ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាន​ក្លិប​បាល់ទាត់​អាស៊ី​៣​កម្រិត​, ១​កម្រិត​រក​ឃើញ​ជើងឯក​ហើយ ចុះ​២​កម្រិត​ទៀត​ ក្រុមណា​នឹង​ក្លាយជា​ម្ចាស់​ជើងឯក?

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៥ ពានរង្វាន់​ជើងឯក​ក្លិប​បាល់ទាត់​ទ្វីបអាស៊ី​ទាំង​៣​កម្រិត​ផ្នែក​បុរស រដូវ​កាល ២០២៤-២០២៥ ដោយ​មួយ​កម្រិត​រក​ឃើញ​ជើងឯក​រួច​ហើយ ខណៈ​ដែល​ពីរ​កម្រិត​ទៀត…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៥ ពានរង្វាន់​ជើងឯក​ក្លិប​បាល់ទាត់​ទ្វីបអាស៊ី​ទាំង​៣​កម្រិត​ផ្នែក​បុរស រដូវ​កាល ២០២៤-២០២៥ ដោយ​មួយ​កម្រិត​រក​ឃើញ​ជើងឯក​រួច​ហើយ ខណៈ​ដែល​ពីរ​កម្រិត​ទៀត នឹង​ដឹង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ពានរង្វាន់​កម្រិត​ទី​១ AFC Champions League Elite ៖ បាន​រក​ឃើញ​ម្ចាស់​ជើងឯក​រួច​ហើយ កាលពី​ពី​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៥ បន្ទាប់​ពី​ចាប់ផ្តើម​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៤ សម្រាប់​វគ្គ​ជម្រុះ​បឋម និង​ការ​ប្រកួត​ជុំ​ចុង​ក្រោយ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៥ ដោយ​បែងចែក​ជា​២​តំបន់ (​តំបន់​ខាងលិច​១២​ក្រុម និង​តំបន់​ខាងកើត​១២​ក្រុម​)​។

ជា​លទ្ធផល​ក្រុម Al-Ahli សមាជិក​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​ម្ចាស់ផ្ទះ​ជើងឯក បន្ទាប់​ពី​យកឈ្នះ​ក្រុម Kawasaki Frontale សមាជិក​លី​គ​កំពូល​ជប៉ុន ដោយ​លទ្ធផល ២-០ នៅ​ឯ​កីឡដ្ឋាន King Abdullah Sports City ទីក្រុង​ជេ​ដ​ដា ប្រទេស​អា​រ៉ា​បី​សា​អូឌីត ដោយ​ក្រសោប​បាន​ប្រាក់​រង្វាន់​សរុប​ចំនួន​១២​លាន​ដុល្លារ ក្នុង​នោះ​១០​លាន​ដុល្លារ​គឺជា​ប្រាក់​រង្វាន់​សម្រាប់​អ្នក​ឈ្នះ​វគ្គ​ផ្តាច់ព្រ័ត្រ​។

ការ​បែងចែក​ប្រាក់​រង្វាន់​សរុប​ចំនួន ៤២​លាន​ដុល្លារ
-​ការ​ប្រកួត​ទម្រង់​ជាលី​គ ៖ ៨០​ម៉ឺន​ដុល្លារ​/១​ក្រុម
-​វគ្គ​១៦​ក្រុម ៖ ២០​ម៉ឺន​ដុល្លារ​/១​ក្រុម
-​វគ្គ​៨​ក្រុម ៖ ៤០​ម៉ឺន​ដុល្លារ​/១​ក្រុម
-​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ៖ ៦០​ម៉ឺន​ដុល្លារ​/១​ក្រុម
-​ក្រុម​រងជើង​ឯក ៖ ៤​លាន​ដុល្លារ
-​ក្រុម​ជើងឯក ៖ ១០​លាន​ដុល្លារ

ពានរង្វាន់​កម្រិត​ទី​២ AFC Champions League Two ៖ ចាប់ផ្តើម​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤ សម្រាប់​វគ្គ​ជម្រុះ​បឋម និង​ការ​ប្រកួត​ជុំ​ចុង​ក្រោយ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥ ដោយ​បែងចែក​ជា​២​តំបន់ (​តំបន់​ខាងលិច​១៦​ក្រុម និង​តំបន់​ខាងកើត​១៦​ក្រុម​)​។ ជា​លទ្ធផល​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម Lion City Sailors សមាជិក​លី​គ​កំពូល​សិង្ហ​បុរី ត្រូវ​ប៉ះ​ក្រុម Sharjah FC សមាជិក​លី​គ​កំពូល​អា​រ៉ាប់​រួម នៅ​ថ្ងៃ​ទី​១៨ ឧសភា នៅ​ពហុ​កីឡដ្ឋាន Bishan ប្រទេស​សិង្ហ​បុរី​​​ វេលាម៉ោង៧ៈ០០នាទីយប់។ ម្ចាស់​ជើងឯក​នឹង​ក្រសោប​ប្រាក់​រង្វាន់​សរុប​ចំនួន ៣ ២៨០ ០០០​ដុល្លារ ដោយ ២ ៥០០ ០០០​ដុល្លារ​ជា​ប្រាក់​រង្វាន់​សម្រាប់​អ្នក​ឈ្នះ​វគ្គ​ផ្តាច់ព្រ័ត្រ​។

ការ​បែងចែក​ប្រាក់​រង្វាន់​សរុប​ចំនួន ១៦ ៦២០ ០០០​ដុល្លារ
-​វគ្គ​ចែក​ពូ​ល ៖ ៣០​ម៉ឺន​ដុល្លារ​/១​ក្រុម
-​វគ្គ​១៦​ក្រុម ៖ ៨​ម៉ឺន​ដុល្លារ​/១​ក្រុម
-​វគ្គ​៨​ក្រុម ៖ ១៦​ម៉ឺន​ដុល្លារ​/១​ក្រុម
-​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ៖ ២៤​ម៉ឺន​ដុល្លារ​/១​ក្រុម
-​ក្រុម​រងជើង​ឯក ៖ ១​លាន​ដុល្លារ
-​ក្រុម​ជើងឯក ៖ ២ ៥០០ ០០០​លាន​ដុល្លារ

ពានរង្វាន់​កម្រិត​ទី​៣ AFC Challenge League ៖ ចាប់ផ្តើម​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៤ សម្រាប់​វគ្គ​ជម្រុះ​បឋម និង​ការ​ប្រកួត​ជុំ​ចុង​ក្រោយ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៥ ដោយ​បែងចែក​ជា​២​តំបន់ (​តំបន់​ខាងលិច​១២​ក្រុម និង​តំបន់​ខាងកើត​៦​ក្រុម​)​។ ជា​លទ្ធផល​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង សមាជិក​លី​គ​កំពូល​កម្ពុជា ត្រូវ​ប៉ះ​ក្រុម FK Arkadag សមាជិក​លី​គ​កំពូល​តួ​ក​ម៉េ​នី​ស្ថាន នៅ​ថ្ងៃ​ទី​១០ ឧសភា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរ​ត​តេ​ជោ វេលាម៉ោង៧ៈ០០នាទីយប់ ​។ ម្ចាស់​ជើងឯក​នឹង​ក្រសោប​ប្រាក់​រង្វាន់​សរុប​ចំនួន ១ ៣០០ ០០០​ដុល្លារ ដោយ​១​លាន​ដុល្លារ​ជា​ប្រាក់​រង្វាន់​សម្រាប់​អ្នក​ឈ្នះ​វគ្គ​ផ្តាច់ព្រ័ត្រ​។

ការ​បែងចែក​ប្រាក់​រង្វាន់​សរុប​ចំនួន ៤ ៤២០ ០០០​ដុល្លារ
-​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ៖ ១០​ម៉ឺន​ដុល្លារ​/១​ក្រុម
-​វគ្គ​៨​ក្រុម ៖ ៨​ម៉ឺន​ដុល្លារ​/១​ក្រុម
-​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ៖ ១២​ម៉ឺន​ដុល្លារ​/១​ក្រុម
-​ក្រុម​រងជើង​ឯក ៖ ៥០​ម៉ឺន​ដុល្លារ
-​ក្រុម​ជើងឯក ៖ ១​លាន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ