ទីក្រុងកៀវ៖ លោកហ្សេឡិនស្គីមានសារនយោបាយបែបវិជ្ជមានលាយការចម្អកចំពោះការអំពាវនាវរបស់លោកពូទីនដែលស្នើសុំជួបគ្នាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ីនៅថ្ងៃទី១៥ ខែឧសភានៅតួកគី។ ហ្សេឡិនស្គីមិនជំទាស់នឹងបំណងល្អនេះ ទេ។ លោកថែមទាំងប្រកាសជាសាធារណៈពីថ្ងៃនេះទៅថាលោកត្រៀមចូលរួមកិច្ចជំនួបនោះដោយផ្ទាល់។ លោកក៏សូមឆ្លៀតឱកាសនេះអំពាវនាវឱ្យលោកពូទីនទៅប្រទេសតួកគីនៅថ្ងៃនោះដែរដើម្បីជួបមុខគ្នាកម្រិតកំពូលដោយផ្ទាល់តែម្ដង។
ថ្វីដ្បិតអ្នកវិភាគយល់ថាករណីជួបទល់គ្នារវាងលោកពូទីន និងលោកហ្សេឡិនស្គីមិនអាចទៅរួចទេនៅពេលនោះ ប៉ុន្តែអ៊ុយក្រែនយល់ថាខ្លួនត្រូវតែឆ្លៀតឱកាសនេះដើម្បីរុញលោកពូទីនទៅជញ្ជាំង និងឆ្លៀតកេងចំណេញនយោបាយខ្លះ។ លោកពូទីនអំពាវនាវឱ្យមានកិច្ចជំនួបដោយផ្ទាល់បន្ទាប់ពីក្រុមបស្ចិមប្រទេសមិនថាអ៊ុយក្រែន អឺរ៉ុប ឬអាមេរិកទេសុទ្ធតែនិយាយដូចៗគ្នាថារុស្ស៊ីគួរណាស់ប្រកាសទទួលយកបទឈប់បាញ់ដ៏ពេញលេញ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌរយៈពេល៣០ថ្ងៃ។
លោកពូទីនក៏បានឆ្លើយតបចំពោះ ចំណុចនេះផងដែរថាបទឈប់បាញ់នេះមិនចាំបាច់ទាន់និយាយគ្នាមុនទេ ចាំជួបគ្នានៅអ៊ីស្តាន់ប៊ុលសិនចាំនិយាយគ្នាក៏មិនទាន់ហួសពេលដែរ។ ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់បន្ថែមត្រង់ចំណុចនេះថាបទឈប់បាញ់មិនទាន់អាចនិយាយបានទេ។ លុះត្រាតែដោះស្រាយអ្វីដែលជាប្រភព ឬឫសគល់នៃសង្គ្រាមជាមុនសិន។
លោកពូទីន និងលោកហ្សេឡិនស្គីខានជួបគ្នាចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ គិតទៅជាង៥ឆ្នាំហើយ។ ដូច្នេះ ការនឹករលឹកគ្នាអាចនឹងមាន។ គ្រាន់តែថាជាចំហ លោកទាំង២ហាក់ដូចជាបង្ហាញការមិនចូលចិត្តគ្នាទាល់តែសោះ។ ហ្សេឡិនស្គីបង្ហោះសារនៅលើបណ្ដាញអ៊ិចថាលោកទន្ទឹងរង់ចាំជួបលោកពូទីននៅតួកគីនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោកបញ្ជាក់ថាលោកចង់ជួបគ្នាផ្ទាល់តែ២នាក់។ លោកសង្ឃឹមថាលើកនេះរុស្ស៊ីនឹងមិននិយាយយកលេសនេះ ឬលេសនោះតទៅទៀតទេ។
ផ្ទុយពីលោកត្រាំដែលប្រកាសអបអរសាទរយ៉ាងកងរំពងចំពោះការអំពាវនាវរបស់លោកពូទីន លោកហ្សេឡិនស្គីហាក់ដូចជាបញ្ចេញប្រតិកម្មតបដោយប្រុងប្រយ័ត្នព្រោះគាត់ខ្លាចចូលទៅក្នុងអន្ទាក់របស់គេ។ ហ្សេឡិនស្គីប្រកាសជារឿយៗថាគាត់គាំទ្រណាស់ការចរចាគ្នាដើម្បីបញ្ចប់សង្គ្រាម។ លោកស្នើសុំតែម៉្យាងទេ រុស្ស៊ីគួរប្រកាសទទួលយកបទឈប់បាញ់រយៈពេល៣០ថ្ងៃ។ ហ្សេឡិនស្គីប្រហែលជាពិបាកទទួលយកសេណារីយោវាយគ្នាផង និងចរចាគ្នាផង ឬយុទ្ធសាស្ត្រចាប់ដៃជាន់ជើង។
ប៉ុន្តែលោកត្រាំដោយសារចង់បញ្ចប់សង្គ្រាមឱ្យបានឆាប់ដោយវិធីណាក៏ដោយ លោកហាក់ដូចជាគាំទ្រសំណើរបស់លោកពូទីនដែលចង់ចរចាគ្នាដោយផ្ទាល់។ ផ្ទុយពីហ្សេឡិនស្គីដែលចង់ភ្ជាប់នឹងលក្ខខណ្ឌនៃបទឈប់បាញ់ ត្រាំយល់ថាមិនគួរស្មុគស្មាញ ឬសូញសាញច្រើនរបៀបអន្ទង់វែង ឆ្នាំងវែងទេ។ ភាគីទាំង២គួរតែចូលតុចរចាគ្នានៅក្នុងពេលនេះ។ ត្រាំជាមនុស្សដែលមានឥទ្ធិពលខ្លាំងលើអ៊ុយក្រែន។ ពោលគឺឥទ្ធិពលខ្លាំងជាងអឺរ៉ុបទៅទៀត។
បើហ្សេឡិនស្គីហ៊ាននិយាយកិចកុកច្រើន ត្រាំអាចនឹងផ្ដាច់ជំនួយយោធា។ ត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) ថាលោកប្រធានាធិបតីពូទីនមិនចង់មានបទឈប់បាញ់អ្វីទេ។ លោកចង់ជួបគ្នានៅតួកគីតែម្ដងដើម្បីរកវិធីបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមនេះ។ ដូច្នេះលោក (ត្រាំ) យល់ថាអ៊ុយក្រែនគួរតែទទួលយកសំណើរនេះជាប្រញាប់។ ខាងលើនេះជាការដកស្រង់ប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ