នៅត្រីមាសទី១ ដើមឆ្នាំ២០២៥ ទីផ្សារនាំចេញទំនិញកម្ពុជាធំៗត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអះអាងថា គឺមានសរុប២០ប្រទេស ដោយនៅក្នុងនោះ គឺមានសឹងតែគ្រប់ទ្វីបលើកលែងតែអាហ្វ្រិកនិងអាមេរិកខាងត្បូងមួយចេញ ។ យោងទៅតាមស្ថិតិមួយរបស់រដ្ឋាភិបាលដែលបានចេញផ្សាយ កាលពីពេលថ្មីៗនេះបានឲ្យដឹងថា…
នៅត្រីមាសទី១ ដើមឆ្នាំ២០២៥ ទីផ្សារនាំចេញទំនិញកម្ពុជាធំៗត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអះអាងថា គឺមានសរុប២០ប្រទេស ដោយនៅក្នុងនោះ គឺមានសឹងតែគ្រប់ទ្វីបលើកលែងតែអាហ្វ្រិកនិងអាមេរិកខាងត្បូងមួយចេញ ។
យោងទៅតាមស្ថិតិមួយរបស់រដ្ឋាភិបាលដែលបានចេញផ្សាយ កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ដៃគូពាណិជ្ជកម្មនាំចេញទាំងអស់គឺមាននៅទ្វីបអាមេរិកខាងជើង អឺរ៉ុប អាស៊ី និងអូសេអានី ហើយទំហំនៃការនាំចេញនៅត្រីមាសទី១ នៃឆ្នាំ២០២៥នេះ គឺមានតម្លៃ ៦,៨ ពាន់លានដុល្លារជាមួយនឹងកំណើនកើនឡើងប្រមាណជា៩,៨ ភាគរយ ។
ប្រភពដដែលបានឲ្យដឹងថា មកដល់ពេលនេះ ទ្វីបអាមេរិកខាងជើង គឺកម្ពុជាមានទីផ្សារធំៗបី គឺសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដោយនៅក្នុងនោះសហរដ្ឋអាមេរិកទាំងមូល កម្ពុជានាំចេញបាន ២,៤ពាន់លានដុល្លារ កាណាដាជាង២៨២ លានដុល្លារ ខណៈដែលម៉ិកស៊ិកមានប្រមាណជាជាង៥៧លានដុល្លារ ។
ទីផ្សារធំ បន្ទាប់ គឺអាស៊ី ដែលមានវៀតណាម ចិន ជប៉ុន ថៃ កូរ៉េខាងត្បូង ហុងកុង ម៉ាឡេស៊ី និងឥណ្ឌា ដែលមានតម្លៃនាំចេញសរុបប្រមាណជា២,៤ ពាន់លានដុល្លារ ។ សម្រាប់អឺរ៉ុប គឺមានដូចជា អេស្ប៉ាញ អង់គ្លេស អាល្លឺម៉ង់ ហូឡង់ បារាំង អ៊ីតាលី បែលហ្សិក និងប៉ូឡូញ ដែលមានតម្លៃប្រមាណជា ១,២ ពាន់លានដុល្លារ ។
ដោយឡែកអូសេអានី គឺមានតែអូស្ត្រាលីមួយទេ ដោយទីផ្សារនាំចេញកម្ពុជា នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៥នេះ មានតម្លៃសរុបប្រមាណជាជិត៥៩ លានដុល្លារ ។
អ្នកវិភាគម្នាក់បានលើកឡើងថា ច្រកនៃការធ្វើពិពិធកម្មទីផ្សារកម្ពុជា គឺនៅមានច្រើន តួយ៉ាងដូចជាអាហ្វ្រិកទាំងមូលមានប្រទេសដល់ទៅ៥៤ ប្រទេស ប៉ុន្តែពេលខ្លះក៏កម្ពុជាគួរតែសម្លឹងមើលលទ្ធភាព ក៏ដូចជាសមត្ថភាព នៃការរកប្រាក់ចំណេញផងដែរ ។
សម្រាប់អាហ្វ្រិកអ្នកវិភាគរូបនោះបានបញ្ជាក់ថា ជាទីផ្សារធំ ប៉ុន្តែសមត្ថភាពផលិត និងលទ្ធភាពរុញទំនិញកម្ពុជាទៅដល់ទីផ្សារនោះអាចត្រូវចំណាយលើភស្តុភាកម្មច្រើន ដោយសារតែវាឆ្ងាយ ហើយតម្លៃវិញក៏អាចទាមទារថោកផងដែរ ។
អ្នកវិភាគដដែល បានលើកឡើងថា អឺរ៉ុប គឺជាច្រកដ៏មានសក្តានុពលមួយ ពោល គឺបើបូកទាំងសហភាពអឺរ៉ុបផងដែរនោះ ទ្វីបអឺរ៉ុបទាំងមូល មានប្រទេសដល់ទៅ៥០ប្រទេស ហើយភាគច្រើន គឺជាប្រទេសដែលមានស្តង់ដាជីវភាពខ្ពស់ ដូច្នេះអាចជាទីផ្សារល្អ ។
សម្រាប់អាស៊ី ក្រៅពីទីផ្សារដែលមានស្រាប់អនុតំបន់ដូចជា មជ្ឈឹមបូព៌ា ដែលមាន១៧ប្រទេស ក៏ជាទីផ្សារដែលគួរតែគិតគូសម្លឹង ហើយរិះគិតផងដែរ ប៉ុន្តែគ្រាន់តែពេលនេះ កម្ពុជាខិតខំដែរ ប៉ុន្តែទំពក់នៅមិនទាន់បេះបានផ្លែផ្កាធំដុំនៅឡើយ ៕
ចែករំលែកព័តមាននេះ