រាជធានីភ្នំពេញ ៖ បុរសជាអ្នកដឹកអីវ៉ាន់អនឡាញម្នាក់ខណៈដឹកម្ហូបអោយភ្ញៀវហើយឈប់ចតម៉ូតូរង់ចាំភ្ញៀវ ស្រាប់តែត្រូវបានជនសង្ស័យជិះម៉ូតូមួយគ្រឿងមានគ្នា៣នាក់បានធ្វើសកម្មភាពយកដែកឆាបដេញចាក់ជនរងគ្រោះ ធ្វើអោយជនរងគ្រោះភ័យរត់ចោលម៉ូតូ ហើយជនសង្ស័យនាំគ្នាយកម៉ូតូរបស់ជនរងគ្រោះជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាតត្រឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ តាមផ្លូវ២០០២ សង្កាត់អូបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សឿង រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។
ប្រភពពត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកនិច ពណ៌ក្រហម សេរី២០២៤ ពាក់ស្លាកលេខភ្នំពេញ1KU-5812 ធ្វើដំណើរដឹកម្ហូបអោយភ្ញៀវនៅផ្លូវ២០០២ មកដល់ចំណុចកើតហេតុបានឈប់ចតរង់ចាំភ្ញៀវដោយចុះពីលើម៉ូតូ តែមិនបានដកសោម៉ូតូ លុះបន្ទាប់មកក៏ស្រាប់តែឃើញជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើសកម្មភាពយកដែកឆាបមុខស្រួចមកដេញចាក់ធ្វើអោយរូបគេភ័យរត់ចោលម៉ូតូ ចំណែកជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកជនរងគ្រោះបានទាក់ទងទៅក្រុមការងារនឹងបោះពត៌មានចូលគ្រុបផ្សេង ភ្លាមៗនោះមានបងប្អូនអ្នកសារព័ត៌មានជាច្រើននាក់បានមកដល់បានទាក់ទងទៅនគរបាលប៉ុស្តិ៍ភ្លាមៗ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីនគរបាលប៉ុស្តិ៍បានមកដល់នាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់អូបែកក្អមដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តល់ផ្តន្ទាទោសតាមច្បាប់ ៕





ចែករំលែកព័តមាននេះ