ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

នៅ​ពេល​ដែល​វៀតណាម​ប្រកាស​ដាក់​គោលដៅ​លើកកម្ពស់​ភាសា​អង់គ្លេស​ឲ្យ​ក្លាយជា​ភាសា​ទី​២​នៅ​ក្នុង​ប្រទេស​មួយ​នេះ មាន​ពលរដ្ឋ​នៅ​ក្នុងស្រុក​យើង​ខ្លះ​បាន​ផ្សព្វផ្សាយ​និង​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម ហើយ​ចង់​ឲ្យ​រដ្ឋាភិបាល​ប្រកាស​ទទួលស្គាល់​ភាសា​អង់គ្លេស​ជា​ភាសា​ទី​២​ដែរ ។ នៅ​ពេល​ដែល​មាន​មតិ​លើក​ឡើង​បែប​នេះ ក៏​មាន​អ្នកខ្លះ​ចង់បាន​ភាសា​អង់គ្លេស​ជា​ភាសា​ទី​២ ហើយ​ខ្លះ​ថា គួរតែ​ជា​ភាសា​បារាំង ហើយ​ខ្លះ​ថា គួរតែ​គិតគូ​ភាសា​ចិន…

នៅ​ពេល​ដែល​វៀតណាម​ប្រកាស​ដាក់​គោលដៅ​លើកកម្ពស់​ភាសា​អង់គ្លេស​ឲ្យ​ក្លាយជា​ភាសា​ទី​២​នៅ​ក្នុង​ប្រទេស​មួយ​នេះ មាន​ពលរដ្ឋ​នៅ​ក្នុងស្រុក​យើង​ខ្លះ​បាន​ផ្សព្វផ្សាយ​និង​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម ហើយ​ចង់​ឲ្យ​រដ្ឋាភិបាល​ប្រកាស​ទទួលស្គាល់​ភាសា​អង់គ្លេស​ជា​ភាសា​ទី​២​ដែរ ។

នៅ​ពេល​ដែល​មាន​មតិ​លើក​ឡើង​បែប​នេះ ក៏​មាន​អ្នកខ្លះ​ចង់បាន​ភាសា​អង់គ្លេស​ជា​ភាសា​ទី​២ ហើយ​ខ្លះ​ថា គួរតែ​ជា​ភាសា​បារាំង ហើយ​ខ្លះ​ថា គួរតែ​គិតគូ​ភាសា​ចិន ។​ល​។

តែ​តាម​ពិត ភាសា​អង់គ្លេស​និង​ចិន​បាន​ក្លាយជា​ភាសា​ពេញ​និយម​រួច​ស្រេច​ទៅ​ហើយ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ដោយសារ​តម្រូវការ​ការងារ​។ នៅ​កម្ពុជា ពិសេស​ស នៅ ភ្នំពេញ ឪពុក​ម្តាយ​សឹង​គ្រប់​គ្នា​បានអោយ​កូន​រៀន​ភាសា​អង់គ្លេស​រួច​ទៅ​ហើយ ពីព្រោះ​តែ​ពួក​គាត់​យល់​ថា​ភាសា​នេះ​ចាំបាច់​សម្រាប់​ទំនាក់ទំនង​រកស៊ី និង ការងារ​។ ចំណែក​ភាសា​ចិន​ក៏​កំពុង​តែ​មាន​អ្នករៀន​ច្រើន​ឡើង​ៗ​ផង​ដែរ ដោយសារ​តែ​ឥឡូវ​ចិន​មក​បណ្តាក់ទុន​ច្រើន​នៅ​កម្ពុជា និង មាន​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​កម្ពុជា​។

រឿង​ភាសា​នេះ​មិន​ចាំបាច់​ជ្រួលជ្រើម​ប្រកាស​តាម​ប្រទេស​ជិតខាង​ឡើយ​។ អ្វី​ដែល​យើង​គួរ​ធ្វើ​គឺ​គួរតែ​ពង្រឹង​និង​អភិរក្ស​ភាសា​កំណើត​របស់​យើង​ជា​ភាសាជាតិ​តែ​មួយ​ទៅ វា​ប្រសើរ​ជាង ។

សម្រាប់​កម្ពុជា វា​ជា​មោទកភាព​ជាតិ​របស់​យើង​ទៅ​ហើយ​ដែល​អាច​រក្សា​បាន​នូវ​ភាសាជាតិ​របស់​យើង​តាំងពី​បុរាណកាល​មក​ដល់​បច្ចុប្បន្ន​ដែល​មាន​ទាំង​ភាសា​និយាយ អក្សរ និង ក្បួនខ្នាត​វេយ្យាករណ៍ ។ យើង​មាន​សុភាសិត យើង​មាន​កំណាព្យ រឿងព្រេង​និទាន រឿង​ប្រជាប្រិយ ពេញ​លក្ខណៈ​ជា​ភាសា​មួយ​ដ៏​ពេញលេញ គ្រប់យ៉ាង​។ ដូច្នេះ​គួរតែ​រក្សា​ភាសាផ្លូវការ យើង​តែ​មួយ​បាន​ហើយ ។
និយាយ​បែប​នេះ​មិនមែន​លើកទឹកចិត្ត​ឲ្យ​យើង​លើកកម្ពស់​តែ​ភាសាជាតិ​យើង​នោះ​ទេ ពីព្រោះ​សម័យនេះ​គឺជា​សម័យ​សាកល​ភាវូបនីយកម្ម ហើយ​ប្រកាន់​យក​គោលការណ៍​ពហុភាគី​និយម ដូច្នេះ​ចាំបាច់​ត្រូវ​តែ​លើកកម្ពស់​ការ​ទំនាក់ទំនង​ហើយ​ដើម្បី​ឲ្យ​ការ​ទំនាក់ទំនង​នេះ​ពេញលេញ គឺ​ចាំបាច់​ត្រូវ​ចេះ​ភាសាបរទេស ។

នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន ទោះបី​កម្ពុជា​មិន​ប្រកាស​ទទួលស្គាល់​ភាសា​ណា​ជា​ភាសា​ទី​២​ក៏​ពិតមែន ប៉ុន្តែ​ប្រព័ន្ធ​អប់រំ​នៅ​ក្នុងស្រុក​យើង​បើក​ទូលាយ​លើ​បញ្ហា​សិក្សា​ភាសាបរទេស​នេះ រួច​ទៅ​ហើយ​។ ដូច្នេះ​មិន​ចាំបាច់​ប្រកាស​ទទួលស្គាល់​អ្វី​នោះ​ទេ ។

នៅ​កម្ពុជា​ក្រៅពី​សាលា​អប់រំ​ចំណេះ​ទូទៅ​ជា​ភាសា​ខ្មែរ គឺ​កម្ពុជា​មាន​សាលា​ចំណេះ​ទូទៅ​ជា​ភាសាបរទេស​ស្រាប់​ជា​ពិសេស​គឺ​អង់គ្លេស ភាសា​ចិន បារាំង ដោយពេល​នេះ​សាលា​ទាំងនោះ​គឺ​រៀនចំណេះ​ជំនាញ​គ្រប់យ៉ាង​ជា​ភាសាបរទេស​នេះ​តែ​ម្តង ។ ក្រៅពី​នោះ​គឺ​មាន​សាលា​ភាសា​សុទ្ធ​ដែល​មាន​គ្រប់​កម្រិត​គ្រប់​ប្រភេទ តាំងពី​សាលា​ថោក​បង់លុយ​តាម​ម៉ោង​រហូត​ដល់​បង់​ជា​ខែ ជា​ត្រីមាស ជា​ឆមាស រហូត​ដល់​ឆ្នាំ ។

ពាក់ព័ន្ធ​នឹង​គោលដៅ​របស់​វៀតណាម តាម​សេចក្តីរាយការណ៍​របស់​កាសែត Vietnam News បាន​ឲ្យ​ដឹង​ថា គោលដៅ​យក​អង់គ្លេស​ជា​ភាសា​ទី​២​នេះ គឺជា​ចក្ខុវិស័យ​មួយ ដែល​នឹង​បើក​ហើយ​អនុញ្ញាត​ឲ្យ​សាលា​នៅ​ក្នុង​ប្រទេស​ភាគ​ខាងកើត​កម្ពុ​ជាមួយ​នេះ អាច​មានកម្ម​វិធី​សិក្សា​ចំណេះ​ទូទៅ​ជា​ភាសា​អង់គ្លេស សម្រាប់​បង្រៀន​មុខ​វិជ្ជា និង​ជំនាញ​ដែល​សម​ស្រប​ផ្សេង​ទៀត និង​សម្រាប់​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​នៅ​សាលា​។

ប្រភព​ដដែល​បាន​បន្ត​ថា វៀតណាម​ពង្រាង​ផែនការ​នេះ​ឡើង​នៅ​ក្នុង​គោលបំណង​គឺ​ដើម្បី​បង្កើន​ជំនាញ​នៅ​ក្នុង​ការ​បំពេញតម្រូវការ​សិក្សា និង​ការងារ បង្កើន​ការ​ប្រកួតប្រជែង​នៃ​កម្លាំង​ពលកម្ម​ក្នុង​យុគសម័យ​ថ្មី និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​របស់​ប្រទេស និង​សមាហរណកម្ម​ពិភពលោក​។
ប្រភព​ដដែល​បាន​បន្ត​ថា ផែនការ​នេះ​រួម​បញ្ចូល​ទាំង​ការ​អនុញាត​ដល់​សាលា​ដំណើរការ​កម្មវិធី​សិក្សា​ជា​ភាសា​អង់គ្លេស ១០០ ភាគរយ​នៅ​ថ្នាក់​ម​ត្តេ​យ្យ​សំរាប់​កុមារ​ដែល​មាន​អាយុ​ពី ៣ ទៅ ៥ ឆ្នាំ បន្ទាប់​មក​ឈាន​ទៅ​បើកផ្លូវ​ឲ្យ​សាលា​ផ្តល់​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​ទាំងអស់​ជា​ភាសា​អង់គ្លេស​តាំងពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ១២ ។

ដូចដែល​រៀបរាប់​ខាងលើ​រួច​ហើយ កម្មវិធី​អប់រំ​នៅ​កម្ពុជា​បើកផ្លូវ​ហើយ​កំពុង​តែ​អនុវត្ត​កម្មវិធី​បើក ចំហ​នេះ​រួច​ហើយ រហូត​ដល់​កូន​ខ្មែរ​ខ្លះ​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​ល្អ​ជាង​ភាសាជាតិ​ដែល​ជា​ភាសា កំណើត​របស់​ខ្លួន​ថែម​ទៀត​ផង ។

ផ្អែក​តាម​ទឡ្ហីករណ៍​នេះ កម្ពុជា​មិន​ចាំបាច់​ប្រកាស​យក​ភាសា ណា​ជា​ភាសាផ្លូវការ​ទី​២​ឫ​ទី​៣​ទី​៤​ឡើយ គឺ​រក្សា​លំហ និង​សិទ្ធិ​ដូច​សព្វថ្ងៃ​ទៅ​វា​ប្រសើរ​ហើយ ។ អ្វី​ដែល​កម្ពុជា​គួរតែ​ធ្វើ​នៅ​ពេល​នេះ គឺ​គួរតែ​ប្រឹង​អភិរក្ស​ភាសាជាតិ​បន្ថែម ហើយ​ពង្រឹង​ការ​អប់រំ​ភាសាបរទេស​ឲ្យ​វា​ត្រូវ​របត់​សង្គម​និង​បំពេញ​តាម​តម្រូវការ​នៃ​ទីផ្សារ​ការងារ​និង​ស៊ីគ្នា​ជាមួយនឹង​ផែនការ​និង​គោលនយោបាយ​ការ​បរទេស​របស់​ខ្លួន ។

សព្វ​ថ្ងៃនេះ​ភាសាបរទេស​មាន​រាប់​ពាន់​ភាសា តែ​ភាសាផ្លូវការ​ដែល​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ គឺ​មាន​តែ​៦​នោះ​ទេ ហើយ​ភាសា​នេះ​គឺ​មានការ​ទទួលស្គាល់​និង​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ក្នុង​អង្គការសហប្រជាជាតិ ។ ភាសា​ទាំងនោះ​គឺ​មាន អង់គ្លេស បារាំង រុ​ស្ស៊ី ចិន អេ​ស្ប៉ា​ញ និង អា​រ៉ាប់ ។

កម្ពុជា​គួរតែ​មាន​គោលដៅ​សម្រួច​ការ​អប់រំ​លើ​ភាសា​ទាំង​៦​នេះ​ឲ្យ​ច្បាស់លាស់ ដោយសារ​តែ​ភាសា​គឺជា​យាន​មួយ​នៃ​ទំនាក់ទំនង​និង​ជា​ការ​បើកផ្លូវ​មួយ ដ៏​សំខាន់​នៅ​ក្នុង​ការ​ពង្រឹង ទំនាក់ទំនង​ខាងក្រៅ​តាម​គោលដៅ​ពហុភាគី​និយម​ដែល​កម្ពុជា​ពិតជា​ចង់បាន ។

សរុប​មក​វិញ ភាសាជាតិ​គួរតែ​រក្សា​និង​អភិរក្ស​បន្ថែម ដោយ​មិន​ចាំបាច់​កំណត់ ភាសា​ទី​២​ឫ​ទី​៣​អ្វី​ឡើយ ។ តម្រូវការ​ទីផ្សារ​ការងារ បាន​កំនត់​រួច​ស្រេច​ទៅ​ហើយ​អំពី​តម្រូវការ​ចំណេះដឹង​ផ្នែក​ភាសាបរទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ