Xabi Alonso នឹងក្លាយជាគ្រូថ្មី Real Madrid ជំនួសលោក Ancelotti ដែលព្រមទៅដឹកនាំសាំបាប្រេស៊ីល
បរទេស ៖ លោក Carlo Ancelotti នឹងចាកចេញពីក្លិប Real Madrid នៅចប់រដូវកាលនេះ ដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីល…
បរទេស ៖ លោក Carlo Ancelotti នឹងចាកចេញពីក្លិប Real Madrid នៅចប់រដូវកាលនេះ ដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីល…
បរទេស ៖ លោក Carlo Ancelotti នឹងចាកចេញពីក្លិប Real Madrid នៅចប់រដូវកាលនេះ ដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីល ជាមួយកិច្ចសន្យាដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ចំណែកលោក Xabi Alonso ក៏នឹងចាកចេញពីក្លិប Bayern Leverkusen ដើម្បីមកជំនួសតំណែងលោក Carlo Ancelotti នៅទឹកដី Santiago Bernabéu ផងដែរ។
សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសផ្លូវការតែងតាំងលោក Carlo Ancelotti សញ្ជាតិអ៊ីតាលីជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិឈុតធំបុរសប្រេស៊ីល។ លោកគឺជាគ្រូបង្វឹកបរទេសដំបូងគេ ដែលដឹកនាំក្រុមរហស្សនាម «សាំបា» មួយនេះ ហើយក៏ជាបទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិលើកដំបូងរបស់លោកផងដែរ។
គ្រូបង្វឹកអ៊ីតាលីវ័យ៦៥ឆ្នាំ ដែលបានចូលរួមជាមួយ Real Madrid ជាលើកទីពីរ កាលពីឆ្នាំ២០២១ រូបនេះ នឹងចាកចេញពីក្លិបបន្ទាប់ពីចប់រដូវកាលនៃក្របខណ្ឌកំពូលអេស្ប៉ាញ La Liga ដែលមានន័យថា លោកនឹងមិនដឹកនាំក្រុមសម្រាប់ការប្រកួតព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ ២០២៥ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដានោះទេ។
លោក Carlo Ancelotti ត្រៀមចូលជំនួសតំណែងលោក Dorival Júnior ដែលត្រូវបានបណ្តេញចេញកាលពីខែមីនា បន្ទាប់ពីប្រេស៊ីលចាញ់អាហ្សង់ទីនយ៉ាងអាម៉ាស់លទ្ធផល ៤ទល់នឹង១ នៅក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ ប្រចាំទ្វីបអាមេរិកខាងត្បូង។ ហើយលទ្ធផលនោះបានធ្វើឱ្យប្រេស៊ីលឈរនៅចំណាត់ថ្នាក់ទី៤ក្នុងតារាង ក្រោយឆ្លងកាត់១៤ប្រកួតកន្លងមក មាន២១ពិន្ទុ គម្លាតរហូតដល់១០ពិន្ទុពីអាហ្សង់ទីនឈរនៅកំពូលតារាង និងជាក្រុមដំបូងគេក្នុងចំណោមក្រុមទាំង១០ ប្រចាំទ្វីបអាមេរិកខាងត្បូង ដែលបានកៅអីស្វ័យប្រវត្តិទៅកាន់ការប្រកួតជុំចុងក្រោយព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ដែលប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះរួមគា្ន។
សូមជម្រាបជូនថា លោក Carlo Ancelotti ត្រូវបានចាត់ទុកជាគ្រូបង្វឹកដ៏ជោគជ័យ និងអស្ចារ្យមួយរូបលើពិភពលោក ដោយធ្លាប់ដឹកនាំក្រុមកំពូលៗជាច្រើនរួមទាំង Juventus, AC Milan, Chelsea, PSG, Bayern Munich និង Napoli ដោយឈ្នះពានរង្វាន់ និងបង្កើតបានកំណត់ត្រាជាច្រើនរាប់មិនអស់។ លោកបានដឹកនាំ Real Madrid ២លើក ដោយលើកដំបូងចាប់ពីឆ្នាំ ២០១៣ ដល់ ២០១៥ និងលើកទី២ ចាប់តាំងពីឆ្នាំ ២០២១ រហូតមកទល់បច្ចុប្បន្ន។ ជោគជ័យដ៏ធសម្រាប់អាជីពរបស់លោក គឺជាគ្រូបង្វឹកតែម្នាក់គត់ ដែលឈ្នះជើងឯកពានរង្វាន់ UEFA Champions League រហូតដល់៥ដង។
នៅក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រភពពីសារព័ត៌មានធំៗជាច្រើនបានរាយការណ៍ថា ក្លិប Real Madrid កំពុងតែប្រញាប់ប្រញាល់បញ្ចប់កិច្ចព្រមព្រៀងមួយជាមួយលោក Xabi Alonso ដើម្បីនាំយកបុរសសញ្ជាតិអេស្ប៉ាញវ័យ៤៣ឆ្នាំរូបនេះ ក្លាយជាគ្រូបង្វឹកថ្មីរបស់ពួកគេឱ្យឆាប់តាមដែលអាចធ្វើទៅបាន។
ប្រភពស្និទ្ធនឹងរឿងនេះបានបង្ហើបឱ្យដឹងថា តាមផែនការ លោក Alonso នឹងចាកចេញពី Bayern Leverkusen មកដឹកនាំក្រុម Real Madrid នៅដើមខែមិថុនាតែម្តង ដើម្បីរៀបចំក្រុមសម្រាប់ការប្រកួតព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ ២០២៥។
លោក Alonso បានប្រកាសអំពីការចាកចេញពីក្លិប Bayer Leverkusen កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីទទួលបានជោគជ័យរយៈពេល២ឆ្នាំកន្លះជាមួយក្លិបអាល្លឺម៉ង់មួយនេះ ដោយឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់១លើក និងពានក្នុងស្រុកចំនួន២ផ្សេងទៀតផងដែរ។
ប្រភពពី Sky Sports រាយការណ៍ថា ក្លិប Leverkusen បានយល់ព្រមអនុញ្ញាតឱ្យលោក Alonso ចាកចេញពីក្លិបទៅចូលរួមជាមួយ Real Madrid ដោយគ្មានគិតថ្លៃកម្រៃជើងសាអ្វីទាំងអស់ បើទោះជាអតីតខ្សែបម្រើឆ្នើមជម្រើសជាតិអេស្ប៉ាញ ក្លិប Liverpool, Real Madrid និង Bayern Munich រូបនេះ នៅសល់កុងត្រា១ឆ្នាំទៀតជាមួយក្លិបយ៉ាងណាក៏ដោយ៕ ប្រភព ៖ FIFA, BBC, ESPN, Sky Sports និង The Guardian
ចែករំលែកព័តមាននេះ