ទីក្រុងប្រ៊ុចសែល៖ សហភាពអឺរ៉ុបបានលើកជាសំណើថាគួរណាស់ប្រមូលថវិកាបម្រុងសម្រាប់ជួយអ៊ុយក្រែនធ្វើសង្គ្រាមជាបន្តទៀតបើសិនកិច្ចខិតខំប្រឹងប្រែងចរចារបស់លោកត្រាំបរាជ័យ។ លោកអេនឌ្រាស ឃូប៊ីឡឺស (Andrius Kubilius) ជាអ្នកនយោបាយជនជាតិលីទុយអានី និងជាសមាជិកគណៈកម្មការអឺរ៉ុបទទួលបន្ទុកខាងកិច្ចការពារជាតិ។ លោកបង្ហោះសារនៅលើបណ្ដាញអ៊ិចថាសហភាពអឺរ៉ុបអាចជួយជ្រោមជ្រែងអ៊ុយក្រែនកាន់តែខ្លាំង និងជួយទិញអាវុធពីរោងចក្រអ៊ុយក្រែនផ្ទាល់។
ការថ្លែងដូច្នេះចំពេលដែលលោកត្រាំចាប់ផ្ដើមទទួលស្គាល់ជាបណ្ដើរៗហើយថាកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការចរចាគ្នាដើម្បីបិទបញ្ចប់សង្គ្រាមឱ្យបានឆាប់ប្រហែលទៅមុខលែងរួចហើយ។ លោកត្រាំធ្លាប់ដាក់សំណើទៅភាគីទាំង២ជាច្រើនដងរួចមកហើយ ហើយត្រូវរុស្ស៊ី និងអ៊ុយក្រែនបដិសេធជាបន្តបន្ទាប់។ នៅក្នុងបទសម្ភាសដែលចាក់ផ្សាយកាលពីយប់មិញ លោកត្រាំទទួលស្គាល់ថាតាមមើលទៅទីក្រុងវ៉ាស៊ីនតោនប្រហែលជាមិនអាចបញ្ចប់សង្គ្រាមនេះបានឡើយ។
ដោយសារមិនសង្ឃឹមថាត្រាំអាចបញ្ចប់សង្គ្រាមទើបសហភាពអឺរ៉ុបត្រៀមជួយជ្រោមជ្រែងអ៊ុយក្រែនឱ្យបានខ្លាំងក្លាបន្ថែមទៀត។ ជាពិសេស បើលោកពូទីនមិនស្ដាប់តាមការបញ្ចុះបញ្ចូលរបស់លោកត្រាំ។ នេះបើតាមលោកអេនឌ្រាស ឃូប៊ីឡឺស (Andrius Kubilius)។ លោកថ្លែងបន្តទៀតថាអឺរ៉ុបអាចនឹងផ្ដល់អាវុធច្រើនលើសមុន២ដងទៅឱ្យអ៊ុយក្រែនបើសិនទិញអាវុធផលិតនៅអ៊ុយក្រែនផ្ទាល់។ លោកព្យាករថាអឺរ៉ុបអាចនឹងត្រូវចំណាយ៨០ពាន់លានអឺរ៉ូ ឬស្មើនឹង៩០ពាន់លានដុល្លារ។
ប្រទេសដាណឺម៉ាកធ្លាប់បានចេញមុខធ្វើរឿងនេះមុនគេ។ កាលពីខែកញ្ញា ឆ្នាំ២០២៤ ដាណឺម៉ាកប្រកាសប្រើប្រាស់ថវិកា៦៣០លានដុល្លារដើម្បីទិញអាវុធពីរោងចក្ររបស់អ៊ុយក្រែន។ កាលពីខែមេសា ដាណឺម៉ាកសន្យាចំណាយប្រាក់២៩០លានដុល្លារដើម្បីជួយវិស័យការពារជាតិអ៊ុយក្រែន។ ដាណឺម៉ាកសង្ឃឹមថាប្រទេសដទៃទៀតនឹងអនុវត្តវិធីបែបនេះដែរ។
លោកឃូប៊ីឡឺសបានជំរុញឱ្យរដ្ឋជាសមាជិកអឺរ៉ុបប្រើប្រាស់គំនិតផ្ដួចផ្ដើមដែលទើបបង្កើតថ្មីស្ដីពីសន្តិសុខអឺរ៉ុប ឬ SAFE ដើម្បីជួយអ៊ុយក្រែនជាលក្ខណៈផ្ដល់ប្រាក់កម្ចី។ តាមរយៈគម្រោងនេះ រដ្ឋជាសមាជិកអាចចំណាយថវិកាជួយនៅក្នុងវិស័យសំខាន់ៗដូចជាការផលិតមីស៊ីល ដ្រូន និងពង្រឹងសន្តិសុខព័ត៌មានវិទ្យា។ តាមមើលទៅ ពួកអឺរ៉ុប និងអ៊ុយក្រែនប្រហែលជាមិនអាចមើលស្រាលរឿងនេះបានឡើយ។ ហេងស៊យលោកត្រាំនឹងដកខ្លួនថយឱ្យឆ្ងាយពីការចរចាគ្នាពិតមែន។
នាពេលបច្ចុប្បន្ននេះ ជាមធ្យម អាមេរិក និងអឺរ៉ុបផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែន៤០ពាន់លានអឺរ៉ូក្នុង១ឆ្នាំ។ ប៉ុន្តែលោកឃូប៊ីឡឺសយល់ថាថវិកាទាំងនេះអាចយកទៅទិញអាវុធពីរោងចក្ររបស់អ៊ុយក្រែន ហើយផ្ដល់ទៅឱ្យអ៊ុយក្រែនតែម្ដង។ លោកយល់ថាធ្វើដូច្នេះចំណេញបានច្រើនណាស់ព្រោះអាវុធរបស់អ៊ុយក្រែនលក់ធូរថ្លៃពាក់កណ្ដាល បើប្រៀបធៀបជាមួយអាវុធទិញពីអឺរ៉ុប និងអាមេរិក។ ហេតុនេះ ទំហំទឹកប្រាក់ដដែលនេះអាចនឹងបង្កើនបរិមាណអាវុធទ្វេមួយជាពីរ៕
ចែករំលែកព័តមាននេះ