ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបិយ​ជំនឿ​ជា​ផ្នែក​មួយ​នៃ​អរិយធម៌​ក៏​ដូច​ជា​វប្បធម៌​របស់​ជាតិ​សាសន៍​នីមួយ​ៗ​នៅ​លើ​ពិភពលោក​នេះ​។ ប៉ុន្តែ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ហាក់ដូចជា​ជ្រុល​បន្តិច​ហើយ ដោយ​សំបូរ​អ្នក​ដែល​តាំងខ្លួន​ជា​អ្នកមាន​បារមី ឫ​មាន​កម្លាំង​អ​រូបិយ​។ ទន្ទឹម​នឹង​នោះ​ក៏​មាន​អ្នក​ដែល​រង​គ្រោះ​ដោយសារ​តែ​អបិយ​ជំនឿ​នេះ​កាន់តែ​ច្រើន​ផង​ដែរ ទាំង​រាស្ត្រ​អ្នក​ក្រី​ក អ្នកមាន ក៏​ដូច​ជា មន្ត្រី…

អបិយ​ជំនឿ​ជា​ផ្នែក​មួយ​នៃ​អរិយធម៌​ក៏​ដូច​ជា​វប្បធម៌​របស់​ជាតិ​សាសន៍​នីមួយ​ៗ​នៅ​លើ​ពិភពលោក​នេះ​។ ប៉ុន្តែ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ហាក់ដូចជា​ជ្រុល​បន្តិច​ហើយ ដោយ​សំបូរ​អ្នក​ដែល​តាំងខ្លួន​ជា​អ្នកមាន​បារមី ឫ​មាន​កម្លាំង​អ​រូបិយ​។ ទន្ទឹម​នឹង​នោះ​ក៏​មាន​អ្នក​ដែល​រង​គ្រោះ​ដោយសារ​តែ​អបិយ​ជំនឿ​នេះ​កាន់តែ​ច្រើន​ផង​ដែរ ទាំង​រាស្ត្រ​អ្នក​ក្រី​ក អ្នកមាន ក៏​ដូច​ជា មន្ត្រី ។​ល​។

ជាក់ស្តែង​ការ​បែកបាក់​នៃ​ជីវិត​ជា​គូ​របស់​តារាចម្រៀង​ដ៏​ល្បី​មួយ​រូប គឺ​អ្នក​នាង មាស សុខ​សោ​ភ ក៏​កំពុង​តែ​ខ្ទរខ្ទារ​នៅ​លើ​បណ្តាញ​សង្គម​ក៏​ត្រូវ​បាន​បើក​កកាយ​ឡើង​មក​ថា វា​មាន​ពាក់ព័ន្ធ​នឹង​រឿង អបិយ​ជំនឿ​នេះ​ផង​ដែរ ។

ជីវិត​ជា​គូរ​វាង​អ្នក​នាង មាស សុខ​សោភា និង​ស្វាមី ដែល​គេ​ស្គាល់​ថា លោក អ៊ិ​ត រ៉ា​ដា ដែល​មាន​អាយុកាល​ប្រមាណ​ជា ១៨ ឆ្នាំ ពោល​គឺ​ចាប់ពី​ឆ្នាំ​២០០៧ ដល់ ឆ្នាំ​២០២៥ បាន​ឈាន​ដល់ទី​បញ្ចប់ ត្រូវ​បាន​គេ​ចែកចាយ​ថា​ពាក់ព័ន្ធ​នឹង​រឿង​អបិយ​ជំនឿ​នេះឯង ។

រឿង​នេះ​កំពុង​តែ​ជជែក​គ្នា​ឡើង​វល់​ហើយ​នៅ​លើ​បណ្តាញ​សង្គម ដោយ​លោក អ៊ិ​ត រ៉ា​ដា បាន​សម្រេចចិត្ត​ដើរ​ចេញពី​តំណែង​អគ្គនាយក​ផលិតកម្ម Camtrax Music ហើយ​បាន​លើក​ឡើង​ថា បញ្ហា​គឺ​ដោយសារ​តែ តារាចម្រៀង មាស សុខ​សោភា ជឿ​លើ បុរស​ម្នាក់ ដែល​អះអាង​ថា រូបគេ​គឺជា​តាបស់​សក់ស​ភ្នំ​ត្បែង ដោយ​តារាចម្រៀង​រូប​នោះ​បាន​ចំណាយ​ប្រាក់ រហូត​ដល់​ទៅ ២៣ ម៉ឺន​ដុល្លារ លើ​តាបស់ រូប​នោះ​ថែម​ទៀត ។

ក្រោយមក តារាចម្រៀង មាស សុខ​សោភា ក៏​បាន​ចេញ​មក​បកស្រាយ​មក​វិញ​ថា លុយ​ដែល​នាង​ចាយ​គឺជា​សិទ្ធិ​របស់​នាង ពីព្រោះ​លុយ​នោះ​គឺជា​លុយ​ដែល​នាង​ខំ​ច្រៀង​ខំ​រក ហើយ​ក៏​លើក​ឡើង​ថា លោក អ៊ិ​ត រ៉ា​ដា បាន​រស់នៅ​ដោយសារ​តែ​នាង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

រឿង​បែកបាក់​របស់​អ្នក​ទាំង​ពីរ​វា​អាច​មានរឿង​ស៊ីជម្រៅ​ផ្សេង​ៗ​ទៀត ប៉ុន្តែ​យើងខ្ញុំ​សុំ​មិន​ចូល​ស៊ី ជម្រៅ​លើ​រឿង​នេះ​ទេ ។ អ្វី​ដែល​យើង​ចង់​និយាយ​ចង់​ពិភាក្សា​នៅ​ពេល​នេះ​គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា អបិយ​ជំនឿ និង ផលរប​ស់វា​នៅ​ក្នុង​សង្គម​កម្ពុជា ។

ក្រៅពី​អ្នក​នាង មាស សុខ​សោភា នៅ​ក្នុង​សង្គម​កម្ពុជា​ក៏​នៅ​មាន​អ្នក​ដែល​មាន​ជំនឿ​លើ​អបិយ​ជំនឿ ជឿ​អ្នក​សច្ចំ ជឿ​លើ​បារមី នេះ​ជា​ច្រើន​ទៀត ដោយ​អ្នក​ដែល​គេ​ជឿ​គេ​ការពារ​ជំនឿ និង ការ​ការពារ​ការ​គិត​របស់​គេ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ក៏​មាន​អ្នក​ដែល​រិះគន់​ខ្លះ​ៗ​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​អបិយ​ជំនឿ ក៏​ដូច​ជា បារមី អី​នេះ លោក បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​បង្ហោះ​សារ​ខ្លី​មួយ​នៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់ របស់​លោក​ដោយ​ខ្លី​ថា វា​គឺជា​របរ​កាក់កប់​ខ្លាំង​មួយ​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ។

លោក​បណ្ឌិត​មិន​បាន​វិភាគ​ឲ្យ​ស៊ីជម្រៅ​អ្វី​ឡើយ ដោយ​គ្រាន់តែ​បង្ហោះ​ដោយ​ខ្លី​ថា ” រាស្ត្រ​ក៏​ជឿ​បារមី មន្ត្រី​ក៏​ជឿ​បារមី អ្នកក្រ​ក៏​ជឿ​បារមី កុដុម្ពី​សេដ្ឋី​ក៏​ជឿ​បារមី​, ដូច្នេះ​បារមី​ជា​របរ​កាក់កប​ខ្លាំង​ក្នុង​សង្គម យើង​បច្ចុប្បន្ន​! ” ។

ក្រៅពី​លោក​បណ្ឌិត គិ​ន ភា ក៏​មាន​អ្នក​បញ្ចេញយោបល់​ផ្សេង​ៗ​ទៀត​ជា​ច្រើន​លើ​បញ្ហា អបិយ​ជំនឿ​នេះ ។ នៅ​ក្នុង​ចំណោម​នោះ​អ្នក​ដែល​មាន​ជំនឿ​គេ​ក៏​ការពារ​ការ​ជឿ​របស់​គេ ប៉ុន្តែ​ជា​ទូទៅ​ចេញ​មក ពី​មជ្ឈដ្ឋាន​បញ្ញា​វ័​ន្ត គឺ​បាន​លើក​ឡើង​ថា មនុស្ស​ដែល​ជឿ​លើស​ភាវៈ​ក្រៅ​ខ្លួន គឺ​ដោយសារ​តែ​ការ​បាត់បង់​នូវ​ជំនឿ​លើ​ខ្លួនឯង ។

តាម​វប្បធម៌​ខ្មែរ​អបិយ​ជំនឿ​ក៏​មិនជា​អាក្រក់​ដែរ ពោល​គឺថា​អាក្រក់​ឫ​ល្អ​វា​អាស្រ័យ​ទៅ​លើ អន្តរ​កម្ម​នៃ​បុគ្គល​ដែល​ប្រតិបត្តិ​ឫ​អ្នក​ដែល​តាំងខ្លួន​គឺជា​អ្នក​ដែល​មាន​បារមី និង អ្នក​ដែល​ជឿ​ដែល​ជា មនុស្ស​បុថុជ្ជន​ជន​នានា​។

អ្នក​ដែល​តាំងខ្លួន​ជា​អ្នក​បារមី​នោះ ប្រសិនបើ​គេ​គឺជា​តាបស ជា​ព្រឹទ្ធាចារ្យ ជា​បុគ្គល​ដែល​មាន​សទ្ធា​ដើម្បី​កុសល និង​ចម្លង​មនុស្ស​ដើម្បី​អំពើ​ល្អ គឺ​គេ​អាច​តម្រែតម្រង់ អ្នក​ដែល​ជា​មនុស្ស​បុថុជ្ជន ដែល​ជឿ​ឲ្យ​ក្លាហាន និង ខំប្រឹង ក៏​ដូច​ជា​ពុះពារ​និង​តស៊ូ គ្រប់ បែប​យ៉ាង​ដើម្បី​ឈាន​ទៅ​សម្រេច​ជោគជ័យ ។ ប៉ុន្តែ​បុគ្គល​នោះ បើជា​ជន​អាក្រក់​គិត​អំពី​ផល ប្រយោជន៍ ក៏​ព្យាយាម​បញ្ចុះបញ្ចូល អន្ទង តម្រែតម្រង់​រក​ប្រយោជន៍​តាម​បំណង​ដែល​ខ្លួន​ចង់បាន ។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ យើង​គ្រប់​គ្នា​នៅ​ក្នុង​នាម​ជា​មនុស្ស​បុថុជ្ជន គួរតែ​ប្រើ​សតិ បញ្ញា និង ចំណេះ​ដែល​បាន​មក​ពី​ការ​រៀនសូត្រ​មក​ថ្លឹង​មក​ថ្លែង​វិភាគ​ឲ្យ​គ្រប់ មុន​នឹង​សម្រេចចិត្ត ។ កុំ​ចេះ​តែ​ជឿ​ស្លុង​តាម​សម្តី​របស់​បុគ្គល​ដែល​តាំងខ្លួន​ជា​អ្នកមាន​បរ​មី​ទាំងនោះ​ទាំងអស់ ។ កន្លែង​ណា​ជឿ​បាន​ក៏​ជឿ​ទៅ ហើយ​ប្រែក្លាយ​ការ​ជឿ​នោះ​ទៅ​ជា​ការ​ខំប្រឹង​រៀន ខំប្រឹង​រក ខំប្រឹង​អនុវត្ត ដោយ​ផ្សារ​ភ្ជាប់​នឹង​សីលធម៌​និង​ច្បាប់សង្គម​ផង​ដែរ ។ កុំ​ជឿ​ដោយ​ល្ងិ​ត​ដោយ​ល្ងង់ ករណី​ដែល​ជឿ​បែប​នោះ វា​គឺជា​បច្ច័យ​មួយ​ដែល​អាច​នាំ​មក​នូវ​សេចក្តី​អន្តរាយ​និង​វិនាស​ដល់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ