ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ដូង​នៅ​អាស៊ី កំពុង​តែ​មាន​តម្រូវការ​ខ្លាំង ចំណែក​តម្លៃ​ក៏​កាន់តែ​ល្អ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​មក​ដល់​ពេល​នេះ ការ​នាំ​ចេញ​ដូង​ស្រស់​របស់​កម្ពុជា ហាក់​នៅ​ស្ងប់ស្ងាត់​នៅឡើយ ។ បើ​តាម​តារាងបញ្ជី​នៃ​ទំនិញ​នាំ​ចេញ​របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ឆ្នាំ​២០២៤ គឺ​មាន​ផ្លែ​ឈើ…

ទីផ្សារ​ដូង​នៅ​អាស៊ី កំពុង​តែ​មាន​តម្រូវការ​ខ្លាំង ចំណែក​តម្លៃ​ក៏​កាន់តែ​ល្អ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​មក​ដល់​ពេល​នេះ ការ​នាំ​ចេញ​ដូង​ស្រស់​របស់​កម្ពុជា ហាក់​នៅ​ស្ងប់ស្ងាត់​នៅឡើយ ។

បើ​តាម​តារាងបញ្ជី​នៃ​ទំនិញ​នាំ​ចេញ​របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ឆ្នាំ​២០២៤ គឺ​មាន​ផ្លែ​ឈើ មួយ​ចំនួន​ដូច​ជា សា្វ​យ មៀន ចេក​ជាដើម នៅ​ក្នុង​បញ្ជី​នាំ​ចេញ ប៉ុន្តែ​សម្រាប់​ដូង​ដូច​ជា​មិនឃើញ​នៅ​ក្នុង តារាង​កំណត់​ត្រា ។ ហើយ​មក​ដល់​ត្រីមាស​ទី​១ ដើមឆ្នាំ តាម​តារាងបញ្ជី​ទំនិញ​នាំ​ចេញ​ដែល​កត់ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ក៏​ហាក់​មិនឃើញ​បញ្ជាក់​ច្បាស់​នៅឡើយ​ដែរ ។

ដូច​ជា​ស្វាយ មៀន ចេក ជាដើម គឺ​កម្ពុជា​អាច​បើក​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​ចិន​បាន​ដោយឡែក​ដូង​ក៏​ដូច​គ្នា​ដែរ ។ កិច្ចព្រមព្រៀង​បើកចំហរ​ទីផ្សារ​ដូង​កម្ពុជា​នេះ គឺ​កម្ពុជា​បាន​ទទួល តាំង​តែ​ពី​ខែមេសា ឆ្នាំ​២០២៤ នៅ​ពេល​ដែល​លោក វ៉ាង យី រដ្ឋមន្ត្រី​ក្រសួងការបរទេស​មក​បំពេញ​ទស្សនៈកិច្ច នៅ​កម្ពុជា​ម្ល៉េះ ។ នៅ​ពេល​នេះ គេ​ដឹង​ថា កម្ពុជា​មាន​ចំការ​ដូង​ចំនួន​១៣ និង​រោងចក្រ​កែ​ច្នៃ​ចំនួន​៥ ត្រូវ​បាន​ផ្តល់​សិទ្ធិ​នាំ​ចេញ​ដូង​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ចិន ។ ស្រប​ពេល​ដែល​គេ​ដឹង​ថា កម្ពុជា​បាន​ផ្ទៃដី​ចម្ការ​ដូង​សរុប​ប្រមាណ​ជា​ជិត​២​ម៉ឺន​ហិ​កតា ។

ពាក់ព័ន្ធ​នឹង​ទីផ្សារ​ដូង​លោក តឿ បូ​រ៉ា ដែល​ជា​ឈ្មួញ​ដូង​មួយ​រូប​បាន​ប្រាប់​កោះសន្តិភាព​ដោយ​ខ្លី​ថា ទោះបីជា​ទីផ្សារ​ដូង​នាំ​ចេញ​កើត ឬ​មិនកើត​ក៏​ដោយ​ក៏​រឿង​ដំណាំ​ដូង​នេះ​នៅ​តែ​មាន​ទីផ្សារ​ទូលំទូលាយ​ណាស់​នៅ​ក្នុង​ប្រទេស ។ លោក​បាន​អះអាង​ថា «​មិនបាច់​ដល់​ទៅ​នាំ​ចេញ​ទេ គ្រាន់តែ​គេ​ដឹក​លក់រាយ​មួយ​ផ្លែ​មិន​ថា តូច មិន​ថា​ធំ​ឡើយ គឺ​ដឹង​តែ​គេ​អាច​លក់​ពី​៣០០០ រៀល​ទៅ​៥០០០ រៀល​បាន​យ៉ាង​ស្រួល​» ។ លោក​បាន​បញ្ជាក់​បន្ត​ថា « ខែ​ក្តៅ​ខ្លាំង​ដូច​សព្វ​ថ្ងៃនេះ តម្រូវការ​ដូង​ខ្ពស់​ណាស់ មាន​ប៉ុន្មាន​ក៏​អស់​ដែរ »​។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​ទីផ្សារ​ដូង​នៅ​បរទេស​កាសែត VN Express បាន​រាយការណ៍​ថា ដំណាំ​ដូង​នៅ​វៀតណាម នៅ​ពេល​នេះ​កំពុង​តែ​មាន​តម្រូវការ​ខ្ពស់ ហើយ​តម្លៃ​ដូង​បាន​កើនឡើង​ដល់​កម្រិត​កំណត់​ត្រា ដោយសារ​តែ​កង្វះ​ការ​ផ្គត់ផ្គង់ ដែល​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ និង​សត្វល្អិត​នៅ​ក្នុង​ប្រទេស​វៀតណាម​ផ្ទាល់ ហ្វី​លី​ពី​ន និង​ថៃ ជាដើម ។ តម្លៃ​ដូង​ដែល​គេ​ប្រមូល​ទិញ​ពី​ចម្ការ គឺ​ឡើង​ដល់​៨,៤៧ ដុល្លារ​នៅ​ក្នុង​មួយ​ឡូ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ហើយ​តម្លៃ​នេះ​បាន​កើនឡើង​ជាង​ពីរ​ដង​ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក ឃ្វៀន ឌិ​ញ ទុង ( Nguyen Dinh Tung) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Vina T&T ដែល​ជា​ក្រុមហ៊ុននាំចេញ​ផ្លែ​ឈើ​វៀតណាម​មួយ​បាន​អះអាង​ថា តម្លៃ​ដូង​កំពុង​កើនឡើង​លឿន​ដូច​តម្លៃ​មាស ហើយ​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​បាន​នាំ​ចេញ​ដូង​ចំនួន​៧ កុងតឺន័រ​ក្នុង​មួ​យស​ប្តា​ហ៍ ។

សារព័ត៌មាន​ដដែល​បាន​បន្ត​ថា និន្នាការ​ស្រ​ដៀង​គ្នា​នេះ ត្រូវ​បាន​គេ​មើលឃើញ​នៅ​ក្នុង​ប្រទេស​ស្រី​លង្កា ហ្វី​លី​ពី​ន និង​ប្រទេស​ថៃ ដែល​ជា​អ្នក​នាំ​ចេញ​ដូង​ដ៏​សំខាន់​ដោយនៅ​ពេល​នេះ​តម្លៃ​បាន​កើនឡើង​ពី​៥០​ទៅ​១០០​ភាគរយ ដោយសារ​តែ​អន្តរ​កម្ម​នៃ​បាតុភូត​អាកាសធាតុ អែ​ល​នី​ណូ ដែល​រាំង​ស្ងួត​ខ្លាំង និង​ឡា​នី​ណា ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បូក​ផ្សំ​នឹង​ង​ព្យុះ​ក្រៅ​រដូវ នៅ​ក្នុង​តំបន់​ជះ​ឥទ្ធិពល​ដល់​ទិន្នផល​ដូង ។

កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ ជាមួយនឹង​ចម្ការ​ដូង​ដែល​មាន​ប្រមាណ​ជា​២​សែន​ហិ​កតា វៀតណាម​អាច​នាំ​ចេញ​ដូង​ប្រមាណ​ជា​២​លាន​តោន ទៅ​កាន់​ប្រទេស​ជាង​៤០ ដោយ​ទីផ្សារ​ធំ គឺ​សហរដ្ឋអាមេរិក និង​ចិន នៅ​ក្នុង​តម្លៃ​ជិត​១,១​ពាន់​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ