រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌពោធិសែនជ័យបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលលួចម៉ូតូពលរដ្ឋជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបណ្តើរចេញពីសង្កាត់ស្ទឹងមានជ័យ៣ នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ខែឧសភាឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងទល់មុខនិងក្លិបG21 ចំណុចភូមិត្រពាំង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ មាស សុខផាត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
តាមប្រភពដដែលបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញជនសង្ស័យលួចម៉ូតូពលរដ្ឋម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ រួចហើយម្ចាស់ម៉ូតូរងគ្រោះបានទៅព្យាបាលរបួសនៅពេទ្យបាត់ ដោយទុកម៉ូតូ ម៉ាកធូដេ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BT-2908 ចោលនៅលើចិញ្ចើមផ្លូវត្រង់ចំណុចផ្លូវវេងស្រេងស្តុបផ្លូវសេះស ។ ពេលនោះជនសង្ស័យឃើញឱកាសល្អក៏បណ្តើរយកម៉ូតូចេញពីចំណុចកើតហេតុក្នុងសង្កាត់ស្ទឹងមានជ័យ៣រហូតមកដល់ទល់មុខនិងក្លិបG21 ក្នុងសង្កាត់ចោមចៅ១ ប្រជាពលរដ្ឋឃើញមានការសង្ស័យបានឃាត់សួរនាំទៅជនសង្ស័យក៏ឆ្លើយសារភាពថាលួចគេ ។ បន្ទាប់មកប្រជាពលរដ្ឋបានប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ខ្លួនបុរសសង្ស័យខាងលើភ្លាមៗយកទៅសួរនាំចង្អុលបង្ហាញទីតាំងកន្លែងកើតហេតុគឺនៅខាងសង្កាត់ស្ទឹងមានជ័យ៣មិនមែនសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យនោះទេ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចសង្កាត់ចោមចៅ១ប្រគល់ទៅអោយខាងសមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យនាំខ្លួនយកទៅសួរនាំបន្តដើម្បីចាត់ការទៅនីតិវិធី ៕






ចែករំលែកព័តមាននេះ