ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​គម​គ្រូ​ពេទ្យ​អ៊ិស្លាម​កម្ពុជា​ពិនិត្យ​ព្យា​បាល​ប្រជា​ពល​រដ្ឋ​ឥត​គិត​ប្រាក់​

12 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​របស់​សមា​គម​គ្រូ​ពេទ្យ​អ៊ិស្លាម​កម្ពុជា​ ដឹក​នាំ​ដោយ​លោក​​វេជ្ជ​បណ្ឌិត​សុះ មុះ​សិន ជា​ប្រធាន​​សមា​គម​ និង​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ​ និង​សាសនា​​បាន​ពិនិត្យ​ព្យាបាល​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​រស់​នៅ​ស្រុក​ព្រៃ​ នប់​ ខេត្ត​ព្រះ​សីហនុ​។

ខេត្ត​ព្រះ​សីហនុ​ ៖ ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​របស់​សមា​គម​គ្រូ​ពេទ្យ​អ៊ិស្លាម​កម្ពុជា​ដឹក​នាំ​ដោយ​លោក​​វេជ្ជ​បណ្ឌិត​សុះ មុះ​សិន ជា​ប្រធាន​​សមា​គម​ និង​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ​ និង​សាសនា​​បាន​ពិនិត្យ​ព្យាបាល​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​រស់​នៅ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហនុ​។

ការ​ពិនិត្យ និង​ព្យា​បាល​នេះ​​មាន​ការ​សហ​ការ​ជាមួយ​សមា​គម​សប្បុរស​ធម៌​ដើម្បី​អភិ​វឌ្ឍន៍​កម្ពុជា និង​សមា​គម​សម្រប​សម្រួល​សង្គម​នៃ​ប្រទេស​គុយ​វ៉ែត​។ នៅ​ក្នុង​ឱកាស​នោះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​វេជ្ជ​បណ្ឌិត​សាន់​ សាប់​អ៊ី អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​ភិ​បាល​ និងក្រុម​​គ្រូ​ពេទ្យ​​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​នាក់​។ លោក​វេជ្ជ​បណ្ឌិត​សុះ មុះ​សិន ​ឱ្យ​ដឹង​ថា ការ​​ពិនិត្យ​ព្យាបាល​រយៈ​ពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​២ និង​ទី៣​ ខែ​​កក្កដា ដោយ​ក្រុម​គ្រូ​ពេទ្យ​​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ ជំងឺ​កុមារ​ រោគ​ស្ត្រី​ ព្យាបាល​ធ្មេញ និង​ធ្វើ​​ខតាន់​(កាត់​ស្បែក​សំអាត​លិង្គ​ក្មេង​ប្រុស​អ៊ិស្លាម​)។

លោក​វេជ្ជ​បណ្ឌិត​សុះ​ មុះ​សិន ​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​២ ខែកក្កដា ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​បាន​ទៅ​​​ភូមិ​អូរត្រាវ​ ភូមិ​បន្ទាយ​ប្រីយ៍ ព្រៃ​នប់​ ទួល​ទទឹង​ និង​ភូមិ​ចុង​ខ្សាច់​ ស្រុក​ព្រៃ​នប់​ ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​បាន​១២៧​នាក់​ ព្យាបាល​ធ្មេញ​បាន​ចំនួន​៣៩​នាក់​ ពិនិត្យ​ព្យាបាល​រោគ​ស្ត្រី​ចំនួន​៤៨​នាក់​​ ព្យាបាល​ជំងឺ​កុមារ​បាន​ចំនួន​៤៧​នាក់​ និង​ធ្វើ​ខតាន់​ កាត់​ស្បែក​សំអាត​លិង្គ​ក្មេង​ប្រុស បាន​ចំនួន​៣៨​នាក់​ ។ ថ្ងៃ​ទី​៣​ ខែ​កក្កដា ​ពិនិត្យ​ព្យាបាល​​ប្រជា​ពលរដ្ឋ​​ក្រី​ក្រ​ក្នុង​ភូមិ​ដូន​លយ ភូមិ​បឹង​តា​ព្រហ្ម​ អូរ​ជ្រៅ​ និង​ភូមិ​បឹង​កា​ស្រី ដោយ​ពិនិត្យ​ព្យាបាល​ជំងឺ​​ទូទៅ​បាន​ចំនួន​១៤៨​នាក់​ រោគ​ស្ត្រី​ចំនួន​៥៧​នាក់​ព្យាបាល​ធ្មេញ​ចំនួន​២៩​នាក់​ ព្យាបាល​កុមារ​ចំនួន​៤៤​នាក់​ និង​ធ្វើ​ខ​តាន់​​ចំនួន​៥៨​នាក់​។ ក្រៅពី​ពិនិត្យ​​ និង​ព្យាបាល​ក៏​មាន​ការ​បញ្ចាំង​ស្លាយ​ពី​ការ​ការ​ពារ​សុខ​ភាព​ និង​​ចែក​ខិត្ត​ប័ណ្ណ​អប់​រំ​សុខ​ភាព​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ផង​ដែរ​។
លោក​វេជ្ជ​បណ្ឌិត​សុះ​ មុះ​សិន​ ​ឱ្យ​ដឹង​ថា រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សុខ​ភាព​របស់​ប្រជា​ពលរ​ដ្ឋ​ ហើយ​បង្កើត​ឱ្យ​មាន​មណ្ឌល​សុខ​ភាព​ ឬ​ប៉ុស្តិ៍​សុខ​ភាព​រហូត​ដល់​ទី​ជន​បទ​ កៀក​ផ្ទះ​ប្រជា​ពល​រដ្ឋ​ដើម្បី​​ជួយ​សំរួល​ដល់​​ការ​លំបាក​ និង​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតា​ ​និង​ទារក​ ឬ​ជំងឺ​ឆ្លង​នានា​។

លោក​វេជ្ជ​បណ្ឌិត​ សុះ មុះ​សិន ​បាន​ណែ​នាំ​ដល់​ប្រជា​ពល​រដ្ឋ​ជួយ​សំអាត​លំនៅ​ឋាន ថ្លុក សំរាម​ និង​ដាក់​មុង​ឱ្យ​ក្មេង​ ព្រោះ​អាច​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​គ្រុន​ឈាម​ ដោយ​អនុ​វត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​តាម​ពាក្យ​ស្លោក​ ហូប​ស្អាត​ រស់​នៅ​ស្អាត​ ផឹក​ស្អាត​។ លោក​វេជ្ជ​បណ្ឌិត​បាន​ណែ​នាំ​ប្រជា​ពល​រដ្ឋ​ដែល​មាន​បញ្ហា​សុខ​ភាព​ត្រូវ​ប្រញាប់​រួស​រាន់​ទៅ​មណ្ឌល​សុខ​ភាព​ ឬ​មន្ទីរ​ពេទ្យ​ចៀស​វាង​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ​អាច​បណ្តាល​ឱ្យ​គ្រោះ​ថ្នាក់​​ដល់​អាយុ​ជីវិត​។

លោក​វេជ្ជ​បណ្ឌិត​​បញ្ជាក់​ថា សមា​គម​គ្រូ​ពេទ្យ​អ៊ិស្លាម​កម្ពុជា​សហ​ការ​ជាមួយ​សមា​គម​សប្បុរស​ធម៌​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា និង​សមា​គម​សម្រប​សម្រួល​សង្គម​នៃ​ប្រទេស​​គុយ​វ៉ែត​បន្ត​ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ពិនិត្យ​ និង​ព្យាបាល​​ជូន​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​នៅ​តាម​តំបន់​នានា​បន្ត​ទៀត​ ៕