រាជធានីភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) កត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះ នៅតែមានអ្នកសារព័ត៌មានមួយចំនួន បានប្រព្រឹត្តនូវកំហុសខាងក្រមសីលធម៌ និងវិជ្ជាជីវៈ ដែលនាំឲ្យមានការរិះគន់ និងអាចប្រឈមនឹងផ្លូវច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ជំនឿរបស់សាធារណជន និងការលើកកម្ពស់វិស័យសារព័ត៌មាន នៅកម្ពុជា ។
ក.អ.ក មិនចាត់ទុកករណីកំហុសឆ្គងខាងលើនេះ ជាបញ្ហាថ្មី សម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជា នោះទេ ប៉ុន្តែអ្វីដែល ក.អ.ក ចង់រំលេចឱ្យឃើញនោះ គឺទាំងស្ថាប័នជំនាញ ទាំងសមាគមសារព័ត៌មាន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំដល់អ្នកសារព័ត៌មាន អំពីក្រមសីលធម៌ និងវិជ្ជាជីវៈ រួមទាំងការលើកទឹកចិត្តអ្នកសារព័ត៌មាន ក្នុងការអនុវត្ត នូវក្រមសីលធម៌ និងវិជ្ជាជីវៈ។ ជាទូទៅអ្នកសារព័ត៌មានជាច្រើន បានយល់ដឹង និងបានចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវ ប៉ុន្តែអ្នកសារព័ត៌មានមួយចំនួន ហាក់ដូចជាមិនទាន់អនុវត្តបាន ពិសេសអ្នកផ្សាយផ្ទាល់ពីទីកន្លែងកើតហេតុ ដែលជាហេតុនាំឱ្យរងការរិះគន់ និងប្រឈមផ្លូវច្បាប់ ដោយសារតែការធ្វេសប្រហែស ឬមើលរំលង នូវក្រមសីលធម៌ និងវិជ្ជាជីវៈ ។
ក.អ.ក ចាត់ទុកក្រមសីលធម៌ និងវិជ្ជាជីវៈ មិនគ្រាន់តែជួយអ្នកសារព័ត៌មានរួចផុតពីការរិះគន់ និងប្រឈមផ្លូវច្បាប់នោះទេ តែក្រមសីលធម៌ និងវិជ្ជាជីវៈនេះ ហើយដែលជួយត្រួសត្រាយផ្លូវអ្នកសារព័ត៌មានក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា ។
ក.អ.ក ជាថ្មីម្តងទៀត អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌ និងវិជ្ជាជីវៈ សំខាន់ចៀសវាងការប្រើអារម្មណ៍ដើម្បីអត្ថាធិប្បាយ ឬវិនិច្ឆ័យព័ត៌មាន ត្រូវប្រុងប្រយ័ត្នក្នុងការប្រើពាក្យពេចន៍ ក្នុងពេលកំពុងផ្សាយផ្ទាល់ ផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យឲ្យបានគ្រប់គ្រាន់មុននឹងចេញផ្សាយព័ត៌មានជាសាធារណៈ ធ្វើយ៉ាងណាទទួលបានទំនុកចិត្តពីសាធារណជន ចៀសវាងការប្រឈមផ្លូវច្បាប់ ។
ក.អ.ក សង្ឃឹមយ៉ាងមុតមាំថា អ្នកសារព័ត៌មានទាំងអស់នឹងបន្តដំណើរជាមួយ ក.អ.ក ក៏ដូចជាសមាគមសារព័ត៌មានផ្សេងទៀត ដើម្បីលើកកម្ពស់ការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន សំដៅធ្វើយ៉ាងណាឱ្យស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ ចៀសវាងភាពអសកម្មដែលនាំឱ្យប៉ះពាល់ដល់ការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា ៕



ចែករំលែកព័តមាននេះ