រាជធានីភ្នំពេញ ៖ ទីបំផុត នាររសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសាកសួរស្ត្រីប្រពន្ធដើម ២នាក់បងប្អូន ពាក់ព័ន្ធសំណុំរឿងលើកគ្នាបើកឡានដេញបុក និងប្រើអំពើហិ.ង្សាលើស្រីកំណាន់របស់ប្តី ដោយសម្រេចមិនឃុំខ្លួនទេ តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងដោយមានលក្ខណ្ឌ៤ ចំណុច ៖
១. ជនត្រូវចោទ មិនត្រូវផ្លាស់ប្តូរទីលំនៅ ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ។
២. ជនត្រូវចោទ ត្រូវបង្ហាញខ្លួន ចំពោះមុខចៅក្រមស៊ើបសួរ នៅរៀងរាល់ចុងខែនីមួយៗ ។
៣. ជនត្រូវចោទ ត្រូវឆ្លើយតបនូវការកោះហៅពីគ្រប់បុគ្គល ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ ។
៤. ជនត្រូវចោទ ត្រូវដាក់ប្រាក់តម្កល់ ដើម្បីធានាខ្លួន ។
តែទោះជាចៅក្រមស៊ើបសួរ សម្រេចមិនឃុំខ្លួន ស្ត្រីប្រពន្ធដើម ២នាក់បងប្អូននោះ យ៉ាងណាក្តី សំណុំរឿងក៏នៅតែតុលាការដំណើរការតាមនីតិវិធី រហូតដល់បើកសវនាការជំនុំជម្រះ លើអង្គសេចក្តីទាំងមូលដែរ នេះបើតាមអ្នកច្បាប់បង្ហើបប្រាប់កោះសន្តិភាពឲ្យដឹង ។
សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងប្តីមានស្រីកំណាន់ ប្រពន្ធ និងបងប្អូន បើកឡានដេញបុកស្រីកំណាន់របស់ប្តី បង្កអំពើហិ.ង្សា ត្រូវបានតំណាងអយ្យការ សម្រេចបើកការស៊ើបសួរលើជនសង្ស័យទាំង ២នាក់ បទល្មើសបទ ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ។
ក្រោយតំណាងអយ្យការបញ្ចប់ការស៊ើបសួរសំណុំរឿងនេះ បានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំបើកសវនាការផ្តន្ទាទោស ទៅតាមច្បាប់ជាធរមាន ។
បើយោងតាមការចោទប្រកាន់ពីបទ ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសជនសង្ស័យដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល កាលបើអំពើហិ.ង្សានេះប្រព្រឹត្ត ៖
១. ដោយមានការគិតទុកជាមុន
២. ដោយប្រើអាវុធ ឬគំរាមកំហែងដោយអាវុធ
៣. ដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត ។
រីឯ បទល្មើស ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសជនសង្ស័យដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ៥ ឆ្នាំ និងពិន័យជាប្រាក់ពី៤ លានរៀល ទៅ១០ លានរៀល នៅក្នុងករណីដូចតទៅ ៖
១. កាលបើបទល្មើសនេះ បានប្រព្រឹត្តដោយបុគ្គលច្រើនរូបធ្វើស កម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬជាអ្នកសមគំ និត ។
២. កាលបើបទល្មើសនេះ បានប្រព្រឹត្តនៅក្នុងទីកន្លែងជាលំនៅ ឋាន ។
(មានន័យថា សំណុំរឿងខាងលើនេះតំណាងអយ្យការបានចោទ ប្រកាន់លើជនសង្ស័យទាំង២ នាក់ចំនួន២ បទល្មើស ដោយបទល្មើសនីមួយៗ តម្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤ លានទៅ១០ លានរៀលដូចគ្នា ប៉ុន្តែស្ថិតក្នុងដំណាក់កាលជំនុំជម្រះ ទោសទាំង២ ចៅក្រមបូកចូលគ្នាឬយ៉ាងណា) ។
ជនសង្ស័យម្នាក់ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ និងម្នាក់ឈ្មោះ អ៊ឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សូមជម្រាបទៀតថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចស្តុបសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលភាគីខាងប្រពន្ធដើម និងបក្ខពួកបើកឡានដេញបុក និងប្រើអំពើហិង្សាលើស្ត្រីចំណាន់របស់ប្តី ។ ហេតុការណ៍នោះ អ្នកលេងបណ្តាញសង្គម បានបង្ហោះចែកចាយព្រោងព្រាត ដោយមានការបញ្ចេញមតិរិះគន់ផ្សេងៗគ្នា ខ្លះវាយប្រហារទៅលើប្រពន្ធដើម ខ្លះទំលាក់កំហុសលើស្រីកំណាន់របស់ប្តី ទីបំផុត ស្ត្រីប្រពន្ធដើម ២នាក់បងប្អូន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ៕

ចែករំលែកព័តមាននេះ