រាជធានីភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា តាមរយៈការទទួលបដិសណ្ឋារកិច្ចដ៏វិសេសវិសាល និងតាមរយៈពាក្យពេចន៍របស់មេដឹកនាំ នៃប្រទេសម្ចាស់ផ្ទះទាំងពីរ ក៏ដូចជា គ្រឿងឥស្សរិយយសខ្ពស់បំផុតដែល សម្តេច ទទួលបាន សបញ្ជាក់យ៉ាងច្បាស់ថា វីរភាព សម្តេចតេជោ ហ៊ុន សែន បន្តរះចិញ្ចែងលើឆាកតំបន់ និងអន្តរជាតិ។
យោងតាមរយៈបណ្ដាញកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងទៀតថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតដែលមានអត្ថន័យដ៏ធំធេងមហិមាសម្រាប់កម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
នៅឥណ្ឌូនេស៊ី ក្រៅពីការទទួលបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយសចំពោះសម្តេចតេជោ ហ៊ុន សែន យ៉ាងអធិកអធមក្រៃលែងនោះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានហៅសម្តេច ហ៊ុន សែនថា ជារដ្ឋបុរសដ៏មានបទពិសោធនៅអាស៊ីអាគ្នេយ៍។ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងរដ្ឋសភាឥណ្ឌូនេស៊ីក៏បានផ្តល់តម្លៃយ៉ាងខ្ពស់ដល់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជារដ្ឋបុរសដ៏មានឥទ្ធិពល និងបានកោតសរសើរមិនដាច់ពីមាត់ពីវីរភាពរបស់សម្តេចក្នុងបុព្វហេតុជាតិមាតុភូមិដែលបានទាញកម្ពុជាពីភាពកំសត់ ទុគ៌តដ៏គួរឱ្យអាណិតអាសូរ មកជាប្រទេសដែលមានមុខមាត់លើឆាកតំបន់និងអន្តរជាតិ។
នៅទីម័រឡេស្តេ ពិធីបដិសណ្ឋារកិច្ចរឹតតែវិសេសវិសាលថែមទៀត ដោយ លោក ចូហ្សេរ៉ាមូដ អរតា បានបើករថយន្តដោយផ្ទាល់ជូនដំណើរសម្តេចតេជោពីព្រលានយន្តហោះឆ្ពោះទៅកាន់សណ្ឋាគារក្រោមការសាទរយ៉ាងកងរំពងពីសំណាក់ប្រជាពលរដ្ឋនិងសិស្សានុសិស្សដែលឈរអបអរសាទរតាមដងផ្លូវយ៉ាងច្រើនកុះករ។ លោក ប្រធានាធិបតី បានហៅ សម្តេចតេជោ ហ៊ុន សែន ថា ជាអ្នករំដោះជីវិតប្រជាពលរដ្ឋខ្មែរ និងជាស្ថាបនិកកសាងកម្ពុជាសម័យទំនើប ជាមិត្តដ៏ល្អអស្ចារ្យរបស់ទីម័រឡេស្តេ។ លោក ប្រធានាធិបតីក៏បានបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតជូនសម្តេចប្រធានព្រឹទ្ធសភាកម្ពុជាក្នុងឋានៈជាឥស្សរជនដែលមានគុណបំណាច់និងបានចូលរួមវិភាគទានយ៉ាងធំធេងចំពោះទីម័រឡេស្តេ។
មិនមែនមានតែថ្នាក់ដឹកនាំប្រទេសទាំងពីរទេដែលបានផ្តល់តម្លៃនិងការគោរពយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន បែបនេះ ប៉ុន្តែ បណ្តាប្រទេសផ្សេងទៀតទាំងក្នុងតំបន់និងក្រៅតំបន់ក៏បានផ្តល់តម្លៃដូចគ្នាដែរ។ គុណតម្លៃនេះស្តែងឡើងតាមរយៈការលះបង់និងស្នាដៃដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូយកជីវិតធ្វើដើមទុនដើម្បីសង្គ្រោះជីវិតខ្មែររាប់លាននាក់ចេញពីសេចក្តីស្លាប់ បានកសាងប្រទេសឡើងវិញពីគំនរផេះផង់ឱ្យរីកចម្រើនយ៉ាងឆាប់រហ័សមិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ និងបានបញ្ចប់សង្គ្រាមដែលអូសបន្លាយជិត៣ទសវត្សរ៍ ហើយនាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិតាមរយៈនយោបាយឈ្នះឈ្នះ។ សម្តេចក៏បានចូលរួមវិភាគទានយ៉ាងច្រើនសម្រាប់ផលប្រយោជន៍តំបន់។
កេរ្តិ៍ឈ្មោះនិងឥទ្ធិពលរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែទទួលបានការផ្តល់តម្លៃពីសំណាក់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែបានហៀរចេញពីព្រំដែនកម្ពុជាជ្រាបចូលទៅក្នុងតំបន់និងក្នុងពិភពលោកតាមរយៈការចូលរួមចំណែកយ៉ាងសំខាន់របស់សម្តេចក្នុងការកសាងសន្តិភាពសម្រាប់មនុស្សជាតិនៅលើភពផែនដី។ ស្នាដៃនិងគុណតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាធនធានមិនចេះរីងស្ងួតសម្រាប់មនុស្សជាតិ ពិតជាស័ក្តិសមណាស់ក្នុងការទទួលបាននូវមហាកិត្តិយសដែលផ្តល់ជូនដោយប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំក្នុងតំបន់ និងពិភពលោក។ ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះរដ្ឋបុរសដ៏ឆ្នើមរបស់ខ្លួនដែលបាននិងកំពុងរះចិញ្ចែងលើឆាកតំបន់ និងអន្តរជាតិ៕





ចែករំលែកព័តមាននេះ