រាជធានីភ្នំពេញ ៖ មានរយន្ត១គ្រឿងមិនចាំម៉ាកស្លាកលេខ បើកលឿន ខណៈមេឃកំពុងរលឹមស្រិចៗជ្រុលទៅបុរសវ័យចំណាស់១រូបជាគ្រូបង្រៀនកំពុងដើរឆ្លងផ្លូវ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត ចំណែករថយន្តយន្តបង្កបើករត់គេចពីកន្លែងកើតហេតុទៅបាត់ ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍និងហៅរថយន្តសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០២៥ នៅចំណុចមុខរោងចក្រអគ្គិសនីទី២ តាមផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាគង់២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ទូច សយ ភេទប្រុស អាយុ៨៤ ឆ្នាំ មុខរបរគ្រូឯកជនបង្រៀនតាមផ្ទះ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិព្រែកតាគង់២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីនារីម្នាក់ឈ្មោះ មរកត អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវជាចៅរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានអ្នកស្គាល់គ្នាតេប្រាប់គាត់ថា លោកតាជួបគ្រោះថ្នាក់ចរាចរណ៍ ពេលចេញពីបង្រៀនគួរតាមផ្ទះក្នុងគោលបំណងដើរឆ្លងផ្លូវជាតិលេខ២ ក្នុងទិសដៅពីលិចទៅកើត ត្រូវរថយន្ត១គ្រឿងមិនចាំម៉ាកបើកលឿនដូចហោះដែលមេឃកំពុងភ្លៀងតាមផ្លូវជាតិលេខ២ក្នុងទិសដៅពីក្នុងតាខ្មៅខេត្តកណ្ដាលចូលមកក្នុងរាជធានីភ្នំពេញ ទើបបុក បណ្ដាលជនរងគ្រោះបោកក្បាលរបួសធ្ងន់ តែរថយន្តសង្គ្រោះបន្ទាន់មណ្ឌលសុខភាពចាក់អង្រែបានមកដល់ លោកគ្រូពេទ្យថាជនរងគ្រោះរបួសក្បាលធ្ងន់ធ្ងរ និងបាក់កស្លាប់បាត់ទៅហើយហើយ ទើបរងយន្តសង្គ្រោះលើសពលោកតាឡើងរថយន្តកុំអោយសពលោកតាស្លាប់ហើយសើមទឹកភ្លៀងទៀត ។
ក្រោយកើតហេតុ ចៅរបស់ជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ដើម្បីឱ្យសមត្ថកិច្ចចរាចរណ៍ខណ្ឌមានជ័យស្រាវជ្រាវរករថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ហើយមិនទទួលខុសត្រូវបើករត់គេចថែមទៀត មកចាត់ការតាមច្បាប់ ។
បច្ចប្បន្ន សពជនរងគ្រោះត្រូវបានចៅយកទៅស្រុកកំណើតនៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕







ចែករំលែកព័តមាននេះ