ទីក្រុងម៉ូស្គូ៖ ថ្ងៃនេះ លោកពូទីនមានសារនយោបាយ១ដែលជាសញ្ញាវិជ្ជមានសម្រាប់ការឈានទៅបិទបញ្ចប់សង្គ្រាមអ៊ុយក្រែននាពេលអនាគតបើសិនវាក្លាយជាការពិត។ លោកស្នើសុំជួបចរចាគ្នាដោយផ្ទាលរវាងរុស្ស៊ី និងអ៊ុយក្រែននៅថ្ងៃទី១៥ ខែឧសភានៅទីក្រុងអ៊ីស្តាន់ប៊ូល (Istanbul) ប្រទេសតួកគី។ លោកពូទីនសង្កត់ធ្ងន់ថាសំណើសុំជួបគ្នាលើកនេះលោកចង់ផ្ដោតសំខាន់ទៅលើការសម្រេចឱ្យបានសន្តិភាពដ៏យូរអង្វែង និងដោះស្រាយនូវអ្វីដែលជាកង្វល់នានារបស់រុស្ស៊ីដែលនាំទៅដល់ការផ្ទុះសង្គ្រាមអ៊ុយក្រែន ឬនិយាយម៉្យាងទៀតថា «ឫសគល់នៃសង្គ្រាម»។
នៅពេលលោកពូទីនរំលេចឱ្យឃើញ «ឫសគល់នៃសង្គ្រាម» ធ្វើឱ្យគេនឹកឃើញថាលោកធ្លាប់និយាយអំពីការពង្រីកសមាជិកភាពរបស់អង្គការណាតូចូលទៅកាន់តែកៀកនឹងព្រំដែនរុស្ស៊ី, លោកធ្លាប់និយាយអំពីអ៊ុយក្រែនដែលមិនត្រូវចូលជាសមាជិកណាតូ ឬបក្សសម្ព័ន្ធណាទាំងអស់ (អព្យាក្រឹត-ឥតចូលបក្សសម្ព័ន្ធ) និងលោកធ្លាប់និយាយពីការបង្កើតតំបន់ទ្រនាប់ ឬរុស្ស៊ីត្រូវកាន់កាប់ទឹកដីអ៊ុយក្រែនខ្លះៗដើម្បីធ្វើឱ្យទីក្រុងម៉ូស្គូនៅឃ្លាតឆ្ងាយពីព្រំដែនបន្តិច។
ថ្ងៃនេះ លោកពូទីននិយាយរំលឹកថាការចរចាឆ្នាំ២០២២ទទួលបរាជ័យមិនមែនជាកំហុសរបស់រុស្ស៊ីទេ។ រុស្ស៊ីមិនបានរំលោភលើស្មារតីនៃកិច្ចចរចាដែលសម្រេចបានកិច្ចព្រមព្រៀង១ចំនួននោះឡើយ។ លោកអះអាងថារដ្ឋាភិបាលទីក្រុងកៀវទៅវិញទេដែលត្រូវទទួលខុសនៅក្នុងរឿងនេះ។ ទោះជាយ៉ាងណាក្ដី លោកមិនចង់និយាយរំលឹកពីរឿងនោះទៀតទេ។ លោកចង់និយាយរឿងថ្មីដែលទីក្រុងម៉ូស្គូកំពុងស្នើសុំឱ្យអ៊ុយក្រែនវិលមករកតុចរចាជាថ្មី និងចរចាគ្នាដោយផ្ទាល់ដោយគ្មានបុរេលក្ខខណ្ឌ។
លោកពូទីនថ្លែងថាយើងសូមផ្ដល់សិទ្ធិស្មើមុខស្មើមាត់គ្នាដើម្បីវិលមកចរចាគ្នាជាថ្មីនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនៅទីក្រុងអ៊ីស្តាន់ប៊ូល។ លោកថាសំណើរបស់យើងដូចពួកគេ (អ៊ុយក្រែន) និយាយអីចឹងគឺថាស្ថិតនៅលើតុទាំងអស់។ ឥឡូវនេះ ការសម្រេចចិត្តស្ថិតនៅក្នុងដៃរបស់អាជ្ញាធរ និងអ្នកមើលការខុសត្រូវរបស់ពួកគេដែលហាក់ដូចជាត្រូវដឹកមុខដោយមហិច្ឆតានយោបាយផ្ទាល់ខ្លួនជាជាងការបម្រើផលប្រយោជន៍របស់ប្រជាជនខ្លួន (អ៊ុយក្រែន)។
គួរកត់សម្គាល់ថាការដែលលោកពូទីនចាប់ផ្ដើមបោះដៃទៅរកអ៊ុយក្រែនដើម្បីបបួលគ្នាចរចាដោយផ្ទាល់លើកនេះកើតឡើងបន្ទាប់ពីក្រុមបស្ចិមប្រទេសដែលមានអឺរ៉ុប និងអាមេរិកចាប់ផ្ដើមបង្ហាញការរួបរួមគ្នាឡើងវិញបន្ទាប់ពីមានបញ្ហារអាក់រអួលខ្លះៗ។ ត្រាំដែលទើបតែសម្រេចបានកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអ៊ុយក្រែនថ្មីៗបានព្រមានថានឹងដាក់ទណ្ឌកម្មភាគីណាដែលមិនព្រមទទួលយកបទឈប់បាញ់។
កាលពីម្សិលមិញ ក្រុមប្រទេសធំៗនៅអឺរ៉ុបដូចជាបារាំង អាល្លឺម៉ង់ និងអង់គ្លេសជាដើមប្រកាសគាំទ្រឱ្យមានបទឈប់បាញ់ដោយឥតលក្ខខណ្ឌរយៈពេល៣០ថ្ងៃដូចទៅនឹងអ្វីដែលលោកត្រាំបានអំពាវនាវកាលពីមុននោះ។ អឺរ៉ុបក៏មិនខុសពីត្រាំដែរបានព្រមានថានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតទៅលើរុស្ស៊ីបើមិនព្រមទទួលយកសំណើនេះ។
ក្ដីសុបិនរបស់ត្រាំគឺចង់ឃើញពិភពលោកមានសុខសន្តិភាព។ លោកនិយាយដោយមិនចេះនឿយណាយចិត្តថាលោកចង់ឃើញសង្គ្រាមដ៏បង្ហូរឈាមនៅអ៊ុយក្រែនបិទបញ្ចប់ជាស្ថាពរ។ រដ្ឋាភិបាលរបស់លោកចាត់ទុកថានេះជាសង្គ្រាមប្រយោល ឬសង្គ្រាមខ្ចីដៃ (proxy war) រវាងអាមេរិក និងរុស្ស៊ី។ លោកចង់មានន័យថាសង្គ្រាមខ្ចីដៃដែលបន្សល់ទុកតាំងពីជំនាន់លោកបៃដិនដើម្បីចង់ចាញ់ចង់ឈ្នះចិត្តគ្នាជាមួយរុស្ស៊ី។ ដូច្នេះ ដែលលោកចង់បញ្ចប់នៅសករាជរបស់លោក។ ខាងលើនេះជាការដកស្រង់ប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ