ខេត្តក្រចេះ ៖ ក្រោយមានការផ្សព្វផ្សាយពីបណ្ដាសារព័ត៌មានអនឡាញអំពីទីតាំងដែលសង្ស័យជាតំបន់រ៉ែមាស និងការកើតឡើងនូវសកម្មភាពរុករករ៉ែមាសយ៉ាងអនាធិបតេយ្យ ស្ថិតនៅក្នុងភូមិអូរត្រូនឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ កន្លងមក ។

មន្ទីររ៉ែ និងថាមពលខេត្ដក្រចេះបានធ្វើការបកស្រាយតាមរយៈសេចក្តីបំភ្លឺចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយបានបញ្ជាក់អំពីដំណើររឿងថា កាលពីថ្ងៃទី២៨ មិថុនា ២០២៥ មន្ទីរបានទទួលដំណឹងពីការធ្វើសកម្មភាពជីករ៉ែមាសអនាធិបតេយ្យ នៅក្នុងដែនរ៉ែមាសមានអាជ្ញាបណ្ណរបស់ក្រុមហ៊ុនចិន « XING YUAN KANNG YEAK CO,LTD » នៅភូមិឧបសម្ព័ន្ធអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។

បន្ទាប់មកនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ លោកមេភូមិអូរត្រូន និងតំណាងក្រុមហ៊ុនបានចុះពិនិត្យ និងធ្វើកំណត់ហេតុឱ្យពួកគាត់រុះរើសម្ភារៈ និងបញ្ឈប់សកម្មភាពជីករ៉ែមាសអនាធិបតេយ្យតទៅទៀត ។ មន្ទីររ៉ែនិងថាមពលខេត្តក្រចេះ បានបញ្ជាក់ទៀតថា បើទោះបីជាមានការណែនាំជាបឋមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុនរួចហើយក្តី មន្ទីរនឹងបន្តចុះតាមដានឃ្លាំមើលក្នុងករណីប្រទះឃើញ មានការប្រព្រឹត្តបទល្មើសខាងលើទៀត មន្ទីរនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ។

ទាក់ទិនករណីនេះដែរ មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានប្តេជ្ញាបញ្ចប់នូវសកម្មភាពជីករ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោ ជន៍ជូនជាតិដូចជា៖ ការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់បរិស្ថាន និងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមន៍មូលដ្ឋាន តាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចិរភាព ។

ជាមួយគ្នានេះ មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើអាជីវកម្ម រ៉ែមាសអនាធិបតេយ្យ សូមបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ ដោយជូនដំណឹងពីសកម្មភាពរ៉ែអនាធិបតេយ្យមកមន្ទីរ ។
គួរបញ្ជាក់ថា នៅប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ មានការផ្សព្វផ្សាយអំពីការធ្វើសកម្មភាពរុករករ៉ែមាសយ៉ាងអនាធិបតេយ្យដោយខុសច្បាប់ រាប់សិបកន្លែង ស្ថិតនៅក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។

ជុំវិញករណីនេះ លោក សុខ យឿន មេភូមិអូរត្រូន បានទទួលស្គាល់ថា ក្នុងមូលដ្ឋានរបស់លោកពិតជាមានការធ្វើសកម្មភាពរុករករ៉ែមាសខុសច្បាប់មែន តែមិនមានសកម្មភាពធំដុំនោះទេ គឺមានតែប្រជាពលរដ្ឋធ្វើសកម្មភាពតិចតួចតែប៉ុណ្ណោះ ។
លោក សុខ យឿន បានបញ្ជាក់ថា នៅតំបន់រ៉ែមាស បើមិនឱ្យប្រជាពលរដ្ឋទៅរុករករ៉ែមាស តើឲ្យទៅធ្វើអ្វីវិញ ហើយលោកក៏មិនអាចបញ្ឈប់សកម្មភាពរបស់ពួកគាត់បានទេ ព្រោះវាជាមុខរបររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ដែលគ្មានការងារធ្វើពិតប្រាកដ ។

ក្រោយទទួលបានដំណឹងនេះ លោក រ័ត្ន តុលា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យធ្វើការណែនាំ និងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរុករករ៉ែមាសអនា ធិបតេយ្យនេះតទៅទៀត នាថ្ងៃទី៣០ មិថុនា ២០២៥ ។
ពាក់ព័ន្ធទៅនឹងករណីរុករករ៉ែមាស យ៉ាងអនាធិបតេយ្យនោះគេបានប្រទះឃើញល្បាប់ដីច្រោះហូរពាសពេញផ្ទៃដី ចំណែកទឹកឡើងល្អក់ពណ៌លឿងផងដែរ ៕


ចែករំលែកព័តមាននេះ