ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ នឹងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី និងនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៥ និង​បន្ត​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ទី​ម័​រ​ឡេ​ស្តេ ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៥ តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម ចូ​ហ្សេ រ៉ា​មូស អរ​តា ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា ។

សមាសភាព គណៈប្រតិភូ​អមដំណើរ​សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា រួម​មាន​ឯកឧត្តម អ៊ុ​ច បូរ​រិ​ទ្ធ អនុប្រធាន​ទី​១ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សមាជិក​ព្រឹទ្ធសភា​-​រដ្ឋសភា ថ្នាក់ដឹកនាំ​សំខាន់​ៗ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា និង​ថ្នាក់ដឹកនាំ​មក​ពី​ក្រសួង​/​ស្ថាប័ន​នានា ។

ក្នុង​អំឡុង​ទស្សនកិច្ច នៅ​ឥណ្ឌូ​ណេ​ស៊ី សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា​នឹង​មាន​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ដាច់​ដោយឡែក​ៗ​ពី​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ឥណ្ឌូ​ណេ​ស៊ី រួម​មាន​ឯកឧត្តម ប្រា​បូ​រ៉ូ ស៊ូ​ប៊ី​យ៉ា​ន់​តូ ប្រធានាធិបតី​, ឯកឧត្តម ស៊ុ​ល​តាន់ បាច​ទី​យ៉ា ណា​ចា​មូ​ឌី​ន​, ប្រធាន ព្រឹទ្ធសភា និង​លោក​ជំទាវ ពាន់ ម៉ា​ហា​រ៉ា​នី ប្រធានរដ្ឋសភា ។

ក្នុង​ឱកាស​ស្នាក់​នៅ​រដ្ឋធានី​ហ្សា​ការ​តា សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា​នឹង​អញ្ជើញ​បំពេញ ទស្សនកិច្ច នៅ​លេខាធិការដ្ឋាន​អាស៊ាន និង​មាន (១) ជំនួប​រួម​គ្នា​ជាមួយ​អគ្គលេខាធិការ​អាស៊ាន គណៈកម្មាធិការ​តំណាង​អចិន្ត្រៃយ៍​ប្រចាំ​អាស៊ាន និង​ឯកអគ្គរដ្ឋទូត​ទី​ម័​រ​ឡេ​ស្តេ​ប្រចាំ​អាស៊ាន និង (២)​ផ្តល់​បាឋកថា ពិសេស​ក្រោម​ប្រធានបទ «​កម្ពុជា និង​អាស៊ាន​, អាស៊ាន និង​ពិភពលោក​» ដែល​ជា​វិភាគទាន​ដ៏​សំខាន់​ក្នុង​ការ​អបអរសាទរ​ខួប​២៦​ឆ្នាំ នៃ​ការ​ចូល​ជា​សមាជិក​អាស៊ាន​របស់​កម្ពុជា ។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ថ្លែង​បាឋកថា ក្រោម​ប្រធានបទ​ស្តី​ពី «​ទស្សនៈ និង​បទ​ពិសោធន៍​នៃ​កិច្ច​ខិតខំ​កសាង​សន្តិភាព​នៅ​កម្ពុជា​» នៅ​សាលា​សិក្សា​អំពី​រដ្ឋាភិបាល​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច អាស៊ាន និង​អាស៊ី​បូព៌ា (ERIA School of Government) ដែល​នឹង​មានការ​ចូលរួម​ដោយ​អគ្គលេខាធិការ អាស៊ាន​តំណាង​អចិន្ត្រៃយ៍​អាស៊ាន​, អង្គទូត​ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី និង​ប្រចាំ​អាស៊ាន​, ថ្នាក់ដឹកនាំ និង​អតីត​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​/​ស្ថាប័នរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី និង​អង្គការ​សង្គម​ស៊ី​វិល​នៅ​ឥណ្ឌូ​ណេ​ស៊ី ។

ក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា នឹង​មាន​ជំនួប​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​ឯកឧត្តម ចូ​ហ្សេ រ៉ា​មូស អរ​តា ប្រធានាធិបតី​ទី​ម័​រ ឡេ​ស្តេ​, ឯកឧត្តម កៃ រ៉ា​ឡា សា​ណា​ណា ហួស​ម៉ៅ នាយក​រដ្ឋមន្ត្រី​ទី​ម័​រ​ឡេ​ស្តេ​, និង​លោក​ជំទាវ ម៉ា​រៀ ហ្វី​ណា​ន់​ដា ឡៃ ប្រធានរដ្ឋសភា​ទី​ម័​រ​ឡេ​ស្តេ ។

ក្នុង​ឱកាស​ទស្សនកិច្ច​នេះ​ដែរ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​សម័យប្រជុំ​ពិសេស​នៅ​រដ្ឋសភា​ទី​ម័​រ​ឡេ​ស្តេ និង​ផ្តល់​បាឋកថា​លើ​ប្រធានបទ​ស្តី​ពី «​មេរៀន​របស់ ហ៊ុន សែន ៖ ពី​របប​ប្រល័យពូជសាសន៍ និង​ភាព​ក្រីក្រ​ឆ្ពោះទៅ​កាន់​សេរីភាព និង​វិបុលភាព​» នៅ​វិមាន​ប្រធានាធិបតី ដោយ​មានការ​ចូលរួម​ពី​សមាជិក​សភា​, មន្ត្រី​រដ្ឋាភិបាល​, អង្គទូត​, និស្សិត​, និង​សង្គម​ស៊ី​វិល​ទី​ម័​រ​ឡេ​ស្តេ ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ជា​កិច្ច​តបស្នង​ទៅ​នឹង​គុណ​បំណាច់ និង​វិភាគទាន​ដ៏​សំខាន់​របស់ សម្តេច​តេ​ជោ ក្នុង​ការ​ជួយ​គាំទ្រ​ដល់ទី​ម័​រ​ឡេ​ស្តេ ជាង​២​ទសវត្សរ៍​កន្លង​មក ជា​ពិសេស ចំពោះ​ការ​ជំរុញ​ទី​ម័​រ​ឡេ​ស្តេ ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អាស៊ាន​ឯកឧត្តម ប្រធានាធិបតី​ទី​ម័​រ​ឡេ​ស្តេ នឹង​បំពាក់​គ្រឿង​ឥស្សរិយយស Grand Collar of the Order of Timor-Leste ដែល​ជា​ឥស្សរិយយស​កម្រិត​ខ្ពស់​បំផុត និង​ក៏​ជា​ការ​ផ្តល់​កិត្តិយស​ដ៏​ធំធេង​ពី​ភាគី​ទី​ម័​រ​ឡេ​ស្ដេ​ជូន​សម្តេច​តេ​ជោ​ប្រធាន​ព្រឹទ្ធសភា ។

ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ នា​ពេល​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​កម្ពុជា ក្នុង​ការ​លើកកម្ពស់​ការទូត​សភា​របស់​កម្ពុជា​សំដៅ​ដល់​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ឱ្យ​កាន់តែ​រឹង​មាំ និង​ស៊ីជម្រៅ ដែល​នឹង​រួមចំណែក​ដល់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព ក្នុង​តំបន់ និង​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ