រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌឫស្សីកែវ បានធ្វើការជូនដំណឹងដល់សិស្ស ដែលជនរងគ្រោះ ចាញ់បោកមជ្ឈមណ្ឌលបណ្តុះបណ្តាល អេស.ភី.យូ.ហាក់ (S.P YUHAK) របស់ក្រុមហ៊ុន ភី វ៉ាយ អូ អេស អេ. គ្លូប៊ល ( PYOSA GLOBAL Co.ltd) ឲ្យមកទទួលយកឯកសារពាក់ព័ន្ធ ដាក់ដើម្បីរៀបចំឯកសារទៅរៀន និងធ្វើការនៅប្រទេសកូរ៉េ ។
ការជូនដំណឹងរបស់សមត្ថកិច្ចនេះ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនថ្នាក់ដឹកនាំ និងបុគ្គលិករបស់មជ្ឈមណ្ឌលខាងលើ ចំនួន ៧នាក់ បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីផ្ទុះបាតុភាពប្រជាពលរដ្ឋរងគ្រោះ តវ៉ាទាមទារយកប្រាក់ត្រឡប់មកវិញ ។
តាមសេចក្តីជូនដំណឹងបានឲ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌឫស្សឹកែវ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ដែលមានឯកសារពាក់ព័ន្ធ ដាក់ឱ្យ មជ្ឈមណ្ឌលបណ្តុះបណ្តាល អេស.ភី.យូ.ហាក់ (S.P YUHAK) រៀបចំឯកសារទៅរៀន និងធ្វើការនៅប្រទេសកូរ៉េ សូមអញ្ជើញពិនិត្យមើលបញ្ជីឈ្មោះ(ជូនភ្ជាប់ខាងក្រោម) និងមកទទួលនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ តទៅ ។ ឯកសារពាក់ព័ន្ធរួមមាន ៖ សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, អត្តសញ្ញាណប័ណ្ណ, សំបុត្រកំណើត, លិខិតឆ្លងដែន និងសញ្ញាបត្រ ។
ការជូនដំណឹងឲ្យប្រជាពលរដ្ឋ ដែលរងគ្រោះ មកទទួលយកឯកសាររបស់ខ្លួននៅពេលនេះ ត្រូវគេដឹងថា បន្ទាប់ពីសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈ និងរំលោភលើទំនុកចិត្ត កសាងនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
គួរបញ្ជាក់ថា កាលពីវេលាវេលាម៉ោង១១យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនថ្នាក់ដឹកនាំ និងបុគ្គលិក មជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់របស់ក្រុមហ៊ុន PYOSA GLOBAL Co.ltd ចំនួន ៧នាក់បន្ទាប់ពីប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ៣០នាក់ បានផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ បន្ទាប់ពីពួកគេបង់ប្រាក់ទៅឲ្យមជ្ឈមណ្ឌលម្នាក់ចំនួន ៦០០ដុល្លារ ដើម្បីចូលសិក្សា និងរត់ការនាំពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ តែរយៈពេល៧ខែហើយ មិនបាន។ ការតវ៉ានោះ បានផ្ទុះឡើងតាំងពីព្រឹករហូតដល់យប់ជ្រៅ នៅមុខស្នាក់ការមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ ដែលស្ថិតនៅផ្ទះលេខ៧៥Eo ផ្លូវ១០៥ (ផ្លូវបុប្ផាររាជធានី) ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រារាជធានភ្នំពេញ ។
តាមប្រជាពលរដ្ឋដែលរងគ្រោះបានឲ្យដឹងថា ដោយសារតែចង់រកការងារធ្វើនៅប្រទេសកូរ៉េ គាត់បានមកទំនាក់ទំនងចូលរៀន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់នេះ ដោយបង់ថ្លៃសិក្សាម្នាម្នាក់ចំនួន ៦០០ដុល្លារ ដើម្បីចូលសិក្សា និងរត់ការបានទៅធ្វើការនៅប្រទេសកូរ៉េ ដោយខាងមជ្ឈមណ្ឌលសន្យាថា រយៈពេល ៣ខែ។ បន្ទាប់ពីបង់លុយហើយ មជ្ឈមណ្ឌលពុំបានបណ្ដុះបណ្ដាល និងបង្រៀនអ្វីជាដុំកំភួននោះទេ គ្រាន់តែថត មេរៀន ដាក់ក្នុងគ្រប់តេឡេក្រាមដោយមិនពន្យល់អ្វីទាំងអស់ ទើបពួកគាត់នាំគ្នាជួបប្រមូលផ្ដុំគ្នា នៅស្នាក់ការមជ្ឈមណ្ឌល ដើម្បីទាមទារប្រាក់ និងដកឯកសារត្រឡប់មកវិញ ហើយពុំត្រូវមជ្ឈមណ្ឌលប្រគល់ឯកសារ និងប្រគល់ប្រាក់គ្រប់ចំនួននោះឡើយ ដោយឲ្យតែ ៣០០ដុល្លារ តែពួកគាត់មិនព្រមទាមទារ ចំនួន ៤០០ដុល្លារ ព្រោះលុយទាំងនោះពួកគាត់បានចងការគេ ដើម្បីមកបង់ថ្លៃការសិក្សា ដើម្បីរកការងារធ្វើនៅប្រទេសកូរ៉េ។ បន្ទាប់ពីតវ៉ា ហើយចរចាទាមទារប្រាក់រហូតដល់យប់ជ្រៅ មិនត្រូវគ្នាលោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចុះទៅសម្របសម្រួល និងឃាត់ខ្លួនបុគ្គលិក ដែលបម្រើការនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យយូហាក់ ដើម្បីចាត់ការតាមច្បាប់តែម្ដង ៕







ចែករំលែកព័តមាននេះ