រាជធានីភ្នំពេញ ៖ បុរសចំនួន៥នាក់បានចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេមួយកន្លែងជាមួយគ្នា តាំងពីព្រលប់ រហូតដល់វេលាយប់រំលងអធ្រាត្រ ក្រោយពីផឹកស៊ីឆ្អែត និងច្រៀងសប្បាយអស់ចិត្ត ទើបឈប់ ខណៈនោះម្ចាស់ហាងបានគិតប្រាក់អស់ជាង១០០ដុល្លារ ។

ស្រាប់តែបុរស៣នាក់ បានរត់គេចខ្លួនបាត់នៅសល់២នាក់ទៀត គ្មានប្រាក់គ្រប់ ដើម្បីទូទាត់ឲ្យម្ចាស់ហាងក៏ត្រូវបានម្ចាស់ហាងខាងលើនាំគ្នាឃាត់ខ្លួនទុកមិនឲ្យទៅណា រួចរាយការណ៍ជូននគរបាលឲ្យចុះទៅអន្តរាគមន៍សម្របសម្រួលទាំងយប់ ។
ហេតុការណ៍នោះបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណជាង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចហាងខារ៉ាអូខេKTV យីហោ«KTV 7777 »ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅវេលាព្រលប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បុរស២នាក់ខាងលើ រួមជាមួយនឹងគ្នីគ្នា ចំនួន៣នាក់ទៀត សរុប៥នាក់ បាននាំគ្នាចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេ នៅក្នុងហាង KTV 7777នោះ ។ ដោយពេលចូលទៅដល់បានកុម្ម៉ង់ស្រាបៀរ និងគ្រឿងក្លែម ព្រមទាំងនំ ផឹកស៊ីច្រៀងសប្បាយ រហូតដល់វេលាម៉ោងប្រមាណជាង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ទើបឈប់ ។

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះម្ចាស់ហាងបានគិតប្រាក់អស់ចំនួន១៣៥ដុល្លារ ស្រាប់តែគ្នីគ្នាចំនួន៣នាក់ បានលួចរត់គេចខ្លួនចោលបុរស២នាក់ខាងលើនោះបាត់អស់ ហើយដោយសារតែគ្មានប្រាក់គ្រប់ចំនួន ដើម្បីទូទាត់ថ្លៃផឹកស៊ី និងច្រៀងសប្បាយ បុរស២នាក់នេះក៏ត្រូវបានម្ចាស់ហាងឃាត់ខ្លួនទុក ដើម្បីដោះស្រាយគ្នាតែម្ដង ។ បន្ទាប់មកម្ចាស់ហាងក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍ដង្កោនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោឲ្យជួយអន្តរាគមន៍ ក្រោយទទួលបានដំណឹងនេះ នគរបាលប៉ុស្តិ៍ខាងលើក៏បានចុះទៅធ្វើការសម្របសម្រួលភ្លាមៗដើម្បីចៀសវាងកុំឲ្យមានអំពើហិ.ង្សាកើតឡើង ។

ប្រភពខាងលើ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ពេលនគរបាលចុះទៅដល់បុរស២នាក់នោះបានសុំទូទាត់ត្រឹម៣០ម៉ឺនរៀលប៉ុណ្ណោះ ហើយដោយសារបើមិនយកមានតែអត់ និងខ្ជិលមានរឿងវែងឆ្ងាយតទៅទៀតផងនោះ ទើបម្ចាស់ហាង KTV មួយនោះ យល់ព្រមទទួលយក ដើម្បីបញ្ចប់រឿងត្រឹមហ្នឹង ហើយចាត់ទុកថា ជួបរឿងស៊យទៅចុះ បន្ទាប់មកបុរស២នាក់នោះក៏ត្រូវបានម្ចាស់ហាង និងនគរបាលអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញទាំងយប់ ៕
ចែករំលែកព័តមាននេះ