រាជធានីភ្នំពេញ ៖ ស្ត្រីអ្នកលក់ម្ហូបម្នាក់បានជួបរឿងស៊យទាំងព្រឹក ខណៈដែលគាត់កំពុងជិះម៉ូតូ១គ្រឿងជាមួយកូនប្រុសរបស់គាត់ត្រឡប់មកពីទិញអីវ៉ាន់ផ្សារជម្ពូវ័ន ឆ្ពោះទៅផ្ទះ ដើម្បីធ្វើម្ហូបលក់ ដល់ពាក់កណ្ដាលផ្លូវក៏ត្រូវចោរឆ.ក់កាបូប ។

ពេលនោះ គាត់ខំប្រទាញប្រទង់ជាមួយចោរដែរ ប៉ុន្តែទាញអត់ឈ្នះ ហើយត្រូវចោរឆ.ក់យកបានសម្រេច រួចជិះម៉ូតូគេចខ្លួនទៅបាត់ដោយសុវត្ថិភាពតែម្ដង ។
ក្នុងហេតុការណ៍នេះបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅតាមមហាវិថីស៊ី ជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ ស្ថិតនៅក្នុងភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា គាត់ឈ្មោះ គ្រី ដាណា អាយុ៤៧ឆ្នាំ មុខរបរលក់ម្ហូប មានទីលំនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ចំណែកនៅក្នុងកាបូបរបស់គាត់ ដែលត្រូវចោរឆ.ក់យកទៅបាត់នោះមានលុយចំនួនជាង១០ម៉ឺនរៀល និងទូរស័ព្ទម៉ាក OPPO១គ្រឿង ដែលមានភ្ជាប់កុងធនាគារដែលមានទឹកប្រាក់នៅក្នុងនោះជាង២០០ដុល្លារ ព្រមទាំងឯកសារមួយចំនួនទៀតផងដែរ ។
គាត់បានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុគាត់បានឲ្យកូនប្រុសរបស់គាត់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ឌុបគាត់ចេញពីផ្ទះទៅទិញអីវ៉ាន់ នៅផ្សារជម្ពូវ័ន ដើម្បីយកទៅធ្វើម្ហូបលក់នៅផ្ទះ ។ លុះក្រោយពេលទិញអីវ៉ាន់បានហើយក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញតាមមហាវិថីស៊ី ជីនពីង ក្នុងទិសដៅពីជើងទៅត្បូង ដោយគាត់ទុកកាបូបនោះ នៅចន្លោះកណ្ដាលរវាងរូបគាត់ និងកូនប្រុស ។

ស្ត្រីអ្នកលក់ម្ហូបរូបនេះ បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងបន្ថែមទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែមានចោរ២នាក់ ជិះម៉ូតូ១គ្រឿង តាមពីក្រោយ រួចធ្វើសកម្មភាពឆ.ក់កាបូប ។ ពេលនោះគាត់បានខំប្រទាញប្រទង់ដណ្ដើមកាបូបជាមួយចោរដែរ ប៉ុន្តែដណ្ដើមអត់ឈ្នះក៏ត្រូវចោរឆ.ក់យកបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ ហើយសំណាងដែរ ដែលគាត់មិនបានធ្លាក់ពីលើម៉ូតូ ឬដួលម៉ូតូបណ្ដាលឲ្យមានគ្រោះថ្នាក់ ។
ជនរងគ្រោះម្នាក់នេះ បានបញ្ជាក់ប្រាប់ផងដែរថា ខណៈនោះគាត់បានស្រែកថា ចោរៗដែរ តែគ្មាននរណាជួយទេ ហើយស្របពេលនោះក៏មានមនុស្សប្រុស២នាក់ទៀត ជិះម៉ូតូ១គ្រឿងទៅពីក្រោយ រួចស្រែកប្រាប់គាត់ថា«ចាំពួកខ្ញុំជួយដេញតាមចាប់ចោរឲ្យ» ។ បន្ទាប់មកជន២នាក់នោះក៏ជិះម៉ូតូទៅបាត់ទាំងអស់តែម្ដង ដែលគាត់ និងកូនប្រុសមានការសង្ស័យថា ជន២នាក់នោះក៏ជាបក្ខពួករបស់ចោរឆ.ក់ដែរ ដែលអាចជាអ្នកចាំបិទគូទទៀតផងទើបខណៈនោះ គាត់មិនហ៊ានដេញតាម ព្រោះខ្លាចពួកនេះធាក់ផ្ដួលបង្កឲ្យមានគ្រោះថ្នាក់ ។
ក្រោយពេលចោរទៅបាត់អស់គាត់ និងកូនប្រុសបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍ចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែពេលទៅដល់នគរបាលប៉ុស្តិ៍ខាងលើបានប្រាប់ឲ្យគាត់ទៅប្ដឹងនៅប៉ុស្តិ៍កន្ទោក នៃអធិការដ្ឋាននគរបាលខណ្ឌកំបូលវិញ ព្រោះទីកន្លែងកើតហេតុនៅក្នុងភូមិសាស្ត្រសង្កាត់ ខណ្ឌនោះ ៕
ចែករំលែកព័តមាននេះ