ជនដៃដល់សារភាពប្រាប់មូលហេតុ ក្រោយលើកដៃប្រល័.យជីវិតបងថ្លៃស្រី យប់មិញ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ បុរសញៀនថ្នាំម្នាក់បានទាញកាំបិតបុ័ងតោធ្វើសកម្មភាពកាប់ទៅលើបងថ្លៃស្រីរបស់ខ្លួនរហូតដល់ស្លាប់នៅក្នុងផ្ទះ បន្ទាប់មកបានរត់ ប៉ុន្តែជាង១ម៉ោងក្រោយមក ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោឃាត់ខ្លួនបាននាំយកទៅធ្វើការសាកសួរទាំងយប់ ។ គួររំលឹកថា ឃាត់ខ្លួនប្អូនថ្លៃប្រុសបានហើយ ករណីកា.ប់បងថ្លៃស្រីស្លា.ប់ក្នុងផ្ទះ នៅខណ្ឌដង្កោ
ករណីខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្ទះគ្មានលេខ ស្ថិតនៅតាមផ្លូវបេតុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនដៃដល់ឈ្មោះ ចិន ចាន់ចំណាប់ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវជាប្អូនថ្លៃ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ វ៉ា ស្រីនិច អាយុប្រហែល៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជាមួយគ្នា ត្រូវជាបងថ្លៃ ។
នគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា មុនពេលឈានដល់ការកាប់សម្លាប់គ្នាកើតឡើងនេះរវាងជនដៃដល់និងជនរងគ្រោះ ពុំមានទំនាស់អ្វីកើតឡើងនោះទេ ប៉ុន្តែផ្ដើមចេញពីជនដៃដល់គឺមនុស្សញៀនថ្នាំ ហើយកន្លងមកធ្លាប់ត្រូវបានក្រុមគ្រួសារនាំយកទៅដាក់នៅមណ្ឌលបន្សាបគ្រឿងញៀនខេត្តកណ្ដាលចំនួន៣ដងរួចមកហើយដែរ ។ ដោយឡែកនៅវេលាយប់ថ្ងៃកើតហេតុស្ត្រីរងគ្រោះបានដឹកកូនស្រីត្រលប់មកពីទិញថ្នាំពេទ្យ នៅបុរីមួយកន្លួន ហើយពេលមកដល់ផ្ទះនាងបានឲ្យកូនស្រីទៅម្ដាយក្មេក រួចក៏ដើរចូលទៅក្នុងបន្ទប់របស់នាងនៅលើផ្ទះជាន់ទី១ ដោយពុំមានរឿងឈ្លោះទាស់ជាមួយជនដៃដល់នោះឡើយ ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះស្រាប់តែជនដៃដល់ខាងលើ ដែលកំពុងតែស្ថិតនៅក្នុងផ្ទះ នោះដែរ បានកាន់កាំបិតប៉័ងតោស្ទុះចូលទៅក្នុងបន្ទប់របស់ស្ត្រីរងគ្រោះ ជាបងថ្លៃ រួចបិទទ្វារខ្ទាស់គន្លឹះហើយធ្វើសកម្មភាពកាប់ទៅលើនាងចំក្បាលនិង ក និងខ្លួនប្រាណ ទាំងនាងមិនបានដឹងខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។ បន្ទាប់មកជននោះក៏បានបោះចោលកាំបិតនៅកន្លែងកើតហេតុ រួចរត់គេចខ្លួនបាត់ប៉ុន្តែរយៈពេលជាង១ម៉ោងក្រោយមកត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯកជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ តាមឃាត់ខ្លួនបាន នៅចម្ងាយប្រមាណ៥០០ម៉ែត្រពីកន្លែងកើតហេតុ រួចនាំយកទៅធ្វើការសាកសួរនិងកសាងសំណុំរឿងទាំងយប់ ។
នគរបាលបានបញ្ជាក់ប្រាប់ទៀតថា ក្រោយពេលសាកសួរ ជនដៃដល់ខាងលើនិយាយថា ខ្លួនមានគំនុំជាមួយបងថ្លៃ ប៉ុន្តែពុំបានប្រាប់ថាគំនុំរឿងអ្វីធំដុំនោះទេ ដោយគ្រាន់តែនិយាយថាខ្លួននិងបងថ្លៃធ្លាប់ឈ្លោះគ្នាក្នុងពេលកន្លងមក ព្រោះតែជនរងគ្រោះជាបងថ្លៃមិនសូវចូលចិត្តខ្លួន ចេះតែមានការទើសទាល់ជាមួយខ្លួន ទើបខ្លួនកាប់តែម្ដង ៕






















ចែករំលែកព័តមាននេះ