ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ADATA ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យលោក CHEN Simon…

រាជធានី​ភ្នំពេញ ​៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យលោក CHEN Simon ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ADATA Technology Co., Ltd. ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នា​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៥ ​នៅ​វិមាន​សន្តិភាព​ ។

នៅ​ក្នុង​ឱកាស ​នៃ​ជំនួប​នេះ លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​ បាន​គោរព​ជម្រាប​ជូន​ដោយ​សង្ខេប​អំពី​ក្រុមហ៊ុន ADATA Technology Co., Ltd.​ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ល្បី​មួយ មាន​អាយុកាល​ជាង ៥៣ឆ្នាំ​។ ក្រុមហ៊ុន​មាន​បុត្រ​សម្ព័ន្ធ​ចំនួន ៥ ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារភាគហ៊ុន​នៅ​កោះ​តៃវ៉ាន់ និង​ហុងកុង ព្រមទាំង​មាន​ការិយាល័យ​តំណាង​ជាង ៤០ ដែល​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។ ក្រុមហ៊ុន ADATA Technology Co., Ltd. មាន​ជំនាញ​ផ្នែក​គ្រឿង​អេ​ឡិច​ត្រូ​និក​, រ៉ូ​បូត​, កុំព្យូទ័រ បច្ចេកវិទ្យា​ជីវមាត្រ (Biometrics) និង​យានយន្ត ​។

លោក​ប្រធាន​បាន​បន្ត​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៤ របស់​លោក មក​កាន់​ប្រទេស​កម្ពុជា ហើយ​ក្រុមហ៊ុន​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ដោយ​ផ្តោត​លើ​វិស័យ​បច្ចេកវិទ្យា​ទំនើប​។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ក៏​ចាប់អារម្មណ៍​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ស្ថាប័ន​របស់​កម្ពុជា ដើម្បី​បណ្តុះបណ្តាល និង​កសាង​ធនធានមនុស្ស ផ្នែក​បច្ចេកវិទ្យា​ទំនើប ផង​ដែរ​ ។

ជា​ការ​ឆ្លើយ​តប សម្តេច​បវរ​ធិ​បតី​ បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​របស់​ក្រុមហ៊ុន​ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច និង​ចាប់អារម្មណ៍​វិនិយោគ នៅ​កម្ពុជា​។ សម្តេច​បវរ​ធិ​បតី​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​របស់​ក្រុមហ៊ុន ដែល​មានបទពិសោធន៍ និង​ឈានមុខ​គេ ខាង​វិស័យ​បច្ចេកវិទ្យា​ទំនើប​ ។

សម្តេច​បវរ​ធិ​បតី ​បាន​សង្កត់ធ្ងន់​ថា ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា គឺជា​វិស័យ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​។ សម្តេច​បវរ​ធិ​បតី ​បាន​គូសបញ្ជាក់​អំពី​គោលនយោបាយ និង​យន្តការ​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​គាំទ្រ​ដល់​បរិស្ថាន​វិនិយោគ​នៅ​កម្ពុជា រួម​មាន​៖ ច្បាប់​ស្តី​ពី​ការ​វិនិយោគ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ការ​ដាក់​ចេញ​វិធានការ​ចាំបាច់ និង​ការ​កែសម្រួល​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ ព្រមទាំង​ការ​ដាក់​ចេញ​នូវ​កញ្ចប់​វិធានការ​លើកទឹកចិត្ត​សម្រាប់​វិនិយោគិន ជា​ពិសេស​ការ​វិនិយោគ​លើ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​។ ទន្ទឹម​នេះ សម្តេច​បវរ​ធិ​បតី​បាន​សម្តែង ​នូវ​ក្តី​រីករាយ និង​ស្វាគមន៍​ចំពោះ​បំណង​របស់​ក្រុមហ៊ុន​ក្នុង​ការ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ក្នុង​វិស័យ​បច្ចេកវិទ្យា​ទំនើប នៅ​កម្ពុជា​ ។

សម្តេច​បវរ​ធិ​បតី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ថែម​ទៀត ដើម្បី​ចាប់​យក​កាលានុវត្តភាព​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ