ក្រៅពីមន្ត្រីរាជការប្រមាណជាជាង២០ម៉ឺននាក់ ដែលកំពុងតែបម្រើការងារនៅតាមក្រសួងមន្ទីរស្ថាប័ន ចំនួន២៧ក្រសួង និងរដ្ឋលេខាធិការដ្ឋានចំនួន២ហើយនោះ នៅពេលអនាគតដ៏ខ្លីខាងមុខនេះ ពលរដ្ឋដែលមានចំណេះ និងជំនាញ ព្រមទាំងទេពកោសល្យពិតប្រាកដនឹងកាន់តែមានឱកាសចូលរួមចំណែក នៅក្នុងដំណើរការបម្រើនិងអភិវឌ្ឍន៍ប្រទេសជាតិ តាមសមត្ថភាពដែលខ្លួននឹងមាន…
ក្រៅពីមន្ត្រីរាជការប្រមាណជាជាង២០ម៉ឺននាក់ ដែលកំពុងតែបម្រើការងារនៅតាមក្រសួងមន្ទីរស្ថាប័ន ចំនួន២៧ក្រសួង និងរដ្ឋលេខាធិការដ្ឋានចំនួន២ហើយនោះ នៅពេលអនាគតដ៏ខ្លីខាងមុខនេះ ពលរដ្ឋដែលមានចំណេះ និងជំនាញ ព្រមទាំងទេពកោសល្យពិតប្រាកដនឹងកាន់តែមានឱកាសចូលរួមចំណែក នៅក្នុងដំណើរការបម្រើនិងអភិវឌ្ឍន៍ប្រទេសជាតិ តាមសមត្ថភាពដែលខ្លួននឹងមាន ។

សព្វថ្ងៃនេះ ពលរដ្ឋដែលជាអ្នកជំនាញពិតប្រាកដមួយចំនួនមិនទាន់ស្ម័គ្រចិត្តចូលរួមបម្រើប្រទេសជាតិនៅឡើយទេ ដោយសារតែពួកគេគិតថា ចំណេះជំនាញ និងសមត្ថភាពដែលគេមាន គឺវាមិនស័ក្តិសមនឹងទទួលបានប្រាក់បៀវត្សរ៍ ឬក៏ផលប្រយោជន៍ដែលពួកគេចង់បាន ។ ដូច្នេះហើយបានជា ពួកគេសុខចិត្តនៅបម្រើការងារ នៅតាមវិស័យឯកជន ឬអង្គការក្រៅរដ្ឋាភិបាលនានាដែលស្ថាប័នទាំងនោះហ៊ាន ចំណាយលើពួកគេ ។ ប៉ុន្តែនៅពេលអនាគតដ៏ខ្លីខាងមុខនេះ រដ្ឋាភិបាលទំនងជានឹងគិតគូរហើយ រៀបចំលើកិច្ចការនេះ ដើម្បីធ្វើយ៉ាងណាក៏ដោយអូសទាញអ្នកដែលមានសមត្ថភាពពិតប្រាកដឲ្យមកជួយជាតិ ជួយរដ្ឋាភិបាល និងរួមគ្នាបម្រើប្រជាជនទូទៅ ។
អ្វីដែលយើងហ៊ានសន្និដ្ឋាន ដូច្នេះពីព្រោះថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីរួចហើយ ដើម្បី ពិនិត្យសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ នៅវិមានសន្តិភាព ។
ព្រះរាជក្រឹត្យដែលមាន៧ជំពូក និង៤៨មាត្រានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ដើម្បីជ្រើសរើសមន្ត្រីឱ្យចំគោល ដៅ ហើយមានគុណវុឌ្ឍិ ចំណេះជំនាញ បច្ចេកទេស វិជ្ជាជីវៈច្បាស់លាស់ ដែលជាតម្រូវការរបស់ក្រសួង ស្ថាប័ននានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើការងារនៅក្នុងរដ្ឋាភិបាល ។
រាជក្រឹត្យនេះត្រូវបានរៀបចំឡើង ដោយរដ្ឋាភិបាលដែលដឹកនាំដោយអ្នកបន្តវេន ហើយត្រូវបានរៀបចំវេទិកាពិគ្រោះយោបល់ជាបន្តបន្ទាប់ តាំងពីខែកក្កដា នៃឆ្នាំ២០២៤មកម្ល៉េះ នៅក្នុងគោលបំណងជ្រើសរើសធនធានមនុស្សច្បាស់លាស់ មានសមត្ថភាព ដើម្បីកុំអោយរដ្ឋាភិបាលចំណាយខ្ជះខ្ជាយច្រើន ។
ពាក់ព័ន្ធនឹងចំណុចគោលដៅដែលកំពុងតែលើកឡើងនេះ សម្តេចធិបតី ក៏ធ្លាប់បានបង្ហើបផងដែរ កាលពីរង្វង់ខែមេសា ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅពេលនោះបានលើកឡើងថា រដ្ឋាភិបាលនឹងចាប់ ផ្តើមអនុវត្តវិធីសាស្ត្រថ្មី ក្នុងការកែទម្រង់ការដឹកនាំ និងគ្រប់គ្រងកិច្ចការនានា ជាពិសេស គឺនៅតាមបណ្តាសហគ្រាសសាធារណៈរបស់រដ្ឋ ដែលកំពុងតែប្រតិបត្តិការផ្តល់សេវា និងធ្វើកិច្ចការរកចំណេញស្រដៀងគ្នានឹងវិស័យឯកជន ។
សម្តេចមហាបវរធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលនឹងកែសម្រួលលក្ខខណ្ឌគតិយុត្តមួយចំនួនចេញ នៅក្នុងគោលបំណងបើកច្រកឲ្យអ្នកជំនាញនៅក្នុងវិស័យឯកជនអាចមកធ្វើជានាយករដ្ឋប្រតិបត្តិរបស់ សហគ្រាសសាធារណៈរបស់រដ្ឋទាំងនោះ ទៅតាមសមត្ថភាពរបស់ពួកគេ ។
សម្តេចមហាបវរធិបតី បាននិយាយនៅក្នុងអំឡុងពេលសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតថា កន្លងមកទាំងក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិរបស់សហគ្រាសសាធារណៈ របស់រដ្ឋភាគច្រើន គឺជាមន្ត្រីមានកម្រិតសិក្សាខ្ពស់ចេះសរសេរផែនការ និងគោលនយោបាយបានល្អ ក៏ប៉ុន្តែពួកគេអាចខ្វះបទពិសោធន៍នៅក្នុងការដឹកនាំក្រុមហ៊ុនឯកជន ។
សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា ដោយសារតែកង្វះបទពិសោធន៍នេះហើយទើបរារាំងដល់ប្រសិទ្ធភាព និងប្រាក់ចំណេញរបស់សហគ្រាសសាធារណៈរបស់រដ្ឋ ។
សម្តេចមហាធិបតី បានលើកឡើងនៅពេលនោះថា សម្តេចបានឱ្យកែសម្រួលលក្ខន្តិកៈ និងកែសម្រួលលិខិតបទដ្ឋាន ដើម្បីបើកច្រក ជ្រើសរើសអ្នកដែលជំនាញមកធ្វើនាយកប្រតិបត្តិ តាមការជួល អ្នកមកពីវិស័យឯកជនធ្វើការងារហ្នឹងតែម្តង ដើម្បីឱ្យគាត់ចេះដឹកនាំជាលក្ខណៈឯកជនតែម្តង ដោយមន្ត្រីរាជការ គឺគួរតែធ្វើត្រឹមជាក្រុមប្រឹក្សាភិបាល ។
សម្តេចមហាបវរធិបតី នៅពេលនោះក៏បានលើកឡើងផងដែរថា ក្រុមប្រឹក្សាភិបាលក៏កុំមកលូកលាន់ ការដឹកនាំរបស់ក្រុមហ៊ុនឯកជន ទោះបីជាជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋក៏ដោយ ក៏ត្រូវតែដំណើរការទៅមុខក្នុងលក្ខណៈឯករាជ្យ ដើម្បីប្រសិទ្ធភាព ដើម្បីបានចំណេញពិតប្រាកដ ។ នេះ គឺជាទស្សនវិស័យមួយដ៏វិជ្ជមាន នៅក្នុងគោលបំណងជំរុញការប្រកួតប្រជែង និងលើកកម្ពស់សហគ្រាសសាធារណៈឲ្យដំណើរការទៅមុខពីព្រោះថា តាមវិស័យឯកជននៅក្នុងករណីនរណាម្នាក់ដឹកនាំស្ថាប័នមួយមិនជោគជ័យ គឺគេអាចមានសិទ្ធិបញ្ឈប់ភ្លាមៗ ។ ការងារនៅតាមវិស័យឯកជន ជាទូទៅគេគិតអំពីទិន្នផល និងលទ្ធផលនៃការងារប៉ុណ្ណោះ ។ នៅក្នុងលក្ខខណ្ឌ សមត្ថភាពបុគ្គលណាមិនដល់ ឫដឹកនាំទៅសម្បូររឿងរ៉ាវមិនប្រក្រតី មិនត្រូវគោលការណ៍ក៏មានភាពងាយស្រួលនៅក្នុងការបញ្ឈប់ពួកគេបានផងដែរ ។
សរុបទៅ យើងសង្ឃឹមថា អ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើនៅក្នុងអំឡុងពេលនេះ វានឹងក្លាយជាដំណោះស្រាយពិតប្រាកដនៅក្នុងការជំរុញ និងពង្រឹងសន្ទុះទិន្នផលការងារនៅតាមក្រសួងស្ថាប័ននានាឲ្យកាន់តែរស់រវើកឡើងបន្ថែមទៀត ហើយភាពមិនប្រក្រតី និងអសុច្ចរិតភាពនឹងលុបបំបាត់នៅពេលដែលប្រព័ន្ធការងារបែបនេះចេញនៅក្នុងអំឡុងពេលអនាគតខាងមុខនេះ ៕
ចែករំលែកព័តមាននេះ