ពេលខឹងប្តីមានស្រី សូមកុំទៅវ៉ៃ ឬប្រើអំពើហិ.ង្សាលើស្រីកំណាន់នោះពីព្រោះវាអាចធ្វើអោយអ្នកក្លាយពីជនរងគ្រោះទៅជាជនល្មើស ហើយប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ពី១ឆ្នាំទៅ៣ឆ្នាំ ។

លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២ ខែឧសភាថា ការប្រព្រឹត្តអំពើហិ.ង្សាដោយចេតនាទៅលើប្រពន្ធចុង ឬស្រីកំណាន់របស់ប្តីនោះ ក៏ជាបទល្មើសព្រហ្មទណ្ឌដែរ គឺបទ«ហិង្សាដោយចេតនា» ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល (មាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ) ហើយបើសិនជាអំពើហិ.ង្សានោះ ប្រព្រឹត្តដោយមនុស្សច្រើននាក់ (លើកគ្នាជាក្រុមទៅព្រួតវា.យជនរងគ្រោះ) វាបង្កើតជាបទល្មើសមានស្ថានទម្ងន់ទោស (បទហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយមានមនុស្សច្រើននាក់) ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ពី៤លានរៀល ទៅ១០លានរៀល (មាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ) ។
ឭដូច្នេះដើម្បីកុំអោយក្លាយខ្លួនពីជនរងគ្រោះទៅជាជនល្មើសក្នុងស្នេហាត្រីកោណ សូមកុំប្រើអំពើហិ.ង្សាហើយព្យាយាមដោះស្រាយដោយសន្តិវិធី និងតាមច្បាប់ ។
ទន្ទឹមពេលជាមួយគ្នានោះ លោកក៏បានសរសេរដែរថា ទង្វើរបស់បុគ្គលជាប្តី ដែលមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់រួចហើយ ដោយចំណងអាពាហ៍ពិពាហ៍នោះមិនទាន់រំលាយនៅឡើយ ប៉ុន្តែទៅមានទំនាក់ទំនងជាមួយស្រីផ្សេង គឺជាបទល្មើស «ផិត» ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី២សែនរៀលទៅ២លានរៀល (មាត្រា៧ និងមាត្រា១០ នៃច្បាប់ស្តីពីឯកពន្ធភាព) ៕
ចែករំលែកព័តមាននេះ