ទីក្រុងហ្សឺណែវ៖ នេះជាដំណឹងល្អ និងជាសញ្ញាវិជ្ជមានមួយឆ្ពោះទៅរកដំណាក់កាលធូរស្បើយឡើងវិញនៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចចិន និងអាមេរិក។ ថ្មីៗនេះ ប្រទេសទាំង២ឯកភាពគ្នាថានឹងកាត់បន្ថយអត្រាពន្ធគយដែលដំឡើងទៅលើទំនិញគ្នាទៅវិញទៅមកជាបណ្ដោះអាសន្ន។ តាមមើលទៅ ប្រទេសទាំង២បន្ទាប់ពីសាកល្បងសមត្ថភាពគ្នាមួយរយៈកាលកន្លងមកហាក់ដូចជាទទួលស្គាល់ថាសង្គ្រាមធ្វើឱ្យខាតបង់ផលប្រយោជន៍ច្រើនជាងចំណេញ។
ក្រោយកិច្ចចំនួបកម្រិតខ្ពស់រវាងមន្ត្រីរដ្ឋាភិបាលអាមេរិក និងចិននៅប្រទេសស្វីស រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិក (ស្មើនឹងក្រសួងសេដ្ឋកិច្ចនៅប្រទេសដទៃ) លោកស្កុត បឺសឹន (Scott Bessent) ថ្លែងថាប្រទេសទាំង២យល់ព្រមព្យួរទុករយៈពេល៩០ថ្ងៃនូវអត្រាពន្ធគយដែលបានដំឡើងកាលពីពេលកន្លងមក។ ក្នុងនោះគេដឹងថាអាមេរិកដំឡើងពន្ធចិនដល់១៤៥%។ ចំណែកចិនដំឡើងពន្ធទំនិញអាមេរិក១២៥%។ ដូច្នេះអំណឹះតទៅ ប្រទេសទាំង២នៅរក្សាអត្រាពន្ធគយត្រឹម១០%ដដែល។
លោកបឺសឹនថ្លែងថាប្រទេសទាំង២ចង់តម្កល់ផលប្រយោជន៍ជាតិរៀងៗខ្លួនឱ្យបានល្អប្រសើរ។ យើងទាំង២សុទ្ធតែប្រាថ្នាចង់បានការធ្វើពាណិជ្ជកម្មដែលមានតុល្យភាពនឹងគ្នា។ មួយរយៈចុងក្រោយនេះ មាសហាក់ដូចជាបានដៃសម្បើមណាស់ និងហាក់ដូចជាឡើងថ្លៃស្រឺតៗនៅពេលជម្លោះពាណិជ្ជកម្មបន្តកើតមាន។ ប៉ុន្តែក្រោយការសម្រុះសម្រួលគ្នានេះ ប្រាក់ដុល្លារអាចនឹងបានដៃវិញម្ដង។
គ្រាន់តែដំណឹងនេះផ្សព្វផ្សាយជាសាធារណៈភ្លាម គេឃើញថាប្រាក់ដុល្លារហក់ឡើងខ្ពស់យ៉ាងឆាប់រហ័ស១រំពេចបើប្រៀបធៀបជាមួយក្រដាសប្រាក់ដទៃទៀត។ សូមជម្រាបថានេះជាការជួបទល់មុខគ្នាលើកដំបូងរវាងមន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃប្រទេសទាំង២ចាប់តាំងពីលោកត្រាំឡើងកាន់អំណាច និងប្រកាសដំឡើងពន្ធទំនិញប្រទេសនានានៅលើពិភពលោក។ ជាពិសេស ត្រាំដាក់ពន្ធខ្លាំងជាងគេទៅលើប្រទេសចិន។ ខាងលើនេះជាដកស្រង់ប្រភពពីរ៉យទ័រ (Reuters), អេភី (AP) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ