តារាចម្រៀងលោក ខេម បានប្រកាសជាសាធារណៈថា រូបលោកកំពុងកើតជំងឺកូវីដប្រភេទថ្មី បន្ទាប់ពីលោកបានមានអាការៈមិនស្រួលខ្លួនដោយមិនខុសពីជំងឺផ្តាសាយនោះឡើយ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្នុងពេលដែលលោកស្នើឲ្យមហាជនមានការប្រុងប្រយ័ត្នពីជំងឺមួយនេះ ។
តាមរយៈសំណេរដែលបានបង្ហោះលើបណ្តាញសង្គមតារាចម្រៀងលោក ខេម បានសរសេរថា សូមបងប្អូនប្រុងប្រយត្ន័ កូវីដវាមកវិញហើយជាក់ស្តែងលូវខ្ញុំកំពុងកើតផ្ទាល់ ។

ដោយឡែក បើយោងតាមរយៈការខមមិននៅពីក្រោយសំណេរដែលសរសេរពាក់ព័ន្ធការសាកសួរពីមិត្តភក្តិពាក់ព័ន្ធទៅនឹងអាការៈជំងឺនោះតារាចម្រៀង ខេម បានលើកឡើងថា អាការៈវាមិនខុសអីពីផ្តាសាយនោះទេ តែវាមានកម្រិតធ្ងន់ជាងផ្តាសាយ អាការៈក្តៅខ្លួនឈឺ.ក ឈឺក្បាល ពេលខ្លះក៏រងារ ពេលខ្លះក៏ក្តៅខ្លួន ហើយក៏ឈឺចាប់ពេញខ្លួនដែរ ។
លោកបញ្ជាក់ថា ការចាក់វ៉ាក់សាំងមិនមែនមានន័យថា ឈប់កើត ឬមិនឆ្លងទៀតនោះទេ គឺចាក់ដើម្បីកុំអោយវិវត្តន៍ទៅជាធ្ងន់កុំច្រឡំត្រង់និងណា ។

យ៉ាងណា បើតាមលោកខេម ការប្រកាសពីការកើតជំងឺកូវីដនេះ គឺមិនមែនជាការលេងសើចនោះឡើយ ខណៈពេលដែលមានបំណងមហាជន ជាពិសេសបណ្តាអ្នកគាំទ្រទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ដោយសារការពារវាប្រសើរជាងកើត ។
គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានលើកឡើងថា ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះ គឺពពួកអូមីក្រុងដែលបានបម្លែងខ្លួនជាបន្តបន្ទាប់ ជាពិសេស ពពួកអូមីក្រុងបម្លែងថ្មីប្រភេទជេអ៊ុន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក ។

ចំពោះ អ្នកឆ្លងអូមីក្រុងបម្លែងថ្មីជេអិន១ (JN.1) នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទកូវីដ-១៩ ជំនាន់មុនៗនោះទេ ដោយរោគសញ្ញាមានដូចជា គ្រុនកៅ្ត ក្អកស្ងួត ឈឺបំពង់.ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា ។ ភស្តុតាងជាសកលបច្ចុប្បន្នមិនបង្ហាញថា ជេអ៊ុន១បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទអូមីក្រុងពីមុននោះទេ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជាយើងនាប៉ុន្មានខែចុងក្រោយនេះ ការចម្លងវីរុសកូវីដ-១៩នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ជាពិសេស នារដូវវស្សាខាងមុខ
នេះ។

ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ រក្សាគម្លាតសុវត្ថិភាព ពេលនៅក្បែរបុគ្គលដែលមានរោគសញ្ញាដូចជាផ្តាសាយ បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ថែមដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាព ស៊ាំសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយសុខភាពសាធារណៈ និងបន្តនិរន្តរភាពនៃការរស់នៅធម្មតាក្នុងគន្លងប្រក្រតីភាពថ្មី ៕



ចែករំលែកព័តមាននេះ