អ្នកដែលពាក់ព័ន្ធនឹងការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក៏ដូចជា ក្រុមមន្ត្រីកម្ពុជា គឺសុទ្ធតែបង្ហាញនូវទស្សនសុទិដ្ឋិនិយមថា កម្ពុជាអាចនឹងទទួលលទ្ធផលវិជ្ជមាន នៅពេលបញ្ចប់ការចរចាជាមួយនឹងសហរដ្ឋអាមេរិក នៅលើកិច្ចព្រមព្រមព្រៀងពន្ធបដិការដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលខែនេះ ។ ដោយសារអាមេរិកជាទីផ្សារធំជាងគេ សម្រាប់វិស័យកាត់ដេរកម្ពុជានោះលទ្ធផលនៃការចរចានឹងអាចមានឥទ្ធិពលលើវាសនាវិស័យកាត់ដេរកម្ពុជា ហើយក៏អាចធ្វើអោយកម្ពុជាមានសេណារីយ៉ូផ្សេងៗ…
អ្នកដែលពាក់ព័ន្ធនឹងការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក៏ដូចជា ក្រុមមន្ត្រីកម្ពុជា គឺសុទ្ធតែបង្ហាញនូវទស្សនសុទិដ្ឋិនិយមថា កម្ពុជាអាចនឹងទទួលលទ្ធផលវិជ្ជមាន នៅពេលបញ្ចប់ការចរចាជាមួយនឹងសហរដ្ឋអាមេរិក នៅលើកិច្ចព្រមព្រមព្រៀងពន្ធបដិការដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលខែនេះ ។

ដោយសារអាមេរិកជាទីផ្សារធំជាងគេ សម្រាប់វិស័យកាត់ដេរកម្ពុជានោះលទ្ធផលនៃការចរចានឹងអាចមានឥទ្ធិពលលើវាសនាវិស័យកាត់ដេរកម្ពុជា ហើយក៏អាចធ្វើអោយកម្ពុជាមានសេណារីយ៉ូផ្សេងៗ ដើម្បីឆ្លើយតបនឹងលទ្ធផលនោះ ។ រដ្ឋាភិបាលកំពុងដុតដៃដុតជើងជាខ្លាំង ដើម្បីរកវិធីក្នុងការត្រៀមចរចាជាមួយអាមេរិក ដើម្បីអោយការចរចានោះទទួលលទ្ធផលជាវិជ្ជមាន ។
តាមសេចក្តីប្រកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាដំណើការចរចានេះនឹងដំណើរការដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិក នាថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយភាគីកម្ពុជាដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប៉ុន្តែភាគីសហរដ្ឋអាមេរិកគេនៅមិនទាន់ដឹងថា ជានរណាឡើយ ។

ខាងភាគីសហរដ្ឋអាមេរិក អាចជាលោក ហៅវ័ត លូតនិក ( Howard Lutnick) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ឬអាចលោក ស្កុត ប៊ីសេន (Scott Bessent ) រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក ឬអាចអ្នកផ្សេងទៀតជាតំណាង ។
ក្រោយការជំនួបតាមអនឡាញ រវាងក្រុមមន្ត្រីកម្ពុជាជាមួយនឹងលោកស្រី សារ៉ាហ្វ អេល័មេន (Sarah Ellerman) អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រុមមន្ត្រីកម្ពុជា គឺពិតជាមានមោទនភាពចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ប៉ុន្តែគេនៅមិនទាន់ដឹងថា លទ្ធផលវានឹងទៅជាយ៉ាងណានៅឡើយ ។
អ្នកតាមដានសភាពព័ត៌មានទាក់ទងនឹងពន្ធបដិការម្នាក់បានឲ្យដឹងថា យើងសង្ឃឹម គឺត្រូវតែសង្ឃឹម ហើយបើគ្មានសង្ឃឹមតើយើងខំប្រឹងចរចាធ្វើអ្វី ។ ប៉ុន្តែមកដល់ពេលនេះ គ្មានប្រទេសណាមួយអាចរួចខ្លួនពីការដាក់ពន្ធបដិការនេះនៅឡើយទេ ។

លោកបានបញ្ជាក់ដោយមិនបញ្ចេញអត្តសញ្ញាណថា «តាំងពីរដ្ឋបាលលោក ដូណាល់ ត្រាំ អនុវត្តគោលនយោបាយពន្ធនេះនៅខែកុម្ភៈមក គ្មានប្រទេសណាមួយអាចទទួលការអនុគ្រោះពន្ធនេះឡើយ ។ ប្រទេស កាណាដា សហភាពអឺរ៉ុប ចិន ម៉ិកស៊ិក ហើយនៅអាស៊ាន ឃើញវៀតណាមក៏បានបើកការចរចាដែរ ប៉ុន្តែនៅមិនទាន់មានពន្លឺនៃលទ្ធផលនៅឡើយដែរ»។ លោកបានបន្តថា ជាទូទៅការចរចាវាស៊ីពេលនៅក្នុងការពិចារណា ។ ដូច្នេះ លទ្ធផលវានឹងចេញនៅក្រោយពេលដែលការពន្យារពេលអនុវត្តចូលជាធរមាននៅក្នុងរង្វង់ខែកក្កដា ខាងមុខនេះ ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងឆ្នាំ២០២៤ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម១០,១៨ ពាន់លានដុល្លារ កើនឡើង១១,២ភាគរយ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក ក្នុងតម្លៃ៩,៩ពាន់លានដុល្លារកើនឡើង១១,៤ភាគរយ ខណៈអាមេរិកនាំចូលកម្ពុជាវិញ ក្នុងតម្លៃ ២៦៤,១៤ លានដុល្លារ ។ ចំណែកនៅត្រីមាសទីមួយ ដើមឆ្នាំ២០២៥នេះ កម្ពុជាបន្តដំណើរការនាំចេញទៅកាន់សហរដ្ឋអាមេរិកដដែលនៅក្នុងតម្លៃសរុបប្រមាណជា២,៤ពាន់លានដុល្លារកើនឡើងប្រមាណជា២២,២ភាគរយ ។
តាមស្ថិតិអាមេរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ដោយមានចំណែករហូតដល់ទៅ ជា ៣៥ ភាគរយឯណោះ នៃទំហំនៃការនាំចេញសរុបរម្លៃ ៦,៨ពាន់លានដុល្លារ ។
នៅក្នុងករណីដែលការចរចានោះមិនសម្រេចទៅតាមលទ្ធផលនៃការរំពឹងទុក វាអាចនឹងពិបាកសម្រាប់ឧស្សាហកម្មកាត់ដេរកម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះ ក្រៅពីរដ្ឋាភិបាលផ្ទាល់ មានព័ត៌មានថា ខាងរោងចក្រក៏បានខំប្រឹងប្រែងដែរដើម្បីការពាររោងចក្ររបស់គេកុំអោយបិទទ្វារ ។
ប្រភពដែលស្និទ្ធនឹងឧស្សាហកម្មកាត់ដេរមួយរូបបានបង្ហើបថា នៅក្នុងបណ្តារោងចក្រដែលការដេរនាំចេញទៅកាន់ទីផ្សារនៅសហរដ្ឋអាមេរិក មានការរុះរើគណគ្រប់គ្រង ដោយឃើញគេប្តូរអ្នកដែលមានបទពិសោធន៍ ដែលមានទំនាក់ទំនងល្អជាមួយនឹងទីផ្សារនៅគោលដៅផ្សេងៗមកជំនួស ។
ប្រភពដដែលនោះបានឲ្យដឹងថា នៅពេលនេះរោងចក្រដែលទទួលទីផ្សារនៅអាមេរិកហាក់កំពុងតែមាននិន្នាការនៅក្នុងការសម្រុកសង្វាក់ផលិតកម្ម ដើម្បីបញ្ចប់កុងត្រាដែលពួកគេមានពីអាមេរិក មុនពេលពន្ធនោះដល់ថ្ងៃកំណត់ ហើយក៏ដើម្បីទុកពេលបង្វែរគោលដៅទៅកាន់អ៊ឺរ៉ប និងទីផ្សារផ្សេងៗដូចជា នៅជប៉ុន កូរ៉េខាងត្បូង ជាដើម ។
ប្រភពដដែលបានបន្តថា ក្រៅពីនោះក៏មានរោងចក្រមួយចំនួនបានកំពុងតែចរចាសុំអោយអ្នកបញ្ជាទិញ រ៉ាប់រងថ្លៃពន្ធបដិការ នៅក្នុងការនាំចេញជំនួសពួកគេផងដែរ ។ ប្រភពដដែលបានបង្ហាញនូវក្តីរំពឹងថា ប្រសិនបើខាងរដ្ឋាភិបាលសម្របសម្រួល និងអាចបញ្ចុះថ្លៃភស្តុភាកម្ម បូកផ្សំ និងដាក់ចេញនូវកម្មវិធីអនុគ្រោះបន្ថែមទៀតឧស្សាហកម្មដែលចិញ្ចឹមកម្មករប្រមាណជា១លាននាក់ និងអ្នកដែលទទួលផលដោយប្រយោលជាច្រើនទៀតអាចទប់ទល់បាន ។ មកដល់ពេលនេះ កម្ពុជាត្រូវបានសហរដ្ឋអាមេរិក កំណត់យកពន្ធទំនិញក្នុងអត្រា ៤៩ភាគរយដែលជាកម្រិតខ្ពស់ជាងគេ ក្នុងតំបន់អាស៊ាន ប៉ុន្តែបច្ចុប្បន្នអនុវត្តត្រឹម១០ភាគរយ រហូតដល់រង្វង់ខែកក្កដា ។
ដូច្នេះ យើងរងចាំមើលលទ្ធផលទាំងអស់គ្នា ជាមួយនឹងក្តីសង្ឃឹមថា ការចរចាអាចទទួលលទ្ធផលល្អ ហើយឧស្សហកម្មកាត់ដេរនៅកម្ពុជានៅតែជាប្រភពដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងការងាររបស់ប្រជាជន៕
ចែករំលែកព័តមាននេះ