ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ មានមនុស្សប្រុសស្រីចំនួន០៣នាក់បានស្លា.ប់ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យ ឆាបឆេះរថយន្តដឹកប្រេងមួយគ្រឿង ។

យោងតាមនាយកដ្ឋាននគបាលបង្ការពន្លត់អគ្គិសភ័យ និងសង្គ្រោះនៃអគ្គស្នងការរដ្ឋាននគបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១១:៤០ នាទីយប់ មានករណីអគ្គិភ័យឆេះរថយន្តដឹកប្រេងចំនួន០១គ្រឿង រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិ ព្រែកប្រស់ ឃុំ ទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។

ក្នុងហេតុការណ៍នោះបានធ្វើឲ្យ រងការខូចខាតរួមមាន ៖ ឆេះរថយន្តដឹកប្រេងចំនួន០១គ្រឿង របស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ 4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) នឹងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង អស់ទាំងស្រុង និងម៉ូតូចំនួន០៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន ៥០.០០០ ម៉ឺនដុល្លារ ព្រមទាំងបណ្ដាលអោយស្លា.ប់មនុស្សចំនួន០៣នាក់ ។

ចំណែកម្ចាស់ផ្ទះរងគ្រោះ ៖ ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុត ភាព ភេទស្រី អាយុ៤៩ ឆ្នាំ មុខរបរកម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សី មានទំហំទទឹង០៤ម៉ែត្រ×បណ្ដោយ០៦ម៉ែត្រ (អស់ទាំងស្រុង)។ ម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទប្រុស អាយុ៤០ ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ បាត ស្រីមុំ ភេទស្រី អាយុ៣៥ ឆ្នាំ មុខរបរលក់ដូរ ផ្ទះសង់អំពីថ្ម ដំបូលប្រក់សង្ក័សី មានទំហំទទឹង០៧ម៉ែត្រ×បណ្ដោយ១៥ម៉ែត្រ (ឆេះផ្ទះអស់ទាំងស្រុង) និងបណ្ដាលអោយឆេះដល់កូន ស្លា.ប់ចំនួន០៣នាក់រួមមាន ៖ ១. ឈ្មោះ យ៉ារី សុខសិលា ភេទប្រុស អាយុ ១៨ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ ២. ឈ្មោះ ភក្ដី រីតា ភេទ ស្រី អាយុ១៥ ឆ្នាំ (ស្លា.ប់នៅនឹងកន្លែងកើតហេតុ) ។ ៣. ឈ្មោះ ភក្ដី សំមេន ភេទប្រុស អាយុ១៣ ឆ្នាំ (ស្លា.ប់នៅនឹងកន្លែងកើតហេតុ) និងម្ដាយឈ្មោះ បាត ស្រីមុំ អាយុ ៣៥ ឆ្នាំ (រងរបួសស្រាល) ។

ប្រភពបានលើកឡើងថា មូលហេតុ តាមការបំភ្លឺរបស់ឈ្មោះ ភក្ដី គារ៉ា ភេទប្រុស អាយុ១៧ ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុ រូបគាត់កំពុងបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេង ដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlES បានបង្ហូរសាំងលក់អោយទៅម្ចាស់ផ្ទះខាងលើ រួចគាត់បានបង្ហូរសាំងបានចំនួន០២ប៊ីដុង ក៏លើកយកមកទុកក្នុងផ្ទះ រួចហើយក៏បានបង្ហូរសាំងបន្ថែមទៀតទើបតែបានកន្លះប៊ីដុង ពេលនោះដែរ ម្ដាយរបស់គាត់ក៏កំពុងអាំងងាវហូបនៅពីមុខផ្ទះ ភ្លាមៗនោះ ស្រាប់តែឆាបឆេះជាអគ្គិភ័យកើតឡើងតែម្ដង ។

ករណីអគ្គិភ័យខាងលើ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ចំនួន០២គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត ស្មើនិង០១២ម៉ែត្រគូប ។ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន០២គ្រឿង បានប្រើប្រាស់ទឹកអស់០២រថយន្ត ស្មើនិង០៨ម៉ែត្រគូប ៕


អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ