ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើ​ការ​រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​យើង​តែងតែ​ហៅ​ជា​ទូទៅ​ថា ប្រឡង​បាក់​ឌុ​ប គឺ​កាន់តែ​គៀក​ទៀត​ហើយ ។ ដូច្នេះ​ប្អូន​ៗ​យុវ​សិស្ស ដោយ​រួម​ទាំង​អាណាព្យាបាល​ក៏​ដូច​ជា ឪពុក​ម្តាយ​ណា ដែល​មានកូន​ត្រូវ​ដល់​ឆ្នាំ​ប្រឡង​ដ៏​សំខាន់​នេះ​កុំ​ភ្លេច​រំលឹក​ដាស់តឿន លើកទឹកចិត្ត…

ដំណើ​ការ​រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​យើង​តែងតែ​ហៅ​ជា​ទូទៅ​ថា ប្រឡង​បាក់​ឌុ​ប គឺ​កាន់តែ​គៀក​ទៀត​ហើយ ។ ដូច្នេះ​ប្អូន​ៗ​យុវ​សិស្ស ដោយ​រួម​ទាំង​អាណាព្យាបាល​ក៏​ដូច​ជា ឪពុក​ម្តាយ​ណា ដែល​មានកូន​ត្រូវ​ដល់​ឆ្នាំ​ប្រឡង​ដ៏​សំខាន់​នេះ​កុំ​ភ្លេច​រំលឹក​ដាស់តឿន លើកទឹកចិត្ត និង​ជំរុញ​បន្ថែម ដើម្បី​ឲ្យ​កូន​ៗ​អាច​ទទួល​បាន​លទ្ធផល​ដ៏​ត្រចះត្រចង់ នៅ​ពេល​ដែល សម័យ​ប្រឡង​បាន​មក​ដល់ ។

តាម​ការ​ចែករំលែក​របស់ លោក ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា សម័យ​ប្រឡង​វាស់​ស្ទង់​សមត្ថភាព​ចំណេះដឹង​ទូទៅ​របស់​យុវ​សិស្ស​កម្ពុជា​ដ៏​សំខាន់​មួយ​នេះ​គ្រោង​នឹង​ធ្វើការ​រៀបចំ​ឡើង​នៅ​ក្នុង​រង្វង់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥ ខាង​មុខ ហើយ​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ការ​ប្រឡង​ដ៏​សំខាន់​នេះ​ឲ្យ​កាន់តែ​មាន​សុ​ក្រឹត្យ​ភាព កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា ថ្មី​ៗ​នេះ​លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការ​ប្រឡង​នេះ​ជាមួយនឹង​ថ្នាក់ដឹកនាំ និង​មន្ត្រី​មក​ពី​នាយកដ្ឋាន​ពាក់ព័ន្ធ​នានា ។

លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ចែករំលែក​បន្ត​ថា មក​ដល់​ពេល​នេះ ក្រសួង​បាន​កំពុង​តែ​រៀប​ចំការ​កំណត់​សម័យ​ប្រឡង និង​ប្រតិទិន​សំខាន់​ៗ ការ​រៀបចំ​ផែនការ​សកម្មភាព​ឆ្ពោះទៅ​កាន់ការ​ប្រឡង គោលការណ៍​ប្រឡង និង​នីតិវិធី​ប្រឡង​កា​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន និង​សលាក​ប​ត្រ​ឯកត្តជន ការ​កំណត់​មណ្ឌល​ប្រឡង និង​ទីតាំង​សម្រាប់​បំពេញការងារ​ប្រឡង​, ការ​រៀបចំ​ការ​ផលិត​និង​គ្រប់គ្រង ប្រធាន​វិញ្ញាសា​ប្រឡង ការ​រៀបចំ​គណៈមេប្រយោគ និង​គណៈកម្មការ​នានា ការ​ទំនាក់ទំនង​អន្តរក្រសួង​ស្ថាប័ន សម្ភារៈ​បរិក្ខារ និង​ថវិកា​ប្រឡង ការ​រៀបចំ​យន្តការ​ធានា​សុខ​សុវត្ថិភាព​សុខភាព ពេល​ប្រឡង និង​ការ​រៀបចំ​កន្លែង​សម្រាប់​ដំណើ​ការ​ប្រឡង​ក៏​ដូច​ជា ការ​ត្រៀម​រៀបចំ​យន្តការ​កំណែរ ។

ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ និង​ធានា​ឱ្យ​បាន​នូវ​ដំណើរការ​ប្រឡង​ប្រកបដោយ​ភាព​រលូន សុក្រឹតភាព យុត្តិធម៌ និង​តម្លាភាព ស្រប​តាម​គោលការណ៍ «​អ្នកចេះ គឺ​ជាប់​» លោក​ឧបនាយករដ្ឋមន្ត្រី​បាន ផ្តល់​អនុសាសន៍​មួយ​ចំនួន​ជូន​ក្រុមការងារ​ជំនាញ​ដើម្បី​អនុវត្ត​បន្ត​ដូច​ជា ការ​ពង្រឹង​យន្តការ និង​ស​ម្រួ​ប​សម្រួល​ដល់​ការ​បន្ថែម​បេក្ខភាព​បេក្ខជន ក្នុង​ការ​ប្រឡង និង​ត្រៀមលក្ខណៈ​ជា​និច្ច​ជៀសវាង​ទឹក​ជន់​លិច​នៅ​រដូវវស្សា ដោយសារ​ជំនន់​ទឹកភ្លៀង​ជាដើម ។

យ៉ាងណាមិញ គប្បី​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​ដំណាក់កាល​កំណែរ ទាំង​ការ​បែងចែក​សន្លឹក​កិច្ចការ កាត់​ក្បាល​សន្លឹក​កិច្ចការ និង​ពេល​កំណែ​ត្រូវ​មាន​ភាព​ច្បាស់លាស់​ដោយ​ប្រធាន​ក្រុម​រួម​មុខ​វិជ្ជា ត្រូវ​ណែនាំ​លម្អិត​ពី​ដំណើរការ​ប្រឡង ដំណើរការ​នៃ​ការ​បូក​ស្រង់​ពិន្ទុ កម្រង​ភារកិច្ច និង​បែងចែក​នូវ​លំហូរ​នៃ​សកម្មភាព ការ​ទទួលខុសត្រូវ​ឱ្យ​បាន​ច្បាស់លាស់ ។

នៅ​ក្នុងអំឡុងពេល​នេះ ពេលវេលា​នៃ​ការ​ប្រឡង​កាន់តែ​គៀក ដោយ​ខាង​ស្ថាប័ន​ជំនាញ​កំពុង​តែ​ប្រញឹក​ដែរ ដោយឡែក​យើង​ជា​យុវ​សិស្ស​ក៏​ត្រូវ​តែ​ចូលរួម​សំខាន់​ដែរ ។ យុវ​សិស្ស​កុំ​ភ្លេច​ថា ក្រសួង អប់រំ យុវជន និង​កីឡា ក៏​ដូច​ជា ស្ថាប័ន​ពាក់ព័ន្ធ​នានា គឺ​គ្រាន់តែ​ជា​អ្នក​រៀបចំ​ទេ តែ​យើង​ជា​យុវ​សិស្ស​នេះ​ទេ ដែល​ជា​អ្នក​ប្រកួតប្រជែង​នៅ​ក្នុង​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥ ខាង​មុខ​នេះ ។

ប្អូន​ៗ ចាប់ពី​ថ្ងៃនេះ (​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៥) រហូត​ដល់​ថ្ងៃ​ប្រឡង ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥ នៅ​សល់​ត្រឹមតែ​៣ ខែ​៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ។ ពេលវេលា​នេះ នៅ​សល់​មិន​ច្រើន​ទេ តែ​វា​ក៏​ល្មម​គ្រប់គ្រាន់​នឹង​ប្អូន​ៗ​ក្មួយ​ៗ​គួរតែ​ភ្ញាក់រលឹក ហើយ​ចាប់ផ្តើម​សម្រុក​រៀនសូត្រ ដោយឡែក​អាណាព្យាបាល ជា​ពិសេស គឺ​ឪពុក​ម្តាយ គឺ​ត្រូវ​តែ​សម្របសម្រួល​លើកទឹកចិត្ត​ធ្វើ​យ៉ាងណា​ឲ្យ​កូនប្រុស​កូនស្រី​របស់​អ្នក​ទាំងអស់​គ្នា​អាច​ឆ្លង​ផុត​ដំណាក់កាល​នេះ ។

ពេលវេលា​កាន់តែ​ខ្លី ដូច្នេះ​គប្បី​ប្អូន​ៗ​បែងចែក​ការ​រៀបចំ​ពេលវេលា​រៀនសូត្រ​អោយ​មាន​ប្រសិទ្ធភាព ដើម្បី​ទទួល​បាន​លទ្ធផល​ជោគជ័យ នៅ​ក្នុង​ដំណើរការ​ប្រឡង​នា​ពេល​ខាង​មុខ​នេះ ។ បើ​រាប់​ជា​ខែ គឺ​វា​នៅ​សល់​ប្រមា​ន​ជា​៣​ខែ​៦​ថ្ងៃ ប៉ុន្តែ​បើ​រាប់​ជាស​ប្តា​ហ៍ គឺ​វា​ប្រហែលជា​១៤​ស​ប្តា​ហ៍ ដូច្នេះ​ប្អូន​ៗ គួរតែ​បែងចែក​កម្មវិធី​ស្វ័​យ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់ ។

ជា​បទ​ពិសោធន៍​នៅ​ក្នុងអំឡុងពេល​នេះ គឺ​ពី​ស​ប្តា​ហ៍​ទៅ​១​ដល់ទី​៤ ប្អូន​ៗ​គួរតែ​រៀបចំ​ផែនការ​រំលឹក​មេរៀន​មូលដ្ឋាន​នានា​ដែល​ត្រូវ​ប្រឡង​ឡើង​វិញ​ទាំងអស់ ។ ប្អូន​ៗ​គួរតែ​រៀបចំ​សៀវភៅ​សិក្សា និង​ឯកសារ​សង្ខេប ហើយ​ព្យាយាម​រៀបចំ​ពាក្យ​គន្លឹះ​សំខាន់​ៗ និង​របៀប​ដោះស្រាយ​សំនួរចម្លើយ​នានា ។ ក្រៅពី​រៀន​នៅ​សាលា ប្អូន​ៗ​ត្រូវ​លៃលក​ពេលវេលា​រៀន​បន្ថែម​ខ្លួនឯង​យ៉ាង​ហោច​ណាស់​ក៏​ពី ២​ទៅ​៣​ម៉ោង​បន្ថែម​ខ្លួនឯង​រាល់ថ្ងៃ ។

ចន្លោះ​ពេល​ស​ប្តា​ហ៍ ៥ ដល់​៨ ប្អូន​ៗ​គួរតែ​ព្យាយាម​ស្វែង​យល់ និង​ស្វែងរក​ចំណុចខ្សោយ​ហើយ​ព្យាយាម​បំពេញ​ចំណុច​ដែល​ខ្វះខាត​ទាំងនោះ និង​ប្រឹងប្រែង​ធ្វើ​លំ​ហាត់​ឲ្យ​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ ។ លំ​ហាត់​ទាំងនោះ គឺ​ត្រូវធ្វើ​ហើយ​ធ្វើ​ទៀត​ទាល់តែ​ស្ទាល់​ជំនាញ មិនមែន​ធ្វើ​ម្តង​ហើយ​ចាត់​ទុក​ថា ខ្លួន​ចេះ​ស្ទាត់​នោះ​ទេ ។ នៅ​ក្នុង​ករណី​ខ្លះ ប្អូន​ៗ​អាច​ចង​គ្នា​ជា​ក្រុម​រៀន​ដើម្បី​ជួយ​គ្នា ។ ប៉ុន្តែ​ការ​ចង​ជា​ក្រុម​នេះ គឺ​ត្រូវ​ប្រាកដ​ថា ចង ដើម្បី​រៀន មិនមែន​ជុំ​គ្នា​លេង​ហ្គេ​ម ឬ ធ្វើ​សកម្មភាព​មិន​បានការ​ជាមួយ​គ្នា​នោះ​ឡើយ ។

ពី​ស​ប្តា​ហ៍​ទី​៩ ដល់​ស​ប្តា​ហ៍​ទី​១២ ប្អូន​ៗ​គួរតែ​រៀន​ជា​ផ្នែក​ៗ​ដូច​ជា ពង្រឹង​ការ​អាន សាកល្បង​ការ​សរសេរ ពង្រឹង​ការ​គិត និង​គណនា ហើយ​ក៏​ត្រូវ​តែ​រៀន​វិភាគ និង​បកស្រាយ​បញ្ហា ហើយ​សាកល្បង​ប្រមែប្រមូល វិញ្ញាសារ​រៀមច្បង​ប្រឡង​មុន​ៗ​យក​មក​ធ្វើ​យក ដើម្បី​វាស់​ស្ទង់​កម្រិត​សមត្ថភាព​របស់​យើង​ទាំងអស់​គ្នា ។

នៅ​ស​ប្តា​ហ៍​ទី​១៣ ដល់​ស​ប្តា​ហ៍​ទៅ​១៤ ប្អូន​ៗ​ដាច់ខាត​ត្រូវ​តែ​រំលឹក​មេរៀន​ឡើង​វិញ​ទាំងអស់ ហើយ​នៅ​ក្នុង​ករណី​ដែល​ប្អូន​ៗ​គិត​ថា ប្អូន​ៗ​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​ប្អូន​ៗ​អាច​បន្ថយ​ដៃ​បន្តិច​ហើយ ព្យាយាម​សម្រាក​បំប៉ន​ស្មារតី ហើយ​រៀន​ហ្វឹកហាត់​លំ​ហាត់​នៃ​ការ​ពង្រឹង​សតិបញ្ញា​ស្មារតី ដើម្បី​ការពារ​កុំអោយ​យើង​ស្លុត យើង​ភ័យ​បាត់​ម្ចាស់​ការ​ចំពោះ​ខ្លួន​ចំពោះ​សមត្ថភាព​ដែល​បាន​ត្រៀម ។ ការ​សម្រាក​គ្រប់គ្រាន់ ញ៉ាំ​អាហារ​ដែល​មាន​សារៈ​ប្រយោជន៍​ចំពោះ​សុខភាព​ដើម្បី​បំប៉នកម្លាំង​នឹង​ស្មារតី​ត្រៀម​ចូល​សៃ​វៀន​នៃ​ការ​ប្រឡង ។

សរុប​ទៅ ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​រៀបចំ​ប្រឡង គឺ​នៅ​សល់​មិន​ច្រើន​ទេ ប៉ុន្តែ​ក៏​មិន​ត្រូវ​ស្លន់ស្លោ​រដែរ គឺ​ត្រូវ​ពង្រឹងស្មារតី​ខ្លួនឯង ហើយ​ខំប្រឹង​រៀនសូត្រ​ដោយ​បែងចែក​កាលវិភាគ​នៅ​ក្នុង​ការ​ស្វ័​យ​សិក្សា​ប្រកបដោយ ភាព​ឈ្លាសវៃ ។ ជា​ទូទៅ​ប្អូន​ៗ​ដែល​ឆ្លង​ផុត​ដំណាក់ កាល​នេះ រមែង​មាន​ឥស្សរៈភាព​ច្រើន ពីព្រោះ​តែ​ប្អូន​ៗ​ត្រូវ​បាន​អាណាព្យាបាល​គិត​ថា ប្អូន​ៗ​ចម្រើន​វ័យ​ដែល​អាច​មើលថែ​ទាំង និង​ការពារ​ខ្លួនឯង​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ