ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​វិនិយោគ​បរទេស​នៅ​កម្ពុជា​ហាក់​កាន់តែ​ខ្លាំង បើ​ទោះបីជា​កម្ពុជាស្ថិត​ក្រោម​សំពាធ​នៃ​ពន្ធ​បដិការ​ពី​សហរដ្ឋអាមេរិក​៤៩​ភាគរយ​ក៏​ដោយ ។ ស្ថិតិ​ដែល​ចេញផ្សាយ ដោយ​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទំហំ​វិនិយោគ​នៅ​ក្នុង​ខែមេសា ឆ្នាំ​២០២៥​នេះ កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​សរុប​៥៩ គម្រោង…

ស្ថានភាព​វិនិយោគ​បរទេស​នៅ​កម្ពុជា​ហាក់​កាន់តែ​ខ្លាំង បើ​ទោះបីជា​កម្ពុជាស្ថិត​ក្រោម​សំពាធ​នៃ​ពន្ធ​បដិការ​ពី​សហរដ្ឋអាមេរិក​៤៩​ភាគរយ​ក៏​ដោយ ។

ស្ថិតិ​ដែល​ចេញផ្សាយ ដោយ​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទំហំ​វិនិយោគ​នៅ​ក្នុង​ខែមេសា ឆ្នាំ​២០២៥​នេះ កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​សរុប​៥៩ គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ទាំងអស់​៨៦០​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​ធ្វើ​បាន ប្រមាណ​ជា​៣៩.០០០ នាក់ នៅ​ក្នុង​នោះ​សហរដ្ឋអាមេរិក​លេច​នៅ​ក្នុង​តារា​កំពូល​វិនិយោគ​ទាំង​៥​របស់​កម្ពុជា​នឹង​គេ​ដែរ​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុងអំឡុងពេល​នេះ​ចិន នៅ​តែ​ជា​វិនិយោគទុន​ចម្បង​នៅ​ក្នុង​ទីផ្សារ​វិនិយោគ​នៅ​កម្ពុជា ដោយ​ឈរ​នៅ​លំដាប់​ទី​១ ដែល​មាន​ទុន​វិនិយោគ​សរុប​៥៨,៥១​ភាគរយ​នៃ​គម្រោង សិង្ហ​បុរី លោត​ខ្ពស់ គឺ​៣៥,១០​ភាគរយ អង់គ្លេស​ឃើញ​១,៦៥ ភាគរយ ហើយ​សហរដ្ឋអាមេរិក​ឃើញ ០,២៣ ភាគរយ ក្រៅពី​នោះ គឺជា​វិនិយោគ​នៅ​ក្នុងស្រុក ។

របាយការណ៍​នោះ មិន​បាន​បញ្ជាក់​ថា តើ​សហរដ្ឋអាមេរិក​ក៏​ដូច​ជា វិនិយោគទុន​បរទេស​ផ្សេង​ៗ​វិនិយោគ​នៅ​លើ​អ្វីខ្លះ​នោះ​ទេ ។ ដោយ​ឃើញ​សហរដ្ឋអាមេរិក​លេច​នៅ​ក្នុង​បញ្ជី​កំពូល​ទាំង​៥ បែប​នេះ អ្នកវិភាគ​មួយ​រូប​បាន​បង្ហាញ​នូវ​ទស្សនៈ​សុទិដ្ឋិនិយម​ថា វា​អាច​ថា​នេះ គឺជា​ការ​ចាប់ផ្តើម​មួយ​របស់​កម្ពុជា​សម្រាប់​ទីផ្សារ​វិនិយោគ​មក​ពី​សហរដ្ឋអាមេរិក ។

លោក​បាន​បន្ត​ថា​«០,២៣ ភាគរយ​នៃ​ទឹកប្រាក់​វិនិយោគ​សរុប​៨៦០​លាន​ដុល្លារ​ឃើញ​ថា វា​តិចតួច​នៅឡើយ ហើយ​បើ​យើង​គណនា​ទៅ គឺ​ទុន​វិនិយោគ​អា​មេ​រិ​ក មាន​ត្រឹមតែ​រង្វង់​ជិត ២ លាន​ដុល្លារ​ប៉ុណ្ណោះ​» ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា កន្លង​មក​អា​មេ​រិ​ក​ជាទី​ផ្សារ​នាំ​ចេញ​ទំនិញ​កម្ពុជា​ដ៏​ធំ​បំផុត ប៉ុន្តែ​វិនិយោគទុន​អា​មេ​រិ​ក​នៅ​កម្ពុជា​តិចតួច ដូច្នេះ​ប្រសិនបើ​ចាប់ពី​ពេល​នេះ​តទៅ​កម្ពុជា អាច​បន្ត​ទាក់ទាញ​វិនិយោគិន​អា​មេ​រិ​កមក​បន្ថែម​នោះ វា​អាច គឺជា​ដំណើរ​ដ៏​វិជ្ជមាន ហើយ​វា​ក៏​ជា ព័ត៌មាន​ដ៏​ល្អ​តូច​មួយ​ដែល​អាច​យើង​មាននៅ​ក្នុង​ដៃ​សម្រាប់​រំលេច​បន្តិច​នៅ​ក្នុង​ពេល​ចរចារ នា​ស​ប្តា​ហ៍​ខាង​មុខ​ដែរ ។

នៅ​ក្នុង​រយៈពេល​៤​ខែ នៃ​ឆ្នាំ​២០២៥​នេះ ប្រទេស​កម្ពុជា​បាន​ទាក់ទាញ​ការ​វិនិយោគ​ទ្រព្យសកម្ម​នៅ​ក្នុង​ចំនួន​ប្រមាណ​ជា​៣,៤​ពាន់​លាន​ដុល្លារ​កើនឡើង​៣៤ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២៤ ។ ទឹកប្រាក់​ទាំងនេះ គឺ​ចេញ​មក​ពី​ការ​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន​២៣១​គម្រោង ដោយ​មានការ​កើនឡើង​៨០​ភាគរយ បើ​ធៀប​នឹង​គម្រោង​ត្រឹមតែ​១២៨ ក្នុង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២៤ ដោយ​បង្កើត​ការងារ​បាន​ប្រហែល​ជិត​១៦​ម៉ឺន​នាក់ ។

គម្រោង​សំខាន់​ៗ​រួម​មាន រោងចក្រ​ផលិត​គ្រឿងបន្លាស់​រថយន្ត រោងចក្រ​ផលិត​សំបក​កង់​រថយន្ត រោងចក្រ​ដំឡើងរថយន្ត រោងចក្រ​ដំឡើង​កង់​បី​អគ្គិសនី រោងចក្រ​ផលិត​ឧបករណ៍​វេជ្ជសាស្ត្រ រោងចក្រ កែ​ច្នៃ​ដែក និង​អាលុយមីញ៉ូម កំពង់​ផែស្ងួត និង​រមណីយដ្ឋាន​ទេសចរណ៍​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ