ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី បញ្ជាក់​ជា​ថ្មី​ មិន​អនុញ្ញាត​ឲ្យ​មានការ​វិនិយោគ​បារី​អេ​ឡិច​ត្រូ​និ​ក នៅ​កម្ពុជា​ដាច់ខាត!

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​សារ​ជា​ថ្មី​ថា មិន​អនុញ្ញាត​ឱ្យ​មានការ​វិនិយោគ​បារី​អេ​ឡិច​ត្រូ​និក នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​សារ​ជា​ថ្មី​ថា មិន​អនុញ្ញាត​ឱ្យ​មានការ​វិនិយោគ​បារី​អេ​ឡិច​ត្រូ​និក នៅ​កម្ពុជា ជា​ដាច់ខាត ខណៈដែល​ផលិតផល​នេះ​បង្ក​ឱ្យ​ប៉ះពាល់​សុខភាព​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់​ធ្ញ​រ ជា​ពិសេស កើត​ជំងឺមហារីក ។

ការ​គូសបញ្ជាក់​សារ​ជា​ថ្មី របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ឱកាស​សម្តេច​បវរ​ធិ​បតី បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា (ATIC) ដឹកនាំ​ដោយ​លោក Barros Figueira Miguel ប្រធាន​សមាគម ATIC ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ ។

នា​ឱកាស​នៃ​ជំនួប​នេះ លោក​ប្រធាន​សមាគម​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​បវរ​ធិ​បតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​លោក និង​គណៈប្រតិភូ​សមាគម ចូល​ជួប​សម្ដែង​ការ​គួរសម ។ លោក​ប្រធាន​សមាគម​បាន​គោរព​រាយការណ៍​ដោយ​សង្ខេប​ជូន​សម្ដេច​បវរ​ធិ​បតី អំពី​ស្ថានភាព និង​សកម្មភាព​ការងារ​របស់​សមាគម ATIC ដែល​ក្នុង​រយៈពេល​កន្លង​មក ដែល​បា​ម​ចូលរួម​ចំណែក​បង្កើត​ការងារ​ក្នុងស្រុក​បាន​ជាង​៤,៥០០​កន្លែង និង រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា ។

ជាមួយ​គ្នា​នេះ លោក​ប្រធាន​សមាគម បាន​បន្ត​ថា សមាគម​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការងារ​សង្គម​ជា​ច្រើន​ដូច​ជា ការ​ផ្តល់​ឧបករណ៍​ទឹក​ស្អាត ការ​ផ្ដល់​កុំព្យូទ័រ សម្ភារ​បរិក្ខារ និង​ការ​ជួយ​ដល់​សហគមន៍ ជាដើម​។ ក្រៅពី​នេះ លោក​ប្រធាន​សមាគម​បាន​គូសបញ្ជាក់​ពី​ការ​គាំទ្រ​នូវ​រាល់​គំនិត​ផ្ដួចផ្ដើម ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​បង្ហាញ​បំណង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ផលិតផល​ថ្នាំជក់ និង​បារី ដល់​ប្រជាពលរដ្ឋ ។

ទោះជា​យ៉ាងនេះ​ក្តី សម្ដេច​បវរ​ធិ​បតី បាន​លើក​ឡើង​អំពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​នាំ​ចូល​ផលិតផល​ថ្នាំជក់ និង​បារី​ខុសច្បាប់ ព្រមទាំង​ការ​ដាក់​ចេញ​វិធានការ​នានា ដើម្បី​ឆ្លើយ​តប និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វិនិយោគិន ។

សម្ដេច​បវរ​ធិ​បតី ក៏​បាន​គូសបញ្ជាក់​ពី​ការ​យកចិត្តទុកដាក់ ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ ដោយ​បច្ចុប្បន្ន ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា បាន​និង​កំពុង​ពិនិត្យ​យន្តការ​នានា ដើម្បី​ធានា​នូវ​តុល្យភាព​រវាង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វិនិយោគិន និង​ការ​លើកកម្ពស់​សុខភាព​សាធារណៈ ជូន​ប្រជាពលរដ្ឋ ។

សម្ដេច​បវរ​ធិ​បតី បាន​បន្ថែម​ថា រាជរដ្ឋាភិបាល​បាន​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ផល​ប៉ះពាល់ នៃ​ផលិតផល​ថ្នាំជក់ និង​បារី និង​បាន​ជំរុញ​ការ​ត្រួតពិនិត្យ ការ​ចែកចាយ​ផលិតផល​ថ្នាំជក់ និង​បារី​ខុសច្បាប់ ដើម្បី​ធានា​ឱ្យ​មានការ​ចរាចរ និង​ចែកចាយ​ផលិតផល​ដោយ​អនុលោម​តាម​ច្បាប់ ។

សម្ដេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​សារ​ជា​ថ្មី​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​មិន​អនុញ្ញាត​ឱ្យ​មានការ​វិនិយោគ​លើ​ការ​ផលិត​បារី​អេ​ឡិច​ត្រូ​និក (e-cigarettes) នៅ​កម្ពុជា​នោះ​ទេ ។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​យកចិត្តទុកដាក់ និង​បាន​ចាត់​ទុក​វិស័យ​សុខាភិបាល និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ខ្ពស់​បំផុត​។ ក្នុង​ន័យ​នេះ យុទ្ធសាស្ត្រ និង​គោលនយោបាយ​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​លើក​ស្ទួយ​ស្ថានភាព​សុខភាព​ប្រជាជន​ក្នុង​វិស័យ សុខាភិបាល ឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើងជា​លំដាប់ ដោយ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់​ចេញ​នូវ «​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១» ដែល​ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​កំណត់ “​ការ​ផ្តល់​ការ​ថែទាំ​សុខភាព​ឆ្ពោះទៅ​កម្មវិធី​គ្របដណ្តប់​សុខភាព​ជាស​កល​» ជា​កម្មវិធី​ទី​១ នៃ​កម្មវិធី គោលនយោបាយ​អាទិភាព ចំនួន ៦ របស់​រាជរដ្ឋាភិបាល ។

ពាក់ព័ន្ធ​នឹង​វិស័យ​ថែទាំ​សុខភាព​នៅ​ប្រទេស​កម្ពុជា ជំងឺមហារីក គឺជា​ជំងឺ​មួយ ក្នុង​ចំណោម​ជំងឺ មិន​ឆ្លង​ចម្បង​ៗ​ទាំង​៤ ដែល​ត្រូវ​បាន​ចាត់ទុកជា​អាទិភាព ដោយ​ក្រសួងសុខាភិបាល បាន​ខិតខំ​ប្រឹងប្រែង ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន​ដើម្បី​បង្ការ និង​គ្រប់គ្រង​ជំងឺ​ទាំងនេះ ។ ទោះជា​យ៉ាងនេះ​ក្តី ជំងឺមហារីក នៅ​តែ​ជា​បញ្ហា​ប្រឈម​ចម្បង​ចំពោះ​សុខភាព​សាធារណៈ ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នកជំងឺ ក្រុម​គ្រួសារ សហគមន៍ និង​សង្គម​ជាតិ​ទាំងមូល ដោយ​ជំងឺ​នេះ​បាន​បង្អាក់​សកម្មភាព​ប្រចាំ​ថ្ងៃ បន្ថយ​ផលិតភាព និង​បណ្តាល​ឱ្យ​មានការ​ចំណាយ​ថវិកា​ជា​ច្រើន​សម្រាប់​ថែទាំ​សុខភាព ដែល​អាច​ជះ​ផល អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជាជន សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ជាតិ​។ អាស្រ័យ​ហេតុនេះ បន្ទុក​ដ៏​ធំ នៃ​ជំងឺមហារីក ទាមទារ​ឱ្យ​មានការ​យកចិត្តទុកដាក់​បន្ថែម​ទៀត ព្រមទាំង​មានការ​សហការ​ស្វែងរក​ដំណោះស្រាយ​គ្រប់​ជ្រុងជ្រោយ ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ