ប្រទេសស្វីស ៖ សហរដ្ឋអាមេរិក និងប្រទេសចិនបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីទម្លាក់អត្រាពន្ធគយគ្នាទៅវិញទៅមកជាបណ្ដោះអាសន្នសម្រាប់រយៈពេល៩០ថ្ងៃ ខណៈដែលប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក កំពុងស្វែងរកការបញ្ចប់សង្គ្រាមពាណិជ្ជកម្មដែលបានខូចខាត និងបង្កឱ្យមានការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ច។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters, CNN និង BBC ចេញផ្សាយនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
យោងតាមសេចក្តីថ្លែងការណ៍រួមបានបង្ហាញថា តាមរយៈកិច្ចព្រមព្រៀងដ៏សំខាន់ខាងលើនេះមានន័យថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយជាបណ្តោះអាសន្នរយៈពេល៩០ថ្ងៃ សម្រាប់ពន្ធគយរួមរបស់ខ្លួនលើទំនិញចិនពី ១៤៥% មកនៅត្រឹម ៣០% ខណៈដែលប្រទេសចិនក៏យល់ព្រមនឹងកាត់បន្ថយការយកពន្ធលើការនាំចូលពីសហរដ្ឋអាមេរិកពី ១២៥% មកនៅត្រឹម ១០%។ ដូច្នេះអត្រាពន្ធគយនេះ អាចនឹងមានការប្រែប្រួល ឬនៅនឹងដដែលក្នុងរយៈពេល៩០ថ្ងៃទៀត អាស្រ័យលើការចរចាររវាងប្រទេសទាំង២សាជាថ្មីម្តងទៀត។
ទន្ទឹមជាមួយគ្នាផងដែរ ភាគីទាំងពីរដែលដឹកនាំការចរចាដោយឧបនាយករដ្ឋមន្ត្រីចិន He Lifeng និងរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Gree ក៏បានឯកភាពគ្នាបង្កើតយន្តការ ដើម្បីបន្តការពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។
សូមជម្រាបថា សង្គ្រាមពាណិជ្ជកម្មបានជះឥទ្ធិពលដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក និងប្រទេសចិនយ៉ាងខ្លាំងរួចទៅហើយ។ ជាក់ស្តែង ផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាមេរិកបានបង្ហាញពីការធ្លាក់ចុះប្រចាំត្រីមាសដំបូងរបស់ខ្លួន ចាប់តាំងពីដើមឆ្នាំ ២០២២ ខណៈដែលបណ្តាអ្នកនាំចូលបានប្រញាប់ប្រញាល់នាំចូលទំនិញមកកាន់ទឹកដីអាមេរិក មុនពេលការអនុវត្តពន្ធគយរបស់លោក ត្រាំ។ ចំណែកប្រទេសចិន ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីខែមុន ដែលបានប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្មក្នុងស្រុកយ៉ាងខ្លាំង៕


ចែករំលែកព័តមាននេះ