ឥណ្ឌា-ប៉ាគីស្ថាន ៖ ឥណ្ឌានិងប៉ាគីស្ថានបានវាយប្រហារគ្នាទៅវិញទៅមក កាលពីព្រឹកថ្ងៃទី៧ ឧសភា នេះ បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច២៦នាក់ខាងប៉ាគីស្ថាន និង៨នាក់ខាងឥណ្ឌា ដែលនោះហាក់ដូចជាអំពើហិង្សាខ្លាំងក្លាបំផុត រវាងមហាអំណាចនុយក្លេអ៊ែរទាំង២ពុំធ្លាប់មានចាប់តាំងពី២ទសវត្សមកហើយ។

កងទ័ពប្រទេសទាំង២បានបាញ់តតាំងគ្នាដោយកាំភ្លើងធំ តាមបណ្ដាយព្រំដែនមានជម្លោះនៅកាស្មៀរ ប៉ុន្មានម៉ោងបន្ទាប់ពីឥណ្ឌាវាយប្រហារលើដែនដីប៉ាគីស្ថានជាការសងសឹកចំពោះការវាយប្រហារភេរវកម្ម ថ្ងៃទី២២ មេសា នៅ PAHALGAM តំបន់កាស្មៀរ ឥណ្ឌា ។ រដ្ឋាភិបាលឥណ្ឌាប្រកាសថា ថ្ងៃទី៦ ឧសភា ឥណ្ឌាបានបើកធ្វើប្រតិបត្តិការSINDOOR ដោយវាយប្រហារទីតាំងពួកភេរវករ៩កន្លែង ពិសេសនៅតំបន់កាស្មៀរ ប៉ាគីស្ថានជាមួយគ្រាប់មីស៊ីល ។
ប៉ាគីស្ថានអះអាងពីការស្លាប់ជនស៊ីវិល២៦នាក់ ក្នុងនោះ មានកុមារ៣នាក់ ហើយ៤៦នាក់ទៀតរងរបួស។ ប៉ាគីស្ថានចាប់ផ្ដើមវាយតបតវិញដោយកាំភ្លើងធំ ។ ក្រុងញូវដែល្លីប្រកាស នាថ្ងៃទី៧ឧសភាថា ឥណ្ឌាបានវាយប្រហារដោយគ្រាប់មីស៊ីលប្រឆាំងទីតាំង៩ ដែលមានហេដ្ឋារចនាសម្ព័ន្ធភេរវកម្មស្ថិតក្នុងដែនដីប៉ាគីស្ថានជាការសងសឹក ចំពោះការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី២២ មេសា នៅកាស្មៀរ ឥណ្ឌាបណ្ដាលឲ្យមនុស្សស្លាប់២៦នាក់។
ក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ រដ្ឋាភិបាលឥណ្ឌាគូសបញ្ជាក់ថា មុននេះបន្តិចកងទ័ពឥណ្ឌាបានធ្វើប្រតិបត្តិការSINDOORដោយវាយប្រហារលើបណ្ដាហេដ្ឋារចនាសម្ព័ន្ធភេរវកម្មនៅប៉ាគីស្ថាន ។ ទីតាំងទាំងនេះ ហើយជាកន្លែងរៀបចំនិងដឹកនាំការវាយប្រហារភេរវកម្ម ។ សេចក្ដីថ្លែងការណ៍បន្តថា សកម្មភាពរបស់យើងមានការថ្លឹងថ្លែង ដើម្បីចៀសវាងការកើនឡើងនៃភាពតានតឹង។ គ្មានទីតាំងយោធាប៉ាគីស្ថានណាមួយត្រូវបានវាយប្រហារឡើយ។ យើងបង្ហាញពីភាពអត់ធ្មត់ខ្លាំងបំផុត។ យើងប្រកាន់ពាក្យសន្យារបស់យើងដែលថា ធ្វើយ៉ាងណាឲ្យពួកអ្នកទទួលខុសត្រូវលើការវាយប្រហារភេរវកម្មទទួលទណ្ឌកម្ម។
ខាងកងទ័ពប៉ាគីស្ថានអះអាងថា កាលពីយប់ថ្ងៃទី៦មក៧ឧសភា ឥណ្ឌាបានវាយប្រហារតាមអាកាសលើទីក្រុង៦ នៅកាស្មៀរ និងនៅបញ្ចាបជាប់ព្រំដែនឥណ្ឌា ។ អ្នកនាំពាក្យកងទ័ពប៉ាគីស្ថាន ឧត្ដមសេនីយអាហ៍ មេដសូឌ្រី អះអាងថា យើងតបតវិញ។ ចំណែកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកសេបាសសារីហ្វមុននេះអះអាងថា ប្រជាជនប៉ាគីស្ថាននិងកងទ័ពខ្លួនត្រៀមជាស្រេចក្នុងការទប់ទល់និងវាយបកវិញ និងយកឈ្នះលើរាល់ការគំរាមកំហែងជាមួយកម្លាំងនិងការតាំងចិត្ត។
នាពេលយប់ស្នូរផ្ទុះខ្លាំងៗលាន់ឮត្រង់ច្រកចូលទីក្រុងស្រ៊ីណាហ្គា ជាទីក្រុងធំនៅតំបន់កាស្មៀរឥណ្ឌា មិនឆ្ងាយប៉ុន្មានពីទីបញ្ចាការដ្ឋានកងទ័ពឥណ្ឌា។ កងទ័ពឥណ្ឌាអះអាងថា ប៉ាគីស្ថានបានបាញ់កាំភ្លើងធំលើដែនដីខ្លួន ហើយចោទប្រកាន់ប៉ាគីស្ថានថារំលោភបំពានជាថ្មីលើបទឈប់បាញ់គ្នា ដោយបាញ់កាំភ្លើងធំចូលតំបន់BHIMBER GALI និងPOONCH-RAJAURIនៅកាស្មៀរឥណ្ឌា។ កងទ័ពឥណ្ឌាបន្តថាយើងបានតបតវិញដោយសមស្រប។ ការវាយប្រហាររបស់ប៉ាគីស្ថានបណ្ដាលឲ្យមនុស្សសា្លប់៨នាក់និងរបួស២៩នាក់។
នាព្រឹកថ្ងៃទី៧ ឧសភា ប្រភពសន្តិសុខឥណ្ឌាមួយគូសបញ្ជាក់ថា យន្តហោះប្រដេញ៣គ្រឿងរបស់កងទ័ពអាកាសឥណ្ឌាបានធ្លាក់ដោយមិនទាន់ដឹងមូលហេតុក្នុងពេលភ្លាមៗ។ បំណែករបស់យន្តហោះ២គ្រឿងធ្លាក់ក្នុងផ្នែកកាស្មៀរឥណ្ឌានិងបំណែកយន្តហោះ១គ្រឿងទៀតរកឃើញក្នុងតំបន់បញ្ចាបឥណ្ឌា។ មុននេះ រដ្ឋមន្ត្រីការពារប្រទេសប៉ាគីស្ថានលោកខាវ៉ាហ្សាអាសីុវអះអាងថា ប៉ាគីស្ថានបានបាញ់ធ្លាក់យន្តហោះសត្រូវ៥គ្រឿង។
ឥណ្ឌាប្រកាសសង្គ្រាមទឹកដោយប្រើទឹកជាអាវុធឥណ្ឌាថ្លែងកាលពីថ្ងៃទី៦ឧសភាថា នឹងធ្វើសង្គ្រាមទឹកប្រឆាំងប៉ាគីស្ថាន ដោយប្រកាសថាខ្លួននឹងកាត់ផ្ដាច់ទឹកទន្លេដែលមានប្រភពពីប្រទេសខ្លួន ហើយហូរទៅកាន់ប៉ាគីស្ថាន។ ក្នុងសុន្ទរកថាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោកណារេនដ្រាម៉ូឌីថ្លែងថា ទឹកដែលជារបស់ឥណ្ឌាហើយហូរទៅខាងក្រៅចាប់ពីពេលនេះទៅត្រូវបិទសម្រាប់ទុកបម្រើផលប្រយោជន៍ឥណ្ឌា។ ឥណ្ឌាគំរាមពង្វាងទឹកទន្លេអាំងណ្ឌូសជាគម្រោងដែលបង្កផលវិបាកធ្ងន់ធ្ងរបំផុតដល់ប៉ាគីស្ថាន៕
ចែករំលែកព័តមាននេះ