ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្នុង​សង្គម​ខ្មែរ​យើង មិត្តភាព​ពេល​ខ្លះ​បាន​បែកបាក់ នៅ​ពេល​ដែល​មិត្តភក្តិ​ឡើង​ធំ​មាន​អំណាច មាន​លុយ ដោយ​ភ្លេច​ពេល​ដែល​នៅ​ទាប​តូច និង​ក្រីក្រ ។ តើ​មាសប្រាក់ បុណ្យ​សក្តិ និង​អំណាច​នឹង​ធ្វើ​អោយ​មនុស្ស​គ្រប់​គ្នា​ទាំងអស់​ប្រែធាតុ…

នៅ​ក្នុង​សង្គម​ខ្មែរ​យើង មិត្តភាព​ពេល​ខ្លះ​បាន​បែកបាក់ នៅ​ពេល​ដែល​មិត្តភក្តិ​ឡើង​ធំ​មាន​អំណាច មាន​លុយ ដោយ​ភ្លេច​ពេល​ដែល​នៅ​ទាប​តូច និង​ក្រីក្រ ។ តើ​មាសប្រាក់ បុណ្យ​សក្តិ និង​អំណាច​នឹង​ធ្វើ​អោយ​មនុស្ស​គ្រប់​គ្នា​ទាំងអស់​ប្រែធាតុ ឬ​យ៉ាងណា?

មនុស្ស​ទាំងអស់​មិន​ដូច​គ្នា​ទេ ដូច្នេះ​វា​គ្មាន​ចម្លើយ​ពិតប្រាកដ​នឹង​សំនួរ​ខាងលើ​ឡើយ ។ ពីព្រោះ​មនុស្ស​ខ្លះ​ក៏​បាន​ប្រែធាតុ ខណ​:​ដែល​អ្នកខ្លះ​ទៀត គឺ​នៅ​តែ​មិន​ប្រែធាតុ​ភ្លេច​មិត្ត​ក្នុង​ពេល​ក្រីក្រ​របស់​ពួក​គេ​ឡើយ ។

អ្នកធំ និង​អ្នកមាន​ដែល​ប្រែប្រួល​ចរិត​បែប​នេះ នៅ​ក្នុង​សង្គម​មាន​មិន​តិច​ឡើយ ។ ពួក​គេ​បាន​រៀប ឫកពា​ប្លែក​ខុស​គ្នា​៣៦០​ដឺ​ក្រេ​តែ​ម្តង ។ ដោយ​ប្រែប្រួល​ពី​ភាព​រាក់ទាក់​ស្និទ្ធស្នាល​ទៅ​ឆ្មើងឆ្មៃ ភ្លេច​មិត្ត​ភក​ក្តិក​ម្ស​ត់​កម្រ ភ្លេច​អ្វី​ៗ​ដែល​ធ្លាប់ ធ្វើ​កាល​នៅ​ក្រ ឬ​នៅ​ជា​មន្ត្រី​តូចតាច​ជាមួយ​គ្នា​អស់រលីង ។ នៅ​ក្នុង​សង្គម អ្នកធំ​ដែល​មាន​ចរិត​បែប​នោះ ព្យាយាម​សម្តែង​និង​រៀបចំ​ខ្លួន​ទៅ​តាម​បុណ្យស័ក្តិ​របស់​គេ ហើយ​ទោះជា​ជួប​អ្នក​ស្គាល់គ្នា កាល​នៅ​តូច​ទាប​គឺ​ធ្វើ​មិន​ស្គាល់​មិន​និយាយ​មិន​ស្តី​តែ​ម្តង ។ និយាយ​ឲ្យ​ចំ​ទៅ​ក្រុម​មនុស្ស​ជំពូក​ដែល​មាន​ចរិតលក្ខណៈ​បែប​នេះ​រមែង​ព្យាយាម​នៅ​ឆ្ងាយ​ពី​មិត្តភក្តិ កម្សត់កម្រ​នឹង​គ្នា​ដោយ​មាន​ហេតុផល​ផ្សេង​ៗ​ដូច​ជា ភ័យ​ខ្លាច​អាប់មុខ​ដោយសារ​មិត្តភក្តិ ឬ​ក៏​ភ័យ​ខ្លាច​មិន​ភក្តិ​ពឹងពាក់ ឬ​រំខាន​ជាដើម ។

ប៉ុន្តែ​ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ​យើង​ក៏​ត្រូវ​តែ​ទទួលស្គាល់​ថា មនុស្ស​ទាំងអស់​មិន​ដូច​គ្នា​ឡើយ ។ ដូច​អ្វី​ដែល​យើង​ឃើញ​ស្រាប់ អ្នកខ្លះ គឺ​គេ​មិន​ប្រែធាតុ​ទេ ទោះបីជា​ឥឡូវ​គេ​ក្លាយជា​សេដ្ឋី គេ​ក្លាយជា​អ្នកធំ ក្លាយជា​រដ្ឋមន្ត្រី​ហើយ​ក៏​ដោយ ។ គេ​នៅ​តែ​រក្សា​មិត្តភាព​ជា​យូរលង់​មក​របស់​ខ្លួន ដោយ​មិន​បោះបង់​មិត្ត​ដែល​ស្គាល់គ្នា​ក្នុង​ពេល​ក្រីក្រ​ឡើយ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គេ​បែរជា​ប្រឹងប្រែង​រក្សា​មិត្តភក្តិ​ចាស់ និង​ផ្តល់​ការ​ជួយ​ជ្រោមជ្រែង ដល់​មិត្ត​ដែល​មានការ​លំបាក​ក្នុង​ជីវិត ។ នេះ​គេ​ហៅ​ថា កល្យាណមិត្ត​ពិតប្រាកដ​។ ប៉ុន្តែ ជា​ចិត្តសាស្ត្រ​របស់​មនុស្សជាតិ បែបបទ​នៃ​ជីវិត និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​រមែង​មានការ​ប្រែប្រួល​ជា​បន្តបន្ទាប់ ទៅ​តាម​ពេលវេលា ឋានៈ តួនាទី កិត្តិយស អំណាច និង​ទឹកប្រាក់ ។ ដូច្នេះ​ហើយ​នៅ​ពេល​ដែល​នរណា​ម្នាក់​មានការ​ប្រែប្រួល​ដូច​អ្វី​ដែល​រៀបរាប់​នោះ គឺ​រមែង​មានការ​ប្រែប្រួល​ឫកពា​ផង​ដែរ ។ សូមកុំ​ប្រកាន់ ហើយ​ថា គេ​ឆ្មើង​គេ​ឆ្មៃ នេះ គឺជា​បែបបទ​នៃ​សង្គម ។

នៅ​ក្នុង​ចំណោម​មិត្តភក្តិ និង​មិត្ត​រួមការ​ងារ​ក្តី នៅ​ពេល​ដែល​នរណា​ម្នាក់​នៅ​ក្នុង​ក្រុម​មានការ​ឡើង ឋានៈ និង​តួនាទី ក៏​ដូច​ជា​ទឹកប្រាក់​ហើយ អ្នក​ដែល​ឡើង​នោះ​គេ​ក៏​រៀន​សម្របសម្រួល​ខ្លួន ហើយ​រៀន​រៀបចំ និង​ប្រយ័ត្នប្រយែង​នៅ​ក្នុង​ការ​ទំនាក់ទំនង​ជាង​ពី​មុន ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​ការងារ​របស់​ពួក​គេ ។ នោះ គឺជា​រឿង​ដែល​ចៀស​មិន​ផុត​ឡើយ ដូច្នេះ ប្រសិនបើ​ចង់​រក្សា​ទំនាក់ទំនង​មិត្តភាព​នឹង​គ្នា​បាន​យូរអង្វែង​តទៅ​មុខ យើង​ត្រូវ​យល់យោគ ហើយ​កុំ​ប្រកាន់​ច្រើន​ពេក ។ យើង​គួរ​ចៀសវាង ប្រកាន់​ជាប់ចិត្ត​ពាក្យ​ដែល​ថា «​អ្នកក្រ​អាង​ចិត្ត​» ។

កុំ​ភ្លេច​ឲ្យ​សោះ​ថា ពី​មុនគេ​អាច​ជា​មិត្ត​ជា​អ្នក​រួមការ​ងារ រួម​អាជីព មាន​ឋានៈ បុណ្យស័ក្តិ​ស្មើគ្នា យើង​លេងសើច​ជាមួយ​គ្នា​មិនជា​អ្វី​ទេ ហើយ​អាច​លេងសើច​គ្រប់ពេលវេលា​គ្រប់​កាលៈទេសៈ​បាន ។ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​ឡើង​ធំ ហើយ​សូម​ទុក​កិត្តិយស​ឲ្យ​គេ​ខ្លះ​ផង ប្រសិនបើ​ចង់​រក្សា​ទំនាក់ទំនង​ឲ្យ​ល្អូកល្អើន​នឹង​គ្នា​បាន​យូរអង្វែង ។

ការ​លេង​ស្មើ​លើ ស្មើ​ក្រោម គឺ​នៅ​ពេល​ក្រៅ​ម៉ោង ឬ​ក៏​ពេលវេលា​ណាមួយ​ដែល​មាន​លក្ខណៈ​ជា​ឯកជន គឺ​អាច​បាន ប៉ុន្តែ​នៅ​កន្លែង​ការងារ ឬ​កន្លែង​សាធារណៈ​គួរតែ​មាន ឋានានុក្រម និង​បែបបទ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ ។

សរុប​ទៅ ប្រសិនបើជា​មនុស្ស​ដែល​មានគុណ​ធម៌ ការ​រាប់អាន​មិត្ត និង​ចំណងមិត្តភាព គឺ​មិន​ប្រែប្រួល​ឡើយ ។ ពី​មុន​បែប​ណា ពេល​នេះ​បែប​នោះ​ដដែល ប៉ុន្តែ​នៅ​ក្នុង​នាម​ជា​មិត្ត​ល្អ ទាំង​អ្នកក្រ ទាំង​អ្នកធំ អ្នកមាន គួរតែ​យោគយល់ និង​គោរព​កាលៈទេសៈ​គ្នា​ទៅ​វិញ​ទៅ​មក ។ មនុស្ស​ដែល​ចេះ​យល់​ចេះ​គោរព​កាលៈទេសៈ ដឹង​ពេលវេលា​ត្រូវ​លេង​ពេល​ត្រូវ​សាច់​ការ គឺ​រមែងតែងតែ​អាច​រក្សា​ចំណងមិត្តភាព​នោះ​បាន​កាន់តែ​យូរអង្វែង​តរៀង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ