ និង​ពន្យល់​ពី​ច្បាប់​ចរាចរណ៍ ការ​ទទួលខុសត្រូវ​នៅ​ពេល​ដែល​ល្មើសច្បាប់​ចរាចរណ៍ និង​ការ​បង្ក​គ្រោះថ្នាក់​ដទៃ​ជា​ច្រើន​ទៀត​ ។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ជា​ថ្មី​ថា ប្រជាពលរដ្ឋ​ណា​ដែល​ចាប់​រូបភាព​បាន រាល់​រថយន្ត​បើកបរ​ល្មើសច្បាប់​ចរាចរណ៍​បំពាន​គ្រប់​រូបភាព ជា​រួម​មាន​សកម្មភាព​បើក​វ៉ាង​ជែង​គ្នា ដឹក​អីវ៉ាន់​សំពីងសំពោង ឬ​ក៏​វ៉ា​ជែង​កន្លែង ​ដែល​មាន​គំនូស​ប្រសព្វ​គ្នា បើកបរ​បញ្ច្រាសទិស រំលោភ​លើ​ចំណែក​ផ្លូវ​លើ​ទិស​ដៅ​ម្ខាង សូម​ថត​ជា​វី​ដេ​អូ​ឱ្យ​ជាប់​នឹង​ផ្លា​ក​លេខ បន្ទាប់​មក​សូម​ផ្ញើ សារ រូបភាព ព្រមទាំង​វី​ដេ​អូ​ទាំងនោះ​ មក​កាន់​តេ​លេ​ក្រាម​អ្នកនាំពាក្យ​តាម​រយៈ​លេខ​ទូរ​សព្ទ ០១៤ ៧៨៩ ០១៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ