រឿងពន្ធបដិការ ប្រសិនបើកម្ពុជាផ្តួចផ្តើមប្រើប្រាស់យន្តការអាស៊ានវាអាចជាច្រកមួយដែលមានទម្ងន់បន្ថែមលើយន្តការទ្វេភាគី ហើយយន្តការនេះយ៉ាងហោចណាស់ ក៏មានប្រទេសមួយចំនួន នៅក្នុងតំបន់ចាប់អារម្មណ៍ផងដែរ ជាពិសេស គឺថៃ ។ ផ្អែកតាមតារាងបញ្ជីពន្ធបដិការដែលសហរដ្ឋអាមេរិកបានប្រកាស នៅថ្ងៃទី០២…
រឿងពន្ធបដិការ ប្រសិនបើកម្ពុជាផ្តួចផ្តើមប្រើប្រាស់យន្តការអាស៊ានវាអាចជាច្រកមួយដែលមានទម្ងន់បន្ថែមលើយន្តការទ្វេភាគី ហើយយន្តការនេះយ៉ាងហោចណាស់ ក៏មានប្រទេសមួយចំនួន នៅក្នុងតំបន់ចាប់អារម្មណ៍ផងដែរ ជាពិសេស គឺថៃ ។
ផ្អែកតាមតារាងបញ្ជីពន្ធបដិការដែលសហរដ្ឋអាមេរិកបានប្រកាស នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ កម្ពុជាជាប់កំណត់ពន្ធថ្មី ៤៩ភាគរយ ឡាវជាប់៤៨ភាគរយ វៀតណាម៤៦ភាគរយ មីយ៉ាន់ម៉ា៤៤ភាគរយ ថៃ៣៦ភាគរយ ឥណ្ឌូនេស៊ី៣២ភាគរយ ម៉ាឡេស៊ី២៤ភាគរយ ប្រុយណេ២៤ភាគរយ ហ្វីលីពីន១៧ភាគរយ ហើយសិង្ហបុរីគឺ១០ភាគរយ ។

នៅពេលនេះ ប្រទេសអាស៊ានទាំងអស់បានកំពុងតែរៀបចំយន្តការនៃការចរចាទ្វេភាគីទាំងអស់ ហើយនៅក្នុងចំណោមសមាជិករបស់ប្លកនេះទាំង១០វៀតណាមបានបោះមួយជំហ៊ានទៅមុខមុនគេ ដោយពេលនេះបានកំពុងតែចរចា ខណៈដែលថៃដកឃ្លាបន្តិច ហើយកម្ពុជាក៏បានឈានដល់ការជួបបើកផ្លូវដែរ ។ រីឯឥណ្ឌូនេស៊ី ដែលជាទីផ្សារធំជាងគេ នៅក្នុងតំបន់ក៏បានកំពុងរៀបចំផងដែរ ។
ជាការពិតតាំងពីលោក ដូណាល់ ត្រាំ បានកំណត់សំពាធពន្ធជាបន្តបន្ទាប់លើចិន ម៉ិកស៊ីក កាណាដា សហភាពអឺរ៉ុប តាំងពីខែមីនា ហើយ និងពន្ធបដិការនៅដើមខែមេសា គឺមិនទាន់មានព័ត៌មានថា រដ្ឋបាលរបស់លោកបានអនុគ្រោះពន្ធណាមួយដល់ប្រទេសគោលដៅនៅឡើយទេ ។ អ្វីដែលឭឬទទួលកន្លងមក គឺមានតែការអនុគ្រោះបណ្តោះអាសន្នប៉ុណ្ណោះ ជាក់ស្តែងដូចជា ពន្ធបដិការនេះជាដើម គឺលោកត្រាំ បានសម្រេចត្រឹមតែពន្យារការកំណត់នេះត្រឹម៩០ថ្ងៃប៉ុណ្ណោះ ។
ការដែលលើកឡើងនេះ គឺហាក់ដូចជា ទស្សនៈទុទិដ្ឋិនិយមពេកហើយ បើយើងមានទស្សនៈវិស័យបែបនេះ គឺមានតែដេកចាំឲ្យសហរដ្ឋអាមេរិកកំណត់ពន្ធ ។ នៅក្នុងស្ថានភាពបែបនេះ ទោះបីជាមានសង្ឃឹមតិចក៏គួរតែសាកល្បងដែរក្រែងមានអភិនិហាណាមួយដែលអាចឲ្យលោកត្រាំរសាយចិត្ត ។
នៅក្នុងអំឡុងពេលដឹកនាំសហរដ្ឋអាមេរិក អាណត្តិទី១ លោកត្រាំ ធ្លាប់ធ្វើឲ្យមានទំនាក់ទំនង ប្រេះស្រ៊ាំជាមួយនឹងអាស៊ាន ដោយមិនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកហើយ ថែមទាំងបានបញ្ជូនតំណាងចូលរួមដែលមានឋានៈទាបបំផុតមកចូលរួម ។ ពេលនោះមេដឹកនាំអាស៊ានផ្សេងទៀតក៏បានធ្វើពហិការមិនចូលរួមកិច្ចប្រជុំកំពូលនេះដែរ ដោយបញ្ជូនត្រឹមរដ្ឋមន្ត្រីការបរទេស ។ ក្រោយមកលោក ត្រាំ ក៏បានសន្យាជួសជុលទំនាក់ទំនងនេះវិញ ប៉ុន្តែក៏ខកខានដោយសារតែការីករាលដាលនៃកូវីដ១៩ ។ ដូច្នេះ គួរតែសាកល្បងការចរចាជាក្រុមតាមយន្តការអាស៊ាននេះពីព្រោះវាអាចមានទម្ងន់ជាងការចរចាដោយឡែកៗនៃប្រទេសនីមួយៗ ។
ទាក់ទងនឹងយន្តការនេះ កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា ក្រោយពេលដែលលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា បញ្ចប់ដំណើរទស្សនៈកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែមេសា លោកស្រី បានបង្ហើបអំពីយន្តការអាស៊ាននេះផងដែរ ។ លោកស្រីបានលើកឡើងថា ពន្ធបដិការរបស់សហរដ្ឋអាមេរិក លើការនាំចេញរបស់អាស៊ានកនេះគឺស្ថិតក្នុងចំណោមប្រធានបទជាច្រើនដែលបានពិភាក្សាជាមួយសម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

តាមរយៈកាសែតនោះលោកស្រីបានបង្ហើបថា ថៃ និងកម្ពុជា បានពិភាក្សាអំពីភាពខ្លាំងដែលប្រទេសនីមួយៗមាន និងរបៀបដែលបណ្តាប្រទេស នៅក្នុងតំបន់អាចរួបរួមគ្នា ដើម្បីបង្កើនឥទ្ធិពលនៅក្នុងការចរចា ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ចំណុចនេះ វាគ្រាន់តែជាទស្សនៈមួយនៅឡើយប៉ុណ្ណោះ ។
លោកស្រីបន្តថា ប្រទេសថៃកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ បន្ទាប់ពីប្រធានាធិបតីអាមេរិកបានសម្រេចពន្យារពេលការអនុវត្តច្បាប់រយៈពេល៩០ថ្ងៃ លើបញ្ហាពាណិជ្ជកម្មនេះ ។ កាលពីឆ្នាំ២០២៤ កម្ពុជាក៏មិនខុសពីប្រទេសអាស៊ានផ្សេងទៀតឡើយ ។ កម្ពុជាមានពាណិជ្ជកម្មទ្វេភាគីជាមួយនឹងអាមេរិកជាង១០ពាន់លានដុល្លារ ប៉ុន្តែទំហំនេះតិចតួចណាស់ ខណៈដែលតំបន់ទាំងមូលមានពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកដល់ទៅ ៤៧៧ពាន់លានដុល្លារ ។ សម្រាប់អាស៊ានសហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មកំពូលលំដាប់ទី២ បន្ទាប់ពីចិន ។

សរុបទៅ កាលពីថ្ងៃទី២ ខែមេសា លោក ត្រាំ ប្រកាសពន្ធបដិការនេះ ហើយកំណត់ពេលអនុវត្តនៅថ្ងៃ៩ ខែមេសា ប៉ុន្តែនៅថ្ងៃនោះលោកក៏បានប្រកាសពន្យារពេល៩០ថ្ងៃទុក ពេលចរចា ។ ដូច្នេះពន្ធនេះអាចនឹងអនុវត្តនៅក្នុងរង្វង់ថ្ងៃ៧ ខែកក្កដា ខាងមុខ ។
ពីពេលនេះតទៅ វានៅសល់ជាង២ខែទៀត ប្រសិនបើមានការស្ទុះស្ទា ហើយសម្របសម្រួលជាមួយនឹងម៉ាឡេស៊ី ដែលកំពុងតែធ្វើជាប្រធានប្តូរវេនអាស៊ានវាអាចមានពេលដែរ ប្រសិនបើចង់សាកល្បងប្រើប្រាស់យន្តការអាស៊ាន ៕
ចែករំលែកព័តមាននេះ