ទីក្រុងបាងកក៖ ប្រទេសថៃជួបប្រទះនឹងហេតុការណ៍អសន្តិសុខជាថ្មីនៅពេលជនប្រដាប់អាវុធម្នាក់បើកការបាញ់ប្រហារយ៉ាងសន្ធាប់ដោយឥតរើសមុខទៅលើទីតាំងរបស់ជនស៊ីវិលណ្ដាលឱ្យស្លាប់យ៉ាងតិចបីនាក់។ ក្នុងនោះក៏មានកុមារម្នាក់ផងដែរ។ សមត្ថកិច្ចថៃសន្និដ្ឋានជំហានដំបូងថានេះជាករណីវាយឆ្មក់ពីសំណាក់ក្រុមបះបោរនៅភាគខាងត្បូង។ សមត្ថកិច្ចក៏កំពុងតាមប្រមាញ់ជនដៃដល់ម្នាក់នោះយ៉ាងដុតដៃដុតជើងផងដែរ។
គេដឹងថានៅក្នុងចំណោមជនរងគ្រោះទាំងបីនាក់ដែលស្លាប់ដោយសារការបាញ់ប្រហារនៅស្រុកតាកប៉ៃ (Tak Bai) ខេត្តណារ៉ាធីវ៉ាត់ (Narathiwat) នោះមានកុមារីម្នាក់អាយុ៩ឆ្នាំ, ស្ត្រីវ័យចំណាស់អាយុ៧៦ឆ្នាំ និងបុរសវ័យ៧៥ឆ្នាំ។ សមត្ថកិច្ចថ្នាក់មូលដ្ឋានបញ្ជាក់ថាជនរងគ្រោះម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ ចំណែក២នាក់ទៀតមុនដំបូងនៅរស់។
ប៉ុន្តែក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យមិនបានប៉ុន្មានផងពួកគេក៏ស្លាប់ជាបន្តបន្ទាប់ដោយសារមុខរបួសធ្ងន់ធ្ងរពេក។ ក្រៅពីនេះ មនុស្ស២នាក់ទៀតរងរបួស។ សមត្ថកិច្ចដដែលនេះសង្ស័យថាជនដៃដល់រូបនោះប្រហែលជាបក្សពួករបស់ក្រុមបះបោរ។ អគ្គបញ្ជាការកងទ័ពថៃបានថ្កោលទោសការវាយប្រហារនេះ និងបញ្ជាឱ្យពង្រឹងសន្តិសុខនៅទូទាំងតំបន់ភាគខាងត្បូង។
លោកក៏បានចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់។ លោកថ្លែងថានេះជាពេលវេលាដែលយើងត្រូវវាយបកវិញទៅលើអំពើបាញ់ប្រហារនេះតាមរយៈការសហការគ្នារវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជន, អង្គការសង្គមស៊ីវិល និងប្រព័ន្ធយុត្តិធម៌។ វិធានការនៅចំពោះមុខគឺត្រូវពង្រឹងការត្រួតពិនិត្យនៅតាមប៉ុស្តិ៍ឆែកឆេរ, បង្កើនការល្បាត និងប្រមូលព័ត៌មានសម្ងាត់ដើម្បីតាមចាប់ជនដៃដល់យកទៅផ្ដន្ទាទោសនៅចំពោះមុខច្បាប់។
គេឃើញថាក្រោយពេលកើតមានហេតុការណ៍នោះ អាជ្ញាធរចាប់ផ្ដើមពង្រឹងសន្តិសុខយ៉ាងខ្លាំងនៅតាមទីតាំងដែលប្រឈមនឹងការវាយប្រហារនាពេលអនាគត។ ជាថ្មីម្ដងទៀត អាជ្ញាធរសូមអំពាវនាវទៅមជ្ឈដ្ឋានទូទៅគ្រប់និន្នាការទាំងអស់មិនថាជាថ្នាក់ដឹកនាំមូលដ្ឋាន មេសាសានា និងជនស៊ីវិលទេ សូមចូលរួមសហការគ្នាប្រឆាំងនឹងអំពើហិង្សាគ្រប់ទម្រង់ទាំងអស់។
អាជ្ញាធរព្រមានថាអ្នកដែលជួយពួកបះបោរដោយផ្ដល់ទីកន្លែងជ្រកកោនដើម្បីធ្វើសកម្មភាព ឬផ្គត់ផ្គង់ពួកគេនូវធនធានផ្សេងៗនឹងត្រូវប្រឈមនឹងទោសដ៏ធ្ងន់ធ្ងរបំផុត។ ជាចុងក្រោយ អាជ្ញាធរបានជំរុញឱ្យសាធារណជនប្រញាប់រាយការណ៍តាមលេខទូរស័ព្ទពិសេស២៤ម៉ោងលើ២៤ម៉ោងបើពួកគេមានតម្រុយដែលនាំទៅដល់ការចាប់ខ្លួនជនសង្ស័យ។ ខាងលើនេះ ជាការដកស្រង់ប្រភពពីគេហទំព័រដេណេសិនរបស់ថៃ (The Nation) និងស្ទ្រេតថាមស៍ (The Strait Times)៕
ចែករំលែកព័តមាននេះ