ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារព័ត៌មាន​ដែល​មានការ​ទទួលស្គាល់​នៅ​ថៃ ដូច​ជា កាសែត​បាងកក​ប៉ុស្តិ៍​ជាដើម កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែឧសភា នៅ​តែ​បន្ត​បញ្ជាក់​អំពី​ករណី​បាត់បង់​ជីវិត​ដោយ​ជំងឺ Anthrax ដែល​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​កម្ពុជា​ហៅ​ថា «​ពិសធ្យូង​» នេះ​ត្រឹម​មួយ​ករណី​ដដែល…

សារព័ត៌មាន​ដែល​មានការ​ទទួលស្គាល់​នៅ​ថៃ ដូច​ជា កាសែត​បាងកក​ប៉ុស្តិ៍​ជាដើម កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែឧសភា នៅ​តែ​បន្ត​បញ្ជាក់​អំពី​ករណី​បាត់បង់​ជីវិត​ដោយ​ជំងឺ Anthrax ដែល​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​កម្ពុជា​ហៅ​ថា «​ពិសធ្យូង​» នេះ​ត្រឹម​មួយ​ករណី​ដដែល ប៉ុន្តែ​បណ្តាញ​សង្គម​នៅ​ស្រុក​យើង​ខ្លះ​បាន​បន្លាច​ថា មាន​អ្នក​ស្លា​.​ប់​ដល់​ទៅ​៦០០​នាក់ ។

សូមកុំ​ជ្រួលច្របល់​រឿង​នេះ វា​ពិតជា​មាន ប៉ុន្តែ​មិន​ទាន់​មាន​ករណី​រីក​រាលដាល​ច្រើន​បែប​នោះ​ឡើយ ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ផ្សាយ​ថា ជំងឺ​ពិសធ្យូង​នេះ វា​ឆ្លង​តែ​៣​នាក់ នៅឡើយ​ទេ ហើយ​ស្លា​.​ប់ម្នាក់ ដោយឡែក​មនុស្ស​៩៨​នាក់​ផ្សេង​ទៀត គេ​គ្រាន់តែ​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​ប៉ុណ្ណោះ ។

តាម​ឯកសារ​របស់​អង្គការ​សុខភាព​ពិភពលោក ជំងឺ​នេះ​វា​ជា​ជំងឺ​សាហាវ ប៉ុន្តែ​វា​មាន​ថ្នាំ​ព្យាបាល ហើយ គឺជា​ជំងឺ​កម្រ​បំផុត ដូច្នេះ​កុំ​អាល​ជ្រួលច្របល់ ហើយ​អ្នក​ដែល​ដឹង​មិន​ច្បាស់​កុំ​ចេះ​តែ​បន្លាច​គេ​បន្លាច​ឯង ។

ក្រៅពី​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក តាម​ឯកសារ​ផ្នែក​វេជ្ជសាស្ត្រ​មួយ​ដែល​ចុះ​ផ្សាយ​នៅ​លើ https://www.mayoclinic.org បាន​ឲ្យ​ដឹង​ថា ជំងឺ​ពិសធ្យូង​នេះ គឺជា​ជំងឺ​ដ៏​កម្រ​មួយ ប៉ុន្តែ​ធ្ងន់ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​ដែល​មានឈ្មោះ​ថា Bacillus anthracis ហើយ​មនុស្ស​អាច​ឆ្លង ឬ​កើត​ជំងឺ​នេះ​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​សត្វ​ឈឺ ឬ​តំបន់​ដែល​សម្បូរ​បាក់តេរី​នេះ ។

មក​ដល់​ពេល​នេះ ពិភពលោក​នៅ​មិន​ទាន់​មាន​ភស្តុ​តាង​ដែល​បង្ហាញ​ថា ជំងឺ​នេះ ត្រូវ​បាន​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ទេ ប៉ុន្តែ​វា​អាច​ទៅ​រួច​ដែល​ថា ដំបៅ​នៅ​លើ​ស្បែក​វា​អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ផ្ទាល់ ឬ​តាម​រយៈ​ការ​ប៉ះពាល់​ជាមួយ​វត្ថុ​ដែល​មាន​បាក់តេរី ពីព្រោះ​ថា មេរោគ​នេះ ចូល​ទៅ​ក្នុង​ខ្លួន​តាម​រយៈ​ស្នាម​របួស​នៅ​លើ​ស្បែក ហើយ​វា​ក៏​អាច​ឆ្លង​តាម​រយៈ​ការ​ស្រូប​យក​បាក់តេរី​តាម​ផ្លូវដង្ហើម ឬ​ការ​ទទួលទាន​សាច់​ដែល​ផ្ទុកមេរោគ​ចម្អិន​មិនល្អ ។

មក​ដល់​ពេល​នេះ ជំងឺ​នេះ​នៅ​លើ​ស្បែក​មិនសូវ​ជា​គ្រោះថ្នាក់​ទេ ប៉ុន្តែ​ប្រសិនបើ​វា​ឆ្លង​ហើយ​កើត​ជំងឺ​នៅ​ខាងក្នុង​ខ្លួន​ដូច​ជា​សួត ក្រពះ ពោះវៀន ពិបាក​ព្យាបាល ហើយ​អាច​ស្លា​.​ប់​បាន ។

ជំងឺ​ពិសធ្យូង​នៅ​លើ​ស្បែក ៖ រោគ​សញ្ញា គឺ​មាន​ដុំ​រមាស់​ដែល​ធំ​ឡើង​ស្រ​ដៀង​នឹង​សត្វល្អិត​ខាំ ហើយ​វិវត្តន៍​ទៅ​ជា​ការ​ឈឺចាប់​យ៉ាង​ឆាប់រហ័ស​ទៅ​ជា​ដំបៅ​ដែល​សងខាង​ជុំវិញ​មាន​អាកា​រៈ​ដំបៅ​រលាក ហើយ​ចំណុចកណ្តាល​ខ្មៅ ។ ក្រៅពី​នោះ អ្នកជំងឺ​មាន​អាកា​រៈ​ហើម​នៅ​ក្នុង​ក្រពេញ​ទឹករងៃ​ដែល​ឈឺ និង​នៅ​ក្បែរ​នោះ ហើយ​ជួនកាល​មាន​រោគ​សញ្ញា​ដូច​ជា​គ្រុនក្តៅ និង​ឈឺក្បាល ។

ជំងឺ​ពិសធ្យូង​នៅ​ក្រពះ និង​ពោះវៀន ៖ អ្នកជំងឺ​ឆ្លង​ជំងឺ​នេះ​តាម​ការ​បរិភោគ​សាច់​មិន​ទាន់​ឆ្អិន​ពី​សត្វ​ដែល​មាន​មេរោគ ។ វា​អាច​ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន​របស់​អ្នក​ចាប់តាំងពី​បំពង់ក​រហូត​ដល់​ពោះវៀនធំ ។ ជំងឺ​បែប​នេះ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា ចង្អោរ ឈឺពោះ ឈឺក្បាល បាត់បង់​ចំណង់​អាហារ គ្រុន រាគ​ធ្ងន់ធ្ងរ ហូរ​ឈាម​នៅ​ដំណាក់កាល​ក្រោយ​នៃ​ជំងឺ​ឈឺបំពង់ក និង​ពិបាក​លេប ហើម​ក ជាដើម ។

ជំងឺ​ពិសធ្យូង​តាម​ប្រព័ន្ធ​ដង្ហើម ៖ វា​គឺជា​ប្រភេទ​ដែល​គ្រោះថ្នាក់​បំផុត ហើយ​អ្នកជំងឺ​អាច​បាត់​បង់ជីវិត ។ ជំងឺ​នេះ​ឆ្លង​តាម​ការ​ស្រូប​កោសិកា​នៃ​បាក់តេរី​តាម​ប្រព័ន្ធ​ដង្ហើម ។ អ្នកជំងឺ​ដែល​កើត​ជំងឺ​នេះ នៅ​ប្រព័ន្ធ​ដង្ហើម គឺ​មាន​រោគ​សញ្ញា​ដូច ជំងឺ​គ្រុនផ្តាសាយ រយៈពេល​ពីរ​បី​ម៉ោង ឬ​ច្រើន​ថ្ងៃ ដូច​ជា ឈឺបំពង់ក ក្តៅខ្លួន​ស្រាល អស់កម្លាំង និង​ឈឺ​សាច់ដុំ ។ បន្ទាប់​មក​មាន​អាកា​រៈ​ឈឺទ្រូង​ស្រាល ដង្ហើម​ខ្លី ចង្អោរ ក្អួត​ឈាម ឈឺចាប់​ក្នុង​ការ​លេប គ្រុនក្តៅ​ខ្លាំង ពិបាក​ដកដង្ហើម និង​ជំងឺរលាកស្រោមខួរ ។​ល​។

ដើម្បី​ការពារ​ខ្លួន​ពី​អ្នកជំងឺ​នេះ គឺ​មាន​វ៉ាក់សាំង ប៉ុន្តែ​នៅ​កម្ពុជា​ក៏​យើង​នៅ​មិន​ទាន់​ដឹង​ថា វា​មាននៅ​លើ​ទីផ្សារ ឬ​នៅ​តាម​មន្ទីរពេទ្យ ឬ​យ៉ាងណា​នៅឡើយ​ទេ រីឯ​ដំណើរការ​ព្យាបាល គឺ​អាច​អូស​បន្លាយ​ដល់​ទៅ​៦០​ថ្ងៃ ហើយ​ឱសថ​ដែល​គេ​ប្រើ គឺ​អង់​ទី​ប៊ី​យូ​ទិច ។ កុំ​ជិត​ស្និទ្ធ​នឹង​ពពួកសត្វ​ស៊ី​ស្មៅ​ដោយ​រួម​ទាំង​គោ និង​ក្របី ហើយ​ត្រូវ​តែ​រក្សា​អនាម័យ​ខ្លួនប្រាណ ហូប​ចុក​គឺ​ត្រូវ​តែ​ចំអិន​ឲ្យ​បាន​ល្អ ហើយ​ក៏​គួរតែ​ការពារ​ប្រព័ន្ធ​ដង្ហើម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ