ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិករសម្រុកប្រមូលផលដំឡូងមីនៅពេលដែលដាំឡើងវិញ តំលៃថោកជាងឆ្នាំមុន គិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងស្រុកស្វាយចេក និងស្រុកថ្មពួក ។

ប្រជាកសិករបានប្រាប់ថា នៅឆ្នាំនេះដំឡូងមីពិតជាតំលៃថោកជាងឆ្នាំមុន ពេលនេះលក់អោយ
សែឡូដំឡូងមីស្រស់ ឬសើម១គីឡូក្រាមតំលៃ១៣៣រៀល ទៅ១៥៧រៀល ដំឡូងមីស្ងួត១គីឡូក្រាមលក់បានតំលៃ៥៦៩រៀល ទៅ៥៨១រៀល ។ បើប្រៀបធៀបកាលពីឆ្នាំមុន ខុសគ្នាតំលៃឆ្ងាយណាស់ ធ្វើអោយប្រជាកសិករខ្លះឆ្នាំនេះ មិនគាស់ទុកចោល ព្រោះគាស់លក់តំលៃមិនរួចនិងថ្លៃកម្មករ ។

ប្រជាកសិករបានបញ្ជាក់ថា នៅរដូវភ្លៀងធាក់ប្រជាកសិករខ្លះបានសម្រុកប្រមូលដំឡូងមី ទោះជាតំលៃថោកក៏ដោយ ព្រោះដល់រដូវដាំដុះឡើងវិញ ហើយសង្ឃឹមថា ដំឡូងមីមិនថោកដូចឆ្នាំនេះ ព្រោះបង្កបង្កើនផលដំឡូងមីត្រូវបានចំណាយទាំងភ្ជួររាស់ដី ពូនរោង ឈ្នួលដាំដុះ ដាក់ជីបាញ់ថ្នាំ
រហូតដល់រដូវប្រមូលចំណាយថ្លៃដកកាប់ដឹកជញ្ជូនទៅលក់ស្រស់ ឬសើម និងលក់ស្ងួតត្រូវចំណាយថ្លៃចិញ្ជ្រាំដំឡូង ហើយហាលស្ងួតប្រមូលដឹកទៅលក់ គឺចំណាយគ្រប់យ៉ាង តែអកុសលឆ្នាំនេះដំឡូងមីតំលៃថោក ។

មន្ត្រីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានប្រាប់ថា ខេត្តបន្ទាយមានជ័យនេះ ពេលនេះមានសៃឡូទទួលទិញដំឡូងមីមាន៤កន្លែង ក្នុងស្រុកស្វាយចេក និងស្រុកថ្មពួក តំលៃថ្ងៃនេះដំឡូងមីស្រស់ ឬសើម១គីឡូក្រាមតំលៃ១៣៣រៀល ទៅ១៥៧រៀល និងដំឡូងចំណិតស្ងួត១គីឡូក្រាមតំលៃ៥៦៩រៀល ទៅ៥៨១រៀល ។

ហើយសៃឡូទិញដំឡូងមីចំណិតស្ងួតចូល១កន្លែង១ថ្ងៃបានប្រមាណ១០០ ទៅ៥០០តោននិងដំឡូងមីស្រស់ ឬសើម១ថ្ងៃទិញចូលបាន៥០០តោន ទៅ៨០០តោន ក្រោយពីសម្ងួតហើយត្រូវបានលក់ឈ្មួញថៃមកទិញនាំចេញតាមច្រកបឹងត្រកួនស្រុកថ្មពួក៕




ចែករំលែកព័តមាននេះ