ប្រហុកខ្មែរ ជាប្រភេទអាហារកែច្នៃពីត្រីផ្អាប់ជាមួយនឹងអំបិលមួយប្រភេទ មានក្លិនស្អុយហើយប្រៃ ដែលបរទេសទូទៅមិនសូវស្គាល់ទេ ប៉ុន្តែវា គឺជាផលិតផលមួយនៅក្នុងចំណោមផលិតផលដែលមាននៅក្នុងអាហារជាប្រពៃណីរបស់ប្រទេសជាច្រើន ហើយត្រូវបានគេហៅផ្សេងៗគ្នា ។ រីឯរបៀបធ្វើក៏ផ្សេងៗគ្នាដែរ ប៉ុន្តែភាសាអង់គ្លេសហៅថា…
ប្រហុកខ្មែរ ជាប្រភេទអាហារកែច្នៃពីត្រីផ្អាប់ជាមួយនឹងអំបិលមួយប្រភេទ មានក្លិនស្អុយហើយប្រៃ ដែលបរទេសទូទៅមិនសូវស្គាល់ទេ ប៉ុន្តែវា គឺជាផលិតផលមួយនៅក្នុងចំណោមផលិតផលដែលមាននៅក្នុងអាហារជាប្រពៃណីរបស់ប្រទេសជាច្រើន ហើយត្រូវបានគេហៅផ្សេងៗគ្នា ។ រីឯរបៀបធ្វើក៏ផ្សេងៗគ្នាដែរ ប៉ុន្តែភាសាអង់គ្លេសហៅថា fermented fishជារួម ។

សេចក្តីរាយការណ៍មួយដែលចុះផ្សាយនៅលើទំព័រ Finance.Yahoo.com បានឲ្យដឹងថា fermented fish នេះ មានទីផ្សារប្រមាណជា៥៤៤លានដុល្លារ កាលពីឆ្នាំ២០២៣ ប៉ុន្តែគេប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ២០៣៣ វាអាចនឹងកើនឡើងដល់ទៅ៩៨៤ លានដុល្លារ ពោល គឺវាអាចនឹងកើនឡើងជាង២ដងឯណោះ ។
ប្រសិនបើប្រៀបធៀបនឹងអាហារផ្សេងៗទៀត ទំហំទីផ្សារ fermented fish នេះ គឺវាមិនធំធេងមែន ប៉ុន្តែក៏ជាកត្តាលីករមួយដែលអាចនឹងរួមចំណែកចម្រើនផលដល់សេដ្ឋកិច្ច ដែលយើងមិនអាចមើលស្រាលបាន ។ ដូច្នេះវា គឺជារឿងដ៏ប្រពៃដែលយើងចាំបាច់ត្រូវតែធ្វើទីផ្សារផងដែរ ដើម្បីជំរុញការនាំចេញឲ្យពិភពលោកស្គាលរស់ជាតិប្រហុករបស់យើង ហើយអាចក្លាយជាផលិតផលដ៏ចម្បងមួយ នៅក្នុងចំណោមផលិតផល fermented fish នៅលើទីផ្សារពិភពលោក ។

សព្វថ្ងៃនេះ ប្រជាជាតិដែលទទួលទាន fermented fish មានច្រើនណាស់ គ្រាន់តែគេហៅវាផ្សេងៗគ្នាតាំងពីហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី បង់ក្លាដេស អេស៊ីប កូរ៉េ ក្រិក ហ្គាណា ឥណ្ឌា មីយ៉ាន់ម៉ា ថៃផងដែរ ហើយសូម្បីតែប្រទេសនៅអឺរ៉ុបខ្លះក៏មានដែរ ប៉ុន្តែគេហៅផ្សេងៗគ្នា ហើយវិធីសាស្ត្រក៏គេធ្វើផ្សេងៗគ្នា ។ គ្រឿងផ្សំគោលរបស់អាហារប្រភេទនេះ គឺមានត្រី និងអំបិលនេះឯង ។
សម្រាប់កម្ពុជាយើងវិញ ប្រហុក ត្រូវបានច្នៃឡើងទាំងស្រុងដោយត្រី និងអំបិល ហើយទម្រាំបានយកមកទទួលទាន គឺត្រូវឆ្លងកាត់ដំណាក់កាលសម្អាត ញាត់អំបិល និងផ្អាប់ទុកនៅក្នុងពេលវេលាមួយជាក់លាក់ ។
ប្រហុក គឺជាគ្រឿងផ្សំនៃមុខម្ហូបខ្មែរសឹងតែគ្រប់មុខ ហើយគេក៏អាចយកមកច្នៃហូបដោយផ្ទាល់ក៏បានដែរ ដោយផ្ទាប់ជាមួយនឹងបន្លែផ្សេងៗទាំងឆៅទាំងឆ្អិន និងជាគ្រឿងផ្សំ ។ វា គឺជាអាហារបែបប្រពៃណីរបស់សហគមន៍ខ្មែរទូទាំងប្រទេស ។
ពាក់ព័ន្ធនឹងប្រហុកនេះ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ប្រហុកនៅសៀមរាបដែលគេដឹងថា គឺជាជំរុំផលិតប្រហុកដ៏ធំ នៅក្នុងប្រទេសត្រូវបានចុះបញ្ជីជាផ្លូវការហើយថា ជាផលិតផលមួយនៅក្នុងចំណោមផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ។ នេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការអភិរក្សការអនុវត្តប្រហុកដែលជាអាហារបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋានដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ។
ការចុះបញ្ជីប្រហុកនេះ គឺកើតចេញលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នទទួលបន្ទុកតាមរយៈគម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផលជលផល (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ សហការជាមួយរដ្ឋបាលជលផល និងក្រសួងពាណិជ្ជកម្ម ។
ពាក់ព័ន្ធនឹងប្រហុកនេះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ការទទួលស្គាល់ជាផ្លូវការនូវប្រហុកសៀមរាប ជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ គឺបានឆ្លុះបញ្ចាំងពីការបន្តខិតខំប្រឹងប្រែង ក្នុងការការពារ និងលើកកម្ពស់ទ្រព្យសម្បត្តិវប្បធម៌ ដ៏ពិសេសរបស់កម្ពុជាតាមរយៈក្របខ័ណ្ឌកម្មសិទ្ធិបញ្ញាដ៏រឹងមាំ ។
លោកស្រីបន្តថា សមិទ្ធផលដ៏សំខាន់នេះមិនត្រឹមតែជាការការពារចំណេះដឹងប្រពៃណីប៉ុណ្ណោះទេ ថែមទាំងអាចពង្រឹងបាននូវទីផ្សារ និងភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុក ទាំងក្នុង និងក្រៅប្រទេស ហើយក្រសួងពាណិជ្ជកម្មប្តេជ្ញាបន្តពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឱ្យក្លាយជាឧបករណ៍យុទ្ធសាស្ត្រសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន និងការបន្ថែមតម្លៃលើពាណិជ្ជកម្ម ។
ដោយឡែក លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដែរថា ប្រហុកសៀមរាប គឺជាតំណាងនៃការផ្សារភ្ជាប់គ្នារវាងប្រពៃណី និងការអភិវឌ្ឍប្រកបដោយចីរភាព ធានាគុណភាពសម្រាប់អ្នកបរិភោគ និងជំរុញភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មនៅកម្ពុជា ។
លោកបន្តថា បន្ទាប់ពីត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញថ្មី ប្រហុកសៀមរាប មិនត្រឹមតែអាចរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយការពារទំនៀមទម្លាប់ប្រពៃណី និងបរិស្ថានផងដែរ ។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់បន្ថែមថា ក្រសួងប្តេជ្ញាពង្រឹងវិស័យនេះតាមរយៈការកែលម្អខ្សែច្រវាក់តម្លៃ លើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងភាពធន់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ។ ការប្តេជ្ញាចិត្តនេះ នឹងជួយបង្កើនឱកាសទីផ្សារសម្រាប់អ្នកផលិត និងផ្តល់ជូនអ្នកបរិភោគនូវផលិតផលដែលគុណភាព និងរសជាតិដើមពិតប្រាកដរបស់ខ្មែរ ៕
ចែករំលែកព័តមាននេះ