ខេត្តពោធិ៍សាត់ ៖ រមណីយយដ្ឋានធម្មជាតិទឹកធ្លាក់អូរដា ដែលបាត់ឈ្មោះជាងពីរទសវត្ស មកហើយនោះ ឥឡូវនេះ បានរស់ឡើងវិញហើយ ដោយសារបានដកដង្ហើម តាមរយៈគម្រោងទំនប់ស្ទាក់ទឹកស្ទឹងពោធិ៍សាត់២។ រមណីយដ្ឋានមួយនេះ ធ្លាប់មានឈ្មោះល្បីខ្លាំងណាស់ កាលពីចុងទសវត្ស៩០ និងដើមទសវត្ស២០ ប៉ុន្តែត្រូវបានគេទុកចោលជាង២០ឆ្នាំ ដោយសារទឹកហូរច្រោះ កាត់ផ្ដាច់ស្ពាន និងផ្លូវ មិនអាចធ្វើដំណើរទៅកាន់ទីនោះបាន ។
លោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ទឹកធ្លាក់អូរដានេះ ប្រតិស្ថាននៅកណ្ដាលទ្រូងព្រៃ ដែលមានភ្នំព័ទ្ធជុំវិញ ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត មានចម្ងាយ៥៦គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និង២៦គីឡូម៉ែត្រ ពីទីរួមស្រុកភ្នំក្រវាញ ។ បានរកឃើញនៅឆ្នាំ១៩៩៨ ដែលកាលនោះមានប្រជាប្រិយភាពខ្លាំងណាស់ ព្រោះនៅទីនោះមានកន្លែងធំទូលាយ ទឹកហូរក្រាលគ្របលើផ្ទាំងថ្ម ថ្លា និងត្រជាក់ដូចទឹកអម្រឹត ជុំវិញរុំព័ទ្ធដោយព្រៃភ្នំជុំជិត ម្លប់ត្រឈឹងត្រឈៃ អមដោយផ្កា មេអំបៅ និងសម្លេងសត្វយ៉ាងខ្ញៀវខ្ញា គួរជាទីមនោរម្យក្រៃលែង ។
បើលោកអ្នកបានទៅងូតទឹកលេងកម្សាន្តនៅអូរដា លោកអ្នកនឹងទទួលបានអារម្មណ៍ជ្រះស្រលះ ហាក់បីដូចជាអស់កង្វល់ពីក្នុងខ្លួនជាក់ជាមិនខាន។ ប៉ុន្តែតែជាអកុសលរមណីយដ្ឋានមួយនេះ បានបាត់ឈ្មោះបោះសម្លេងទៅវិញ នៅអំឡុងឆ្នាំ២០០១ ដោយសារផ្លូវមិនអាចធ្វើដំណើរទៅបាន គឺត្រូវបានគេទុកចោលឯកោជាង២០ឆ្នាំមកហើយ។ ទើបតែនៅដើមឆ្នាំ២០២៥នេះ ដោយស្រុកភ្នំក្រវាញ ទទួលបានគម្រោងខ្នាតយក្សពីរាជរដ្ឋាភិបាល គឺគម្រោងទំនប់ស្ទាក់ទឹកស្ទឹងពោធិ៍សាត់២ នៅផ្នែកខាងលើអូរដា បានធ្វើផ្លូវទៅកាន់ទីនោះ ទើបអូរដាមានជីវិតរស់ឡើងវិញ នាពេលនេះ ដែលអាចនិយាយបានថា ព្រួញមួយបាញ់បានសត្វពីរក្នុងពេលតែមួយ។ បច្ចុប្បន្ន រដ្ឋបាលស្រុកកំពុងរៀបចំជាសហគមន៍ រមណីយដ្ឋានអូរដានេះឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទួលបានផលប្រយោជន៍ ដោយមិនប្រគល់សិទ្ធិទៅឲ្យក្រុមហ៊ុនឯកជនណាមួយឡើយ ។
កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ លោកបណ្ឌិត ទី ថានី សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបំផុសប្រជាពលរដ្ឋ និងយុវជនទាំង០៧ក្រុងស្រុក ទៅលេងទឹកធ្លាក់អូរដានេះ ដោយបានបង្កើតកម្មវិធីសប្បាយៗ ចាក់បញ្ឆែវចំនួន១៥០០បន្ទះ ចែកគ្នាហូប កម្មវិធីបំបួសដើមឈើ កម្មវិធីប្រកួតបាល់ទះ កម្មវិធីប្រគុំតន្ត្រី និងងូតទឹកលេងកម្សាន្តយ៉ាងត្រជាក់ចិត្ត ដែលមានអ្នកចូលរួមប្រមាណ ៥,០០០នាក់ ដើម្បីចូលរួមផ្សព្វផ្សាយពីតំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរដា ស្រុកភ្នំក្រវាញ ក្រោមប្រធានបទ (រួមគ្នាការពារថែរក្សាបរិស្ថាន លើកស្ទួយទេសចរណ៍ធម្មជាតិ ខេត្តពោធិ៍សាត់) ។
លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកលោកបណ្ឌិត ទី ថានី និងលោកបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន ជាស្ថាបនិក និងជាឆ្អឹងខ្នងដ៍ល្អ បន្ទាប់ពីលោក ស៊ុយ សែម ដែលធ្វើឲ្យស្រុកភ្នំក្រវាញ ស្រុកវាលវែង និងស្រុកបាកាន លេចធ្លោក្នុងការអភិវឌ្ឍមូលដ្ឋាន និងធ្វើឲ្យប្រជាពលរដ្ឋនិងយុវជន គោរពស្រលាញ់ពេញបេះដូងគ្រប់ៗគ្នា។ ជាក់ស្ដែងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរដានេះ គ្រាន់តែមានផ្លូវមកដល់ តាមរយៈគម្រោងទំនប់ស្ទាក់ទឹកស្ទឹងពោធិ៍សាត់២ភ្លាម លោកបានបំផុសចលនាមហាជន កែច្នៃគ្រាប់ពេជ្រដែលមិនទាន់ច្នៃ ឲ្យទៅជាមានតម្លៃ (ពេជ្រចរណៃ) បន្ទាប់ពីកប់បាត់ជាង២០ឆ្នាំកន្លងមកនេះ ។
លោកអភិបាលខេត្ត សូមឲ្យបងប្អូនប្រជាពលរដ្ឋ យុវជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាផ្សព្វផ្សាយពីរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរដា ឲ្យបានទូលំទូលាយ ស្របតាមពាក្យស្លោក (ប្រជាជនម្នាក់ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់) ដើម្បីទាក់ទាញអ្នកទេសចរណ៍ក្នុងខេត្តនិងក្រៅខេត្ត ឲ្យមកលេងកំសាន្ដ លើកស្ទួយវិស័យទេសចរណ៍នៅខេត្តពោធិ៍សាត់យើង ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ៕












ចែករំលែកព័តមាននេះ