ការព្រួយបារម្ភកំពុងតែកើតមានចំពោះអនាគតវិស័យកាត់ដេរនិងកម្មករកម្ពុជា ខណ:ដែលកម្ពុជានិងអាមេរិកនឹងចាប់ផ្តើមការចរចាទៅលើរឿងពន្ធពីថ្ងៃទី១៣ដល់១៥ខែឧសភា ដោយយសារតែអាមេរិកជាទីផ្សារធំជាងគេនៃការនាំចេញនៃវិស័យកាត់ដេរកម្ពុជា។
ការកំណត់ពន្ធបដិការដ៏ខ្ពស់ដែលមានកម្រិតដល់ទៅ ៤៩ ភាគរយ គឺពិតជាខ្ពស់ណាស់ ហើយវាអាចធ្វើឲ្យទីផ្សារនាំចេញកម្ពុជា រងផលប៉ះពាល់ ជាពិសេសគឺឧស្សាហកម្មកាត់ដេរ ដែលគេដឹងថា វិស័យនេះបានកំពុងតែផ្តល់ការងារធ្វើជូនកម្មការនី និង កម្មករប្រមាណជា ១ លាននាក់ និង អ្នកដែលទទួលផលដោយប្រយោលជាច្រើនបន្ថែមទៀត ។
ដូច្នេះលទ្ធផលនៃការចរចានឹងទាក់ទងដល់អនាគតវិស័យកាត់ដេរកម្ពុជានិងអនាគតកម្មករប្រមាណ១លាននាក់។ បើសិនជាការចរចា អាមេរិកនឹងនិយាយតែពីតុល្យភាពនៃពាណិជ្ជកម្មនោះ វានឹងពិបាកសម្រាប់កម្ពុជាដែលមានលទ្ធភាពតិចតួចក្នុងការទិញផលិតផលអាមេរិក។ ការចរចាត្រូវសម្លឹងមើលអោយហួសនេះ ដើម្បីផលប្រយោជន៍កម្ពុជានិងអាមេរិក។
លោក ស៊ុន ចាន់ថុល ដែលដឹកនាំក្រុមចរចាកម្ពុជា ក៏បានបង្ហើបផងដែរថា តាមការជួបចរចាកន្លងទៅជាបន្តបន្ទាប់តាមប្រព័ន្ធហ្សូម (Zomm) សហរដ្ឋអាមេរិកក៏បានយល់ពីស្ថានភាពរបស់កម្ពុជាជាពិសេសគឺទៅលើអំណាចនៃការបញ្ជាទិញរបស់កម្ពុជា ។ សហរដ្ឋអាមេរិកក៏បានដឹងយ៉ាងច្បាស់ហើយថា កម្ពុជាពិតជាមិនមានមូលដ្ឋានណាមួយនៅក្នុងការបង្កើនតុល្យភាពពាណិជ្ជកម្ម ដែលសហរដ្ឋអាមេរិកថា យើងនាំចេញទៅគេ ជាងជាង ១២ ពាន់លាន ហើយយើងនាំចូលពីគេតែ ៣០០ លាននោះទេ ពីព្រោះការរីកចម្រើន ប្រទេសនីមួយៗ វាខុសគ្នា។ ភាគីសហរដ្ឋអាមេរិក ដឹងបញ្ហានេះ។
ភាគីសហរដ្ឋអាមេរិកក៏បានលើកឡើងថា គេចង់ឲ្យកម្ពុជាទិញទំនិញ ពីសហរដ្ឋអាមេរិកបន្ថែមទៀត ហើយគេក៏សុំឲ្យកម្ពុជាជួយការពារកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក កំណត់បញ្ហាប្រភពនៃទំនិញដែលដឹកចេញពីកម្ពុជា ជាពិសេសគឺ ដើមកំណើតនៃទំនិញ នេះជាដើម ។
កម្ពុជានឹងប្រឹងប្រែងសម្របសម្រួូលតាមអាមេរិក ខណ:អាមេរិក៏ត្រូវមានការយោគយល់ហើយមានចិត្តអាណិតដល់កម្មករកម្ពុជាប្រមាណ១លាននាក់ដែលអាចនឹងរងផលប៉ះពាល់ បើសិនជាទីផ្សារនាំចេញទៅអាមេរិកត្រូវរាំងស្ទះឬធាក់ថយខ្លាំងដោយសារលទ្ធផលនៃពន្ធខ្ពស់ពីអាមេរិក។
ទន្ទឹមនោះការទម្លាក់ពន្ធសម្រាប់កម្ពុជាក៏អាចធ្វើអោយទំនិញក្នុងទីផ្សារអាមេរិកមានតម្លៃថោក ហើយ វាមិនធ្វើអោយទំនិញឡើងថ្លៃពេកសម្រាប់ពលរដ្ឋអាមេរិកផងដែរ។
មកដល់ពេលនេះ កម្ពុជាគឺជាប្រទេសមួយដែលរងការកំនត់ពន្ធខ្ពស់ជាងគេនៅក្នុងចំណោមប្រទេសនៅអាស៊ីអគ្នេយ៍ដោយសហរដ្ឋអាមេរិក ។



ចែករំលែកព័តមាននេះ