ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ថា​ខ្លួន​មិន​ពាក់​ព័ន្ធ​នឹង​ការ​វា.យ​ប្រ.ហារ​របស់​ហ៊ូទី​លើ​អ៊ីស្រា​អែល​ទេ

13 ម៉ោង មុន

ទី​ក្រុង​តេ​អេរ៉ង់៖ ប្រទេស​អ៊ីរ៉ង់​ចេញ​មុខ​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ថា​ខ្លួន​ជាប់​ពាក់​ព័ន្ធ ឬ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​ហ៊ូ​ទី​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល​។ តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ជា​ការ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ទាល់​តែ​សោះ​។ អ៊ីរ៉ង់​ថា​ការ​និយាយ​ដូច្នេះ​ហាក់​ដូច​ជា​ខ្វះ​សេចក្ដី​​គោរព​ចំពោះ​ប្រទេស​យេម៉ែន​ដែល​មាន​អធិ​បតេយ្យ​ភាព​ពេញ​លេញ​ ហើយ​កំពុង​រង​ការ​គាប​សង្កត់​ (ពី​សំណាក់​អាមេរិក​)។ ​សេចក្ដី​ប្រកាស​នោះ​រំលេច​ឱ្យ​ឃើញ​ថា​អ៊ីរ៉ង់​ចង់​ឱ្យ​ប្រទេស​ដទៃ​ទៀត​គោរព​បូរណ​ភាព​ទឹក​ដី និង​អធិប​តេយ្យ​ភាព​ជាតិ​​របស់​យេ​ម៉ែន​។…

ទី​ក្រុង​តេ​អេរ៉ង់៖ ប្រទេស​អ៊ីរ៉ង់​ចេញ​មុខ​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ថា​ខ្លួន​ជាប់​ពាក់​ព័ន្ធ ឬ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​ហ៊ូ​ទី​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល​។ តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ជា​ការ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ទាល់​តែ​សោះ​។

អ៊ីរ៉ង់​ថា​ការ​និយាយ​ដូច្នេះ​ហាក់​ដូច​ជា​ខ្វះ​សេចក្ដី​​គោរព​ចំពោះ​ប្រទេស​យេម៉ែន​ដែល​មាន​អធិ​បតេយ្យ​ភាព​ពេញ​លេញ​ ហើយ​កំពុង​រង​ការ​គាប​សង្កត់​ (ពី​សំណាក់​អាមេរិក​)។ ​សេចក្ដី​ប្រកាស​នោះ​រំលេច​ឱ្យ​ឃើញ​ថា​អ៊ីរ៉ង់​ចង់​ឱ្យ​ប្រទេស​ដទៃ​ទៀត​គោរព​បូរណ​ភាព​ទឹក​ដី និង​អធិប​តេយ្យ​ភាព​ជាតិ​​របស់​យេ​ម៉ែន​។

អ៊ីរ៉ង់​ក៏​ប្រកាស​ថ្កោល​ទោស​ប្រតិ​បត្តិ​ការ​យោធា​របស់​អា​មេ​រិក​ទៅ​លើ​មូល​ដ្ឋាន​របស់​ក្រុម​ហ៊ូ​ទី​នៅ​យេ​ម៉ែន​ផង​ដែរ​។ អ៊ីរ៉ង់​ថា​នេះ​ជា​ការ​រំលោភ​ពេញ​ទី​ទៅ​លើ​ធម្ម​នុញ្ញ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ផង និង​ក៏​ជា​ការ​​រំលោភ​ទៅ​លើ​ច្បាប់​អន្តរ​ជាតិ​ផង​ដែរ​។ ​គួរ​កត់​សម្គាល់​ថា​សេចក្ដី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​​ក្រុម​ហ៊ូទី​​ប្រកាស​ថា​​ខ្លួន​ជា​អ្នក​បាញ់​​មីស៊ីល​​​ក្បែរ​ព្រលាន​យន្ត​ហោះ​អ៊ីស្រាអែល​​​​។ ហ៊ូទី​ថា​ខ្លួន​ធ្វើដូច្នេះ​​ដើម្បី​ឆ្លើយ​តប​ទៅ​​​អ៊ី​ស្រាអែល​ដែល​ត្រៀម​វាយ​យក​តំបន់​ហ្កាហ្សា​មក​គ្រប់​គ្រង​។

​ប៉ុន្មាន​អាទិត្យ​​ចុង​ក្រោយ​នេះ ក្រុម​ហ៊ូទី​សម្រុក​វាយ​ប្រហារ​ដោយ​មីស៊ីល និង​ដ្រូន​ទៅ​​លើ​​​​អ៊ី​ស្រាអែល​។ ចំណែក​​​​អាមេរិក​បន្ត​វាយ​ប្រហារ​តាម​អាកាស​​ទៅ​លើ​មូល​ដ្ឋាន​របស់​ក្រុម​ហ៊ូទី​​​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួ​។ ​​យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អា​អែហ្វ​ប៉េ អ៊ីរ៉ង់​យល់​ថា​ក្រុម​ហ៊ូទី​ធ្វើ​សកម្ម​ភាព​របស់​ខ្លួន​កាល​ពី​ពេល​កន្លង​មក​ដើម្បី​គាំទ្រ​ប្រ​ជា​​ជន​ប៉ាឡេស្ទីន​។ អ៊ីរ៉ង់​ថា​ក្រុម​ហ៊ូទី​ធ្វើ​អ្វី​ដោយ​ឯក​រាជ្យ​។​ ចង់​មាន​ន័យ​ថា​គ្មាន​អ៊ីរ៉ង់​ជា​អ្នក​បង្គាប់​បញ្ជា ឬ​នៅ​ពី​ក្រោយ​ទេ​។

ទោះ​ជា​យ៉ាង​នេះ​ក្ដី នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោ​កណឺតាន់​យ៉ាហ៊ូ ប្រកាស​​សង​សឹក​រហូត​ដល់​ទី​បញ្ចប់​ទៅ​លើ​ក្រុម​ហ៊ូទី​​។ លោក​​និយាយ​រាល​ដាល​ទៅ​ដល់​ប្រទេស​អ៊ីរ៉ង់​ទៀត​។ លោ​កថា​អ៊ីរ៉ង់​ក៏​មិន​រួច​ខ្លួន​ដែរ​។ គ្រាន់​តែ​ថា​លោក​ចង់​​​ស្វែង​រក​ពេល​វេ​លា​សម​គួរ​ណា​មួយ​ដើម្បីចាត់​ការ​។ ឥឡូវ​នេះ លោក​ត្រូវ​ចាត់​ការ​ក្រុម​ហ៊ូ​ទី​មុន​គេ​។​ ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​នេះ ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ប្រកាស​ថា​រដ្ឋាភិបាល​របស់​ខ្លួន​សូម​រក្សា​សិទ្ធិ​ការ​ពារ​អធិប​តេយ្យ​ភាព​ជាតិ​របស់​ខ្លួន​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​។

​អ៊ីរ៉ង់​សូម​ផ្ដាំ​ត្រឡប់​ទៅ​វិញ​ថា​បើ​អាមេរិក និង​អ៊ីស្រាអែល​ហ៊ាន​ធ្វើ​អ្វី​មិន​ស្រួល​ចំពោះ​អ៊ីរ៉ង់​ ពួក​គេ​​នឹង​ទទួល​រង​នូវ​ផល​វិបាក​ដែល​មិន​នឹក​ស្មាន​ដល់​។ ក្រុម​អ្នក​សង្កេត​ការណ៍​យល់​ថា​សព្វ​ថ្ងៃ​នេះ​ក្រុម​​ធំ​ៗ​ដែល​កំពុង​ប្រឆាំង​នឹង​អ៊ីស្រាអែល​​ និង​ដែល​ទទួល​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​អ៊ីរ៉ង់​មាន​ដូច​ជា​ក្រុម​ហ៊ូទី​នៅ​ប្រទេស​យេម៉ែន, ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លីបង់​ និង​ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្កា​ហ្សា​នៃ​ដែន​ដី​ប៉ា​ឡេ​ស្ទីន​។ នេះ​ជា​ផ្នែក​១​នៃ​យុទ្ធ​សាស្ត្រ​ធ្វើ​សង្គ្រាម​ប្រយោល​របស់​អ៊ីរ៉ង់​ចំពោះ​អ៊ីស្រា​អែល​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ